(កំពត)៖ ក្រុមហ៊ុន បូកគោហ្វាម ជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនសុខាគ្រុប របស់អ្នកឧកញ៉ា សុខ គង់ អគ្គនាយកក្រុមហ៊ុន សូគីម៉ិច បានសម្រេចបោះទុនវិនិយោគ៥លានដុល្លារ លើការដាំបន្លែលើភ្នំបូកគោ និងគ្រោងពង្រីកការវិនិយោគបន្ថែមទៀត។

អ្នកនាង សៀ ចាន់រ៉ា នាយិកាផ្នែកលក់ និងទីផ្សារ នៃក្រុមហ៊ុន បូកគោហ្វាម បានឲ្យដឹងថា ក្រុមហ៊ុនបានវិនិយោគកសិដ្ឋានដាំបន្លែធម្មជាតិ លើកំពូលភ្នំបូកគោ តាំងពីឆ្នាំ២០១២ ដោយដាំនៅលើដី ប៉ុន្តែចាប់ពីឆ្នាំ២០១៧ ក្រុមហ៊ុនបានកែប្រែជា Hydroponic Farm ដែលជាការដាំបន្លែនៅលើទឹក ក្នុងទំហំផ្ទៃដីទំហំ១២ហិកតា។

អ្នកនាងបន្តថា «បន្លែដែលដាំនៅកសិដ្ឋាននេះ មានលក្ខណៈពិសេស ដោយមិនប្រើប្រាស់សារធាតុគីមី និងថ្នាំសម្លាប់សត្វល្អិតឡើយ ដោយយើងប្រើប្រាស់តែជីសរីរាង្គប៉ុណ្ណោះ»

អ្នកនាងបន្ថែមថា «បន្លែដែលដាំនៅកសិដ្ឋាននេះ មានគុណភាពខ្ពស់ មានរសជាតិឆ្ងាញ់ និងជួយដល់សុខភាពអ្នកបរិភោគ ព្រោះវាជាបន្លែដែលដាំនៅទីតាំងពិសេស មានអាកាសធាតុត្រជាក់ពេញមួយឆ្នាំ ព្រោះវាស្ថិតនៅលើភ្នំមានកម្ពស់រហូតដល់១,០៧៥ម៉ែត្រ»

អ្នកនាង សៀ ចាន់រ៉ា បានលើកឡើងផងដែរថា ជាមួយនឹងការដាំដោយយកចិត្តទុកដាក់ និងមានសំណាញ់សុវត្ថិភាព ការពារមិនឲ្យសត្វល្អិតចូលបែបនេះ បានធ្វើឲ្យតម្រូវការ និងការបញ្ជាទិញពីអតិថិជនកើនឡើង ជាហេតុធ្វើឲ្យក្រុមហ៊ុនសិក្សា ពង្រីកទុនវិនិយោគបន្ថែមទៀត។

អ្នកនាងបន្តថា បន្លែដែលដាំនៅកសិដ្ឋានធម្មជាតិលើភ្នំបូកគោ មានចំនួនជាង៣០ប្រភេទ ដែលវាជាពូជបន្លែចម្រុះ និងប្រើប្រាស់សម្រាប់ចែកចាយនៅតាមសណ្ឋាគារទាំង៧ របស់ក្រុមហ៊ុនសុខាអូតែល និងចែកចាយទៅកាន់អតិថិជនបានប្រមាណ៨០ភាគរយ។

អ្នកនាងសៀ ចាន់រ៉ា បានឲ្យដឹងទៀតថា អតិថិជនអាចរកទិញបន្លែនេះ បាននៅតាមផ្សារទំនើបធំៗមួយចំនួន និងម៉ាតរបស់ក្រុមហ៊ុនសុខា ស្ថិតនៅលើផ្លូវក្រមួន «ស» ខាងជើងផ្សារធំថ្មីផងដែរ។ បច្ចុប្បន្នកសិដ្ឋាននេះ អាចប្រមូលផលបន្លែបាន១៥០០គីឡូក្រាមក្នុងមួយថ្ងៃ៕