(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងអបអរសាទរ និងអំណរគុណចំពោះក្រុមហ៊ុន City Rice Import Export ដែលបាននាំយក «អង្កររំដួល» របស់កម្ពុជាទៅចូលរួមប្រកួតក្នុងវេទិកាស្រូវ-អង្ករពិភពលោក រហូតទទួលបានពានរង្វាន់លេខ១ ជា «អង្ករល្អដាច់គេ»

ការថ្លែងបែបនេះ ធ្វើឡើងក្នុងកិច្ចជំនួបរវាងលោករដ្ឋមន្ត្រីជាមួយនឹង លោកឧកញ៉ា ឡាយ ឈុនហួ អគ្គនាយកក្រុមហ៊ុន City Rice Import Export និងសហការី នៅទីស្ដីការក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមការសម្របសម្រួលពីលោក ចាន់ សុខទី ប្រត្តិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកក្រុមហ៊ុនហ្រ្គីនត្រេដ។

លោករដ្ឋមន្ត្រីបន្តថា លោកពិតជាមានសេចក្ដីសោមនស្សរីករាយ ចំពោះលទ្ធផលដែលអង្ករកម្ពុជាទទួលបាននេះ ព្រោះវាជាឧត្តមភាព និងកិត្យានុភាពនៃវិស័យស្រូវអង្ករកម្ពុជា ក្នុងការប្រកួតប្រជែងជាមួយអង្ករនាំចេញ របស់ប្រទេសនានាលើពិភពលោកលើសពីនេះ ការទទួលជ័យលាភីកម្រិតពិភពលោករហូតដល់ទៅ៥ឆ្នាំនេះ គឺពិតជាមោទនភាពដ៏ធំរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសហព័ន្ធស្រូវអង្ករកម្ពុជា សមាជិកជាដៃគូ សហគមន៍កសិកម្ម ព្រមទាំងប្រជាកសិករ ដែលបានខិតខំប្រឹងប្រែងរាប់ចាប់តាំងពីការដាំដុះ រហូតដល់ការកែច្នៃអង្ករ ឱ្យមានគុណភាពកម្រិតស្តង់ដា រហូតធ្វើឱ្យកេរ្តិ៍ឈ្មោះស្រូវអង្ករកម្ពុជា មានភាពល្បីល្បាញកាន់តែខ្លាំង និងទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន។

ជាមួយគ្នានេះ លោកឧកញ៉ា ឡាយ ឈុនហួ លើកឡើងផងដែរថា កិត្តិនាមដែលទទួលបាននេះ នឹងជួយផ្សព្វផ្សាយពីគុណភាពអង្ករកម្ពុជាកាន់តែច្រើន ពិសេសធ្វើឱ្យគេស្គាល់ពីគុណភាពអង្ករកម្ពុជា។

លោកឧញ៉ា បញ្ជាក់ជូនថា ដើម្បីទទួលបានជយលាភីនេះ អង្ករកម្ពុជាត្រូវឆ្លងកាត់ការត្រួតពិនិត្យ ទៅលើចំណុចជាច្រើនដូចជា រូបរាងគ្រាប់អង្ករ, ភាពទន់, ក្លិន និងរសជាតិ ជាដើម។

សូមជម្រាបជូនថា កន្លងមកអង្ករកម្ពុជាធ្លាប់ឈ្នះពានអង្ករល្អជាងគេបំផុតក្នុងពិភពលោក ចំនួន ៤ លើករួចមកហើយ ដោយឈ្នះ ៣ ឆ្នាំជាប់ៗគ្នា គឺឆ្នាំ ២០១២, ២០១៣ និង ២០១៤ និងចុងក្រោយក្នុងឆ្នាំ ២០១៨ នៅប្រទេសវៀតណាម។ ក្រៅពីនោះអង្ករកម្ពុជា ក៏ធ្លាប់ទទួលបានលេខ ២ ក្នុងឆ្នាំ ២០១៥, ២០១៦ និងឆ្នាំ ២០១៧ ផងដែរ៕