(ភ្នំពេញ)៖ គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ បានផ្ដល់ឥណទានដល់វិស័យសំណង់មានជាង ៤៦០០លានដុល្លារ នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២២នេះ។ ក្នុងនោះឥណទានដែលត្រូវបានផ្ដល់ដោយធនាគារមានជាង ៤២០០លានដុល្លារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានចំនួនជាង ៤០០លានដុល្លារ។

នេះបើយោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។

យោងតាមរបាយការណ៍បានឲ្យដឹងថា «ត្រីមាសទី៣ ឆ្នាំ២០២២នេះ គ្រឹះស្ថានឥណទាន ផ្ដល់ដោយធនាគារពាណិជ្ជ មានចំនួន ១៧ ៥៤៣.៨៦ប៊ីលានរៀល (ប្រហែលជាង ៤២០០លានដុល្លារ) កើនឡើង១៩.១ភាគរយ នេះបើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២១ មានចំនួន ១៤ ៧៣៣.៤៤ប៊ីលានរៀល (ប្រហែលជាង ៣,៥០០លានដុល្លារ)។

ចំណែកឯឥណទានដែលផ្ដល់ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដល់វិស័យសំណង់វិញ មានទឹកប្រាក់ចំនួន ១៧០៦.២៣ប៊ីលានរៀល (ប្រហែលជាង ៤០០លានដុល្លារ) កើនឡើង៣៥.១ភាគរយ នេះបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ មានចំនួន១២៦២.៧២ប៊ីលានរៀល (ប្រហែល៣០០លានដុល្លារ)។

ក្រសួងសេដ្ឋកិច្ចបញ្ជាក់ថា «វិស័យសំណង់រំពឹងថានឹងងើបឡើងវិញ ក្នុងអត្រា៣ភាគរយ ក្នុងឆ្នាំ២០២២ ដោយសារកំណើនការផ្តល់ឥណទាន លើវិស័យសំណង់បានបន្តកើនឡើង»

នៅត្រីមាសទី៣ ឆ្នាំ២០២២ ការអនុម័តលើសំណើគម្រោងសាងសង់ សរុបមានចំនួន ១,១៧៥គម្រោង កើនឡើង១៤៧គម្រោងស្មើនឹង ១៤.៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១។

ក្នុងនោះការកើនឡើងនៃគម្រោងប្រភេទសំណង់លំនៅឋាន ភូមិគ្រឹះ, សំណង់ឧស្សាហកម្ម, សំណង់សាធារណៈ (ថវិកាពីវិស័យឯកជន), និងសំណង់ផ្សេងៗ លើកលែងតែប្រភេទសំណង់ពាណិជ្ជកម្ម និងទេសចរណ៍៕