(បាងកក)៖ ក្រសួងធនធានធម្មជាតិ និងបរិស្ថានរបស់ប្រទេសថៃបានជំរុញឱ្យឧស្សាហកម្មទេសចរណ៍របស់ខ្លួនផ្តោតលើការចំណាយក្នុងមនុស្សម្នាក់ជាជាងចំនួនភ្ញៀវទេសចរមកទស្សនាសរុប ដើម្បីជួយថែរក្សាបរិស្ថាន ដោយផ្តល់អនុសាសន៍ឱ្យអនុវត្តគោលនយោបាយមួយចំនួនដូចជាការកំណត់ចំនួនភ្ញៀវចូលទស្សនានៅតំបន់ទេសចរណ៍ជាដើម។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Varawut Silpa-archa រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថានថា៖ «ការមានភ្ញៀវទេសចរច្រើនគឺជារឿងល្អសម្រាប់ប្រតិបត្តិករ ប៉ុន្តែយើងត្រូវតែស្វែងរកតុល្យភាពនៃធនធានរបស់យើងផងដែរ»

អាជ្ញាធរទេសចរណ៍ថៃ (TAT) បានកំណត់គោលដៅទេសចរណ៍ជិត ២០លាននាក់នៅឆ្នាំក្រោយ ដែលស្មើនឹងប្រហែល ៥០% នៃកម្រិតក្នុងឆ្នាំ២០១៩។

ថ្លែងទៅកាន់ប្រតិបត្តិករសណ្ឋាគារនៅឯកិច្ចប្រជុំប្រចាំខែរបស់សមាគមសណ្ឋាគារថៃ (THA) កាលពីថ្ងៃពុធ លោក Varawut បាននិយាយថា ជាមធ្យមភ្ញៀវទេសចរម្នាក់ប្រើប្រាស់ទឹក ៣០ លីត្រ និងផលិតកាកសំណល់មួយគីឡូក្រាមក្នុងមួយថ្ងៃ។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ទៀតថា ក្រសួងធនធានធម្មជាតិ និងបរិស្ថានថៃបានដាក់ចេញគោលនយោបាយកំណត់សមត្ថភាពទទួលភ្ញៀវទេសចរ ដើម្បីកំណត់ចំនួនភ្ញៀវទេសចរ និងរយៈពេលស្នាក់នៅក្នុងឧទ្យានជាតិមួយចំនួនរបស់ប្រទេសថៃរួចហើយ។

ឧទាហរណ៍ ឆ្នេរសមុទ្រ Maya ដ៏ល្បីល្បាញនៅក្រាប៊ី អនុញ្ញាតឱ្យភ្ញៀវចូលបានត្រឹមតែ ៣៨០នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ ដើម្បីផ្តល់បទពិសោធដ៏ល្អបំផុតដល់ភ្ញៀវទេសចរ និងថែរក្សាធនធានធម្មជាតិរបស់ទីតាំងនេះ។ គោលនយោបាយនេះធ្វើឡើងដោយផ្អែកលើការសិក្សាផ្សេងៗ។

លោកថ្លែងបន្តថា ការអនុវត្តគោលនយោបាយនេះនឹងមិនធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ទេ ដោយសារមនុស្សកាន់តែច្រើននឹងចង់ទៅទស្សនាគោលដៅដែលរក្សាបានល្អ ។

វិធានការផ្សេងទៀតរួមមានការប្រើភ្លែតហ្វមកក់តាមអ៊ីនធឺណិតដើម្បីទិញសំបុត្រចូល ហាមប្រើប្លាស្ទិកប្រើបានតែម្តងនៅក្នុងតំបន់នានា និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសុវត្ថិភាពដែលមានការរួមបញ្ចូលសម្រាប់អ្នកទេសចរ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕