(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងបន្តលើកលែងពន្ធលើប្រាក់ចំណូល ដល់ក្រុមហ៊ុន ក្នុងវិស័យស្រូវអង្ករចំនួន ៥ឆ្នាំបន្ថែមទៀត ដើម្បីជួយសម្រួលបន្ទុកចំណាយរបស់រោងម៉ាស៊ីន និងក្រុមហ៊ុននាំចេញអង្ករ។

ថ្លែងក្នុងឱកាសបើកកម្មវិធីមហាសន្និបាត និងការបោះឆ្នោតជ្រើសតាំងប្រធាន និងក្រុមប្រឹក្សាភិបាលសម្រាប់អាណត្តិទី៤ នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម មានប្រសាន៍ថា ក្នុងឆ្នាំ២០២២ នេះ ដោយមានការស្នើសុំពីសហព័ន្ធស្រូវអង្ករកម្ពុជា ក្រសួងពាណិជ្ជកម្មក៏បានខិតខំជួយ ដល់វិស័យស្រូវអង្ករកម្ពុជា ដោយបានធ្វើការស្នើទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីឱ្យបានបន្តនូវការជួយដល់វិស័យស្រូវអង្ករ លើការលើកទឹកចិត្តផ្នែកពន្ធដារ លើការលើកលែងពន្ធលើប្រាក់ចំណូលចំនួន៥ឆ្នាំបន្តទៀត ដល់ក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវ ដែលបានផុតអាយុកាលនៃការលើកលែងពន្ធ តាមសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ»។

លោកគូសបញ្ជាក់បន្ថែមថា «រាជរដ្ឋាភិបាលតែងតែគិតគូរ លើភាពប្រកួតប្រជែងដល់វិស័យស្រូវអង្ករកម្ពុជា ដោយផ្តល់អាទិភាពគ្រប់យ៉ាង រួមទាំងការផ្តល់នូវការលើកលែងពន្ធ គ្រប់ប្រភេទតាំងពីឆ្នាំ២០១១ រហូតដល់បច្ចុប្បន្ន ហើយបានបន្តការលើកលែងពន្ធបន្ថែមចំនួន ៥ឆ្នាំទៀតសម្រាប់សហគ្រាស ក្រុមហ៊ុន និងរោងម៉ាស៊ីនកិនស្រូវដែលអស់អាណត្តិ ដែលត្រូវទទួល ក្រៅពីនេះ ពន្ធនិងអាករផ្សេងៗ ដូចជាអាករលើតម្លៃបន្ថែម និងពន្ធកាត់ទុក ចំពោះសហគ្រាសគាំទ្រ និងសេវាកម្មនានាដែលបម្រើដល់ផលិតកម្មស្រូវ និងការនាំចេញអង្ករ ដូចជា ការលើកលែងទាំងស្រុងនូវថ្លៃសេវា ថ្លៃចំណាយលើការស្នើរសុំបែបបទនាំចេញគយ វិញ្ញាបនបត្របញ្ជាក់ប្រភពដើម»។

លោកបន្តថា វិស័យស្រូវអង្ករ គឺជាវិស័យដ៏សំខាន់មួយ ដែលរាជរដ្ឋាភិបាល បាននិងកំពុងជំរុញឱ្យមានការវិនិយោគបន្ថែម និងការពង្រីកទីផ្សារ ទៅកាន់ទីផ្សារអន្តរជាតិ។ ជាក់ស្ដែង ក្រសួងពាណិជ្ជកម្ម បានខិតខំស្វះស្វែងរកគ្រប់មធ្យោបាយ ក្នុងការជួយដល់វិស័យនេះ ឱ្យមានភាពប្រកួតប្រជែងកាន់តែប្រសើរឡើង ដោយកាលពីឆ្នាំ២០២០ និងឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្ម បានរៀបចំឱ្យមានការសិក្សាយ៉ាងស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ស្តីអំពីថ្លៃដើមពីការផលិតរហូតដល់នាំចេញអង្ករទៅកាន់ទីផ្សារ ដែលការងារនេះទទួលបានកិច្ចសហប្រតិបត្តិការ និងជួយផ្នែកហិរញ្ញវត្ថុពីកម្មវិធីខ្សែច្រវ៉ាក់កសិកម្មកម្ពុជា អូស្ត្រាលី (CAVAC) ដែលការសិក្សានេះ គឺជាមូលដ្ឋានយ៉ាងសំខាន់សម្រាប់រៀបចំយុទ្ធសាស្ត្រ និងផែនការលើកទឹកចិត្តនានា សម្រាប់ធ្វើឱ្យវិស័យស្រូវអង្ករកម្ពុជាយើងកាន់តែមានភាពប្រកួតប្រជែង។

លោកមានប្រសាសន៍ថា ការខិតខំបើកច្រកទីផ្សារស្រូវអង្ករ និងផលិតផលកែច្នៃដែលមានប្រភពវត្ថុធាតុដើមពីអង្ករ បានប្រព្រឹត្តិទៅយ៉ាងសកម្ម តាមរយៈការបញ្ចូលទំនិញទាំងនេះទៅក្នុងបញ្ជីទំនិញរបស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) ព្រមទាំងកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងនៅក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយប្រទេសនានា ដូចជាការចុះអនុស្សរណៈយោគយល់ ដើម្បីនាំអង្ករចេញកាន់ទីផ្សារប្រទេសចិន ទីម័រខាងកើត (Timor Lester) ហ្វីលីពីន បង់ក្លាដេស ។

ជាពិសេសជាមួយប្រទេសចិន ដែលយើងសម្រេចបាននូវការរីកចម្រើនលើការនាំចេញទៅកាន់ទីផ្សារប្រទេសចិន ដែលគ្របដណ្តប់លើបរិមាណនាំចេញសរុបរហូតដល់៥០% នៅក្នុងឆ្នាំ២០២១ ហើយខ្ញុំជឿជាក់ថា ឆ្នាំ២០២២នេះ នឹងបន្តកើនឡើងថែមទៀត ដោយសារយើងមានមូលដ្ឋាននៃការប្តេជ្ញាចិត្តខ្ពស់ពីប្រទេសចិន តាមរយៈការចុះអនុស្សរណៈយោគយល់គ្នាលើកទី៦ ចំនួន៤០ម៉ឺនតោន ដែលខ្ញុំបានទទួលការអនុញ្ញាតដ៏ខ្ពស់ខ្ពស់ពីអនុញ្ញាតដ៏ខ្ពស់ខ្ពស់ពី សម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតាមរយៈអនុស្សរណៈយោគយល់នេះនឹងជួយបើកផ្លូវឱ្យការនាំចេញបានយ៉ាងរលូន ដែលបានអនុវត្តន៍សម្រាប់រយៈពេល ១០ខែ គឺកើនបាន ១០.៦៧% ដែលមានបរិមាណសរុបចំនួន ៥០៩ ២៤៩ តោន ដែលគិតជាទឹកប្រាក់មានចំនួន ៣២៣.៩០ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះប្រទេសចិនគ្រប់ដណ្តប់លើការនាំចេញសរុបចំនួនជាង ៤៥% ស្របពេលដែលទីផ្សារសហគមន៍អឺរ៉ុប កំពុងវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។

លោកបានគូសបញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះក្រសួងពាណិជ្ជកម្មបាននិងកំពុងចរចាកិច្ចព្រមព្រៀងថ្មីបន្ថែមទៀត សម្រាប់ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ដែលអង្ករស្ថិតនៅក្នុងទំនិញអាទិភាពមួយដែលកម្ពុជារំពឹងថា នឹងពង្រីកនូវសក្តានុពលទីផ្សារថ្មីនៅក្នុងតំបន់មជ្ឈឹមបូព៌ា ដែលបច្ចុប្បន្នទីផ្សារតំបន់នេះនៅមានកម្រិតតិចតួចបំផុត ដែលសង្ឈឹមថា នឹងជួយបង្កើនការនាំចេញអង្ករកម្ពុជាកាន់តែច្រើនឡើងថែមទៀត។

ឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងថា ដំណើរការងារនាំចេញរបស់សមាជិក សមាជិការ សហព័ន្ធស្រូវអង្ករកម្ពុជា ត្រូវបានជួយជ្រោមជ្រែងយ៉ាងខ្លាំងពីរាជរដ្ឋាភិបាល ស្របពេលដែលសហព័ន្ធបានខិតខំយកចិត្តទុកដាក់ ក្នុងការជួយសម្របសម្រួល និងផ្តល់កិច្ចសហប្រតិបត្តិការ ដើម្បីឱ្យការងារអាចប្រព្រឹត្តិទៅដោយរលូន។

ជាមួយគ្នានេះ លោកបានថ្លែងបានអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រសួងពាណិជ្ជកម្ម ដែលបានផ្តល់នូវអទិភាពខ្ពស់ដល់សហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងការជំរុញការនាំចេញ និង ក្រសួងកសិកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំពោះការងារជួយដល់ការបន្តលើការលើកលែងពន្ធចំនួន៥ឆ្នាំ ដល់ក្រុមជាសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជាបន្តទៀត៕