(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូមអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកពន្ធដារ បានលើកឡើងថា ក្រុមហ៊ុន ឬសហគ្រាស ដែលបានបង់ពន្ធត្រឹមត្រូវ កុំមានការព្រួយបារម្ភពីការធ្វើសវនកម្ម របស់អគ្គនាយកដ្ឋានពន្ធដារ ព្រោះការធ្វើសវនកម្ម គឺជាម៉ែត្រមួយវាស់វែងពីអនុលោមភាព នៃអ្នកជាប់ពន្ធទាំងអស់។

លោក គង់ វិបុល ថ្លែងបែបនេះធ្វើឡើងនៅកម្មវិធីពិសេស ស្តីពី សវនកម្ម និងការតវ៉ាលើការកំណត់ពន្ធឡើងវិញ ដែលមានផ្សាយផ្ទាល់ តាមទំព័រហ្វេសប៊ុករបស់អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

លោកបានគូសបញ្ជាក់ថា យន្តការធ្វើសវកម្មនេះ មានសារៈសំខាន់ណាស់ សម្រាប់រដ្ឋបាលសារពើពន្ធ នៅគ្រប់ប្រទេសទាំងអស់ ដើម្បីកៀរគរចំណូលនៅពេលមធ្យម និងដើម្បីការពង្រឹងអនុលោមភាព ព្រមទាំងធ្វើឱ្យមានការប្រកួតប្រជែងស្មើភាពគ្នា។

លោកគូសបញ្ជាក់យ៉ាងដូច្នេះថា «អ្នកដែលបង់ពន្ធត្រឹមត្រូវ មិនត្រូវមានការព្រួយបារម្ភ ក៏ដូចជាមិនត្រូវខ្វល់អំពីការធ្វើសវនកម្មនេះទេ ព្រោះខ្ញុំជឿជាក់ថា ការធ្វើអាជីវកម្ម បើធ្វើត្រឹមត្រូវ វាគ្មានមូលហេតុណាមួយ ដែលពន្ធដារទៅចាប់ ហើយឱ្យទៅបង់ពិន័យនោះទេ គឺយើងធ្វើទៅតាមអ្វី ដែលជាក់ស្តែងទៅនឹងច្បាប់ ក៏ដូចជាការអនុវត្តប្រតិបត្តិការជាប្រចាំ លើកលែងតែអ្នកដែលធ្វើការប្រកាសបង់ពន្ធមិនស្មោះត្រង់ ដូចជាបង់ពន្ធមិនគ្រប់ទៅនឹងប្រតិបត្តិការរបស់ខ្លួន»

ការធ្វើសវនកម្ម គឺជាម៉ែត្រមួយវាស់អនុលោមភាពនៃសហគ្រាស និងអ្នកជាប់ពន្ធទាំងអស់ ដែលត្រូវធ្វើ ហើយកម្រិតអនុលោមភាពនៃសារពើពន្ធរបស់អ្នកជាប់ពន្ធ គឺមានការកើនឡើង គឺដោយសារយន្តការនេះ។

លោកបន្ថែមថា «យើងឃើញថាកម្រិតនៃអនុលោមភាពពីមួយឆ្នាំទៅមួយឆ្នាំ មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយសារតែយន្តការនៃការដាក់ចេញ និងធ្វើសវនកម្មនេះ ហើយការធ្វើសវនកម្មនេះទៀតសោត វាជាយុទ្ធសាស្រ្តស្នួលមួយ នៅក្នុងយុទ្ធសាស្រ្តកៀរគរចំណូល រយៈពេលមធ្យមនៅឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣នេះ»

កន្លងមកអគ្គនាយកដ្ឋានពន្ធដារ បានធ្វើការកែទម្រង់នៃការធ្វើសវកម្មនេះជាច្រើនលើក និងបានរៀបចំនូវប្រព័ន្ធសវនកម្ម តាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។

លោកអគ្គនាយកបន្ថែមថា ប្រសិនបើអ្នកជាប់ពន្ធ មិនយល់ស្របនឹងការធ្វើសវនកម្មរបស់មន្រ្តីសវនករ ពួកគេអាចមានសិទ្ធិតវ៉ា តាមរយៈការដាក់បណ្តឹងតវ៉ា មកអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បន្ទាប់ពីអគ្គនាយកដ្ឋានពន្ធដារ ចេញលិខិតជូនដំណឹងពីលទ្ធផលនៃការធ្វើសវនកម្ម ជូនអ្នកជាប់ពន្ធ ក្នុងរយៈពេល៣០ថ្ងៃ។ ក្នុងករណីដែលពិនិត្យឃើញថា មានការផ្តល់ភស្តុតាង ដើម្បីដោះបន្ទុក អគ្គនាយកដ្ឋានពន្ធដារនឹងធ្វើការដោះបន្ទុកដល់អ្នកជាប់ពន្ធ៕