(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងថា ការកែតម្រូវលិខិតប្រកាសពន្ធប្រចាំខែ និងប្រចាំឆ្នាំតាមប្រព័ន្ធអនឡាញ នឹងជួយសម្រួលកាន់តែច្រើនដល់សហគ្រាសជាប់ពន្ធ។

លោកបន្តថា សហគ្រាសងាយស្រួលក្នុងការគណនាដោយស្វ័យប្រវត្តិ នូវទឹកប្រាក់លម្អៀងត្រូវបង់ ឬយោងជាឥណទាន និងមានរក្សាទុកនៅប្រវត្តិនៃការស្នើសុំកែតម្រូវ ហើយអ្នកជាប់ពន្ធ អាចតាមដានស្ថានភាពនៃការស្នើសុំ និងមិនចាំបាច់ មកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីតាមដាននោះទេ។

ការលើកឡើងរបស់លោកអគ្គនាយក ធ្វើឡើងក្នុងកិច្ចប្រជុំពិនិត្យ ពិភាក្សា និងផ្តល់ធាតុចូលលើ សេចក្តីព្រាងនីតិវិធី និងរំហូរការងារនៃការកែតម្រូវលិខិតប្រកាសពន្ធប្រចាំខែ និងប្រចាំឆ្នាំ ដែលរៀបចំឡើងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យ ពិភាក្សា និងផ្តល់ធាតុចូលលើសេចក្តីព្រាងនៃការកែតម្រូវលិខិតប្រកាសពន្ធប្រចាំខែ និងប្រចាំឆ្នាំ ដែលនឹងដាក់ឱ្យអនុវត្តសម្រាប់អង្គភាពគ្រប់គ្រងអ្នកជាប់ពន្ធ ក្នុងការអនុវត្តលើការងារកែតម្រូវលិខិតប្រកាសនេះ ប្រកបដោយប្រសិទ្ធភាព អាចគ្រប់គ្រងបាន និងធានាបាននូវការប្រមូលចំណូលពន្ធប្រកបដោយចីរភាព។

គួរបញ្ជាក់ផងដែរថា ការអនុវត្តការងារកែតម្រូវលិខិតប្រកាសពន្ធប្រចាំខែ និងប្រចាំឆ្នាំ បច្ចុប្បន្នធ្វើឡើងតាមរយៈការស្នើសុំដោយ ផ្ទាល់នៅរដ្ឋបាលសារពើពន្ធ និងត្រូវបំពេញទម្រង់លិខិតប្រកាសពន្ធថ្មី ជំនួសឱ្យលិខិតប្រកាសពន្ធចាស់ដែលខុស។ ការអនុវត្តការងារបច្ចុប្បន្ន ធ្វើឱ្យការកែតម្រូវលិខិតប្រកាសពន្ធ នៅមិនទាន់គ្រប់គ្រងបានល្អ ដែលបង្កជាហានិភ័យដល់ការបាត់បង់ប្រាក់ពន្ធ-អាករផ្សេងៗ និងការកាត់កងឥណទានអាករលើតម្លៃបន្ថែម។

លើសពីនេះ ការអនុវត្តតាមរំហូរការងារកែតម្រូវលិខិតប្រកាសពន្ធ បច្ចុប្បន្នផ្តល់ផលលំបាកដល់អ្នកជាប់ពន្ធ ក្នុងការរៀបចំឯកសារស្នើសុំ និងតាមដានការឆ្លើយតបពីរដ្ឋបាលសារពើពន្ធ។ ម្យ៉ាងទៀត សម្រាប់មន្រ្តីពន្ធដារ ក៏មានផលលំបាកផងដែរ ក្នុងការគ្រប់គ្រង និងតាមដានការកែតម្រូវលិខិតប្រកាសរបស់សហគ្រាស។

ដោយឡែក សម្រាប់រំហូរការងារថ្មីនេះ អនុញ្ញាតឱ្យអ្នកជាប់ពន្ធអាចស្នើសុំធ្វើការកែតម្រូវលិខិត ប្រកាសពន្ធប្រចាំខែ និងប្រចាំឆ្នាំតាមប្រព័ន្ធអនឡាញ ដោយមិនចាំបាច់បំពេញសំណើសុំ និងភ្ជាប់ឯកសារពាក់ព័ន្ធ នៅរដ្ឋបាលសារពើពន្ធនោះឡើយ ដោយគ្រាន់តែបំពេញទិន្នន័យនៅក្នុងប្រព័ន្ធ និងតាមដានស្ថានភាពសំណើសុំ នៅក្នុងប្រព័ន្ធអនឡាញ របស់អគ្គនាយកដ្ឋានពន្ធដារ។

លោករដ្ឋមន្ត្រីប្រតិភូ បានស្នើឱ្យមានកិច្ចពិភាក្សាស៊ីជម្រៅ ដើម្បីពិនិត្យឱ្យបានល្អិតល្អន់ និងផ្តល់ធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយ លើនីតិវិធី រំហូរការងារ នៃការកែតម្រូវលិខិតប្រកាសពន្ធប្រចាំខែ ប្រចាំឆ្នាំ ឱ្យក្នុងន័យជំរុញប្រសិទ្ធភាពនៃការគ្រប់គ្រងការងារចាត់ចែងលិខិតប្រកាសពន្ធរបស់សហគ្រាស និងជួយសម្រួលដល់អ្នកជាប់ពន្ធក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធរបស់សហគ្រាសផងដែរ។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី គង់ វិបុល បានបញ្ជាក់ថា តាមការរំពឹងទុកថា ចំណូលពន្ធសម្រាប់ឆ្នាំ២០២២ អាចនឹងសម្រេចបានក្នុងរង្វង់១១៥% ឬលើសពីនេះធៀបនឹងផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។

ក្នុងនាមជាថ្នាក់ដឹកនាំអគ្គនាយកដ្ឋានពន្ធដារ លោកនៅតែបន្តប្តេជ្ញាយ៉ាងមុតមាំ ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ធ្វើយ៉ាងណាធានានូវប្រសិទ្ធភាពបន្ថែមទៀត ក្នុងការអនុវត្តការងារគ្រប់គ្រងប្រមូលចំណូលពន្ធ សម្រាប់ឆ្នាំ២០២២ សម្រាប់ជាគុណប្រយោជន៍នៃថវិកាជាតិ និងដើម្បីជាមូលដ្ឋានសម្រាប់អនុវត្តឆ្នាំ២០២៣។

លោកបានលើកឡើងថា ការគ្រប់គ្រងការកែតម្រូវលិខិតប្រកាសពន្ធមិនបានល្អ នឹងក្លាយជាហានិភ័យដល់ការបាត់បង់ប្រាក់ពន្ធ ការកាត់កងឥណទានអាករលើតម្លៃបន្ថែម។ ដូច្នេះ តាមរយៈយន្តការ Cross Check អគ្គនាយកដ្ឋានពន្ធដារ បានរកឃើញនិងបានចាត់វិធានការ ពន្ធដារជាបន្តបន្ទាប់ ចំពោះសហគ្រាសមួយចំនួន ដែលបានកាត់កងឥណទានអាករលើតម្លៃបន្ថែមមិនបានត្រឹមត្រូវ។

លោកលើកឡើងថា E-Tax Service បានផ្តល់សេវាគាំទ្រ និងជួយដោះស្រាយរាល់បញ្ហាប្រឈម ក្នុងការប្រើប្រាស់ប្រព័ន្ធនិងកម្មវិធី នានាតាមប្រព័ន្ធអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ៕