(សិង្ហបុរី)៖ ក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មសិង្ហបុរី (MTI) បានឱ្យដឹងនៅថ្ងៃពុធថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះត្រូវបានព្យាករថានឹងធ្លាក់ចុះមកត្រឹមចន្លោះពី ០,៥ ភាគរយទៅ ២,៥ភាគរយនៅឆ្នាំ២០២៣ ក្នុងគ្រាដែលមានស្ថានភាពមិនច្បាស់លាស់ជាសកល ពោលគឺធ្លាក់ចុះពីកំណើនដែលព្យាករ ៣,៥ភាគរយនៅឆ្នាំនេះ។ នេះបើយោងតាមកាសែត Channel News Asia។

កាសែត Channel News Asia បានរាយការណ៍ដោយដកស្រង់សំដីរបស់ក្រសួង MTI ថា ចាប់តាំងពីខែសីហាមក ចក្ខុវិស័យតម្រូវការនៅខាងក្រៅរបស់ប្រទេសសិង្ហបុរីបានធ្លាក់ចុះបន្ថែមទៀត ដោយសារតែចក្ខុវិស័យកាន់តែខ្សោយសម្រាប់សេដ្ឋកិច្ចតំបន់ចាយប្រាក់អឺរ៉ូ ក្នុងគ្រាដែលមានវិបត្តិថាមពល ក៏ដូចជាសម្រាប់ប្រទេសចិន ខណៈដែលប្រទេសនេះប្រឈមនឹងការផ្ទុះឡើងនៃជំងឺកូវីដ និងការធ្លាក់ចុះទីផ្សារអចលនទ្រព្យ។

នៅក្នុងការព្យាកររបស់ខ្លួនសម្រាប់ឆ្នាំ២០២៣ ក្រសួង MTI បានឱ្យដឹងថា អត្រាកំណើនផលិតផលក្នុងស្រុកសរុប (GDP) នៅក្នុងប្រទេសសេដ្ឋកិច្ចសំខាន់ៗភាគច្រើនត្រូវបានរំពឹងថានឹងថមថយបន្ថែមទៀតពីអត្រាកំណើនក្នុងឆ្នាំ២០២២ ជាមួយនឹងការធ្លាក់ចុះយ៉ាងខ្លាំងដែលត្រូវបានព្យាករថានឹងកើតមាននៅសហរដ្ឋអាមេរិក និងតំបន់អឺរ៉ូ។

ការរំខានខាងផ្នែកផ្គត់ផ្គង់សកលទំនងជានឹងបន្តកើតមានបន្តទៅឆ្នាំក្រោយ ដោយសារសង្រ្គាមនៅអ៊ុយក្រែននៅតែបន្ត បើទោះបីជាវិសាលភាពនិងភាពញឹកញាប់នៃការរំខានត្រូវបានរំពឹងថានឹងថមថយក្តី។

នៅក្នុងត្រីមាសទី៣ ឆ្នាំនេះ សេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរីបានកើនឡើង ៤,១ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយបានធ្លាក់ចុះពីកំណើន ៤,៥ភាគរយនៅក្នុងត្រីមាសទី២។ នេះបើយោងតាមកាសែត Channel News Asia៕