(ប៉េកាំង)៖ ធនាគារកណ្តាលចិននឹងផ្តល់ប្រាក់កម្ចីចំនួន ២០០ពាន់លានយន់ (២៧,៩២ ពាន់លានដុល្លារ) ទៅឱ្យធនាគារពាណិជ្ជចំនួន ៦ ដើម្បីជំរុញការបញ្ចប់គម្រោងសាងសង់លំនៅឋានដែលជាប់គាំង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីរាយការណ៍របស់សារព័ត៌មានរដ្ឋចិន Economic Daily កាលពីថ្ងៃចន្ទថា ទេសាភិបាលរងធនាគារកណ្តាលចិនលោក Pan Gongsheng បាននិយាយក្នុងអំឡុងកិច្ចប្រជុំរួមគ្នារវាងធនាគារប្រជាជនចិន និងគណៈកម្មាធិការនិយតកម្មធនាគារ និងធានារ៉ាប់រងរបស់ចិនថា អាជ្ញាធរចិនកំពុងស្វែងរកមតិយោបល់ពីធនាគារពាណិជ្ជអំពីផែនការប្រតិបត្តិការរឹងមាំមួយសម្រាប់គោលនយោបាយនេះ ហើយនឹងដំណើរការផែនការនេះជាផ្លូវការក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។

លោក Pan ថ្លែងថា ផែនការនេះមានគោលបំណងកាត់បន្ថយហានិភ័យនៃការរីករាលដាលហានិភ័យអចលនទ្រព្យ ការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ម្ចាស់ផ្ទះ គាំទ្រតម្រូវការលំនៅឋានក្នុងចំណោមអ្នកទិញផ្ទះដំបូង និងតម្រូវការកែលម្អជីវភាពរស់នៅបច្ចុប្បន្ន។

លោក Pan បានបន្ថែមថា សាខានៅក្រៅប្រទេសរបស់ធនាគារធំៗគួរតែបង្កើនការគាំទ្ររបស់ពួកគេសម្រាប់ការធានាលើប្រាក់កម្ចីនៅក្រៅប្រទេសដែលផ្តល់ដោយក្រុមហ៊ុនអចលនទ្រព្យដែលមានគុណភាពខ្ពស់។

កាលពីសប្តាហ៍មុនទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា និយតករចិនបានដាក់ចេញវិធានការចំនួន១៦ រួមទាំងការពន្យារពេលការសងប្រាក់កម្ចី ដែលជាផ្នែកមួយនៃកញ្ចប់សង្គ្រោះដែលមានគោលបំណងជំរុញសាច់ប្រាក់ងាយស្រួលក្នុងវិស័យអចលនទ្រព្យ៕