(តូក្យូ)៖ អតិផរណាទំនិញប្រើប្រាស់ស្នូលរបស់ប្រទេសជប៉ុនបានកើនឡើងដល់កម្រិតខ្ពស់រយៈពេល ៤០ឆ្នាំក្នុងខែតុលា ដោយសារការធ្លាក់ថ្លៃប្រាក់យ៉េនបានជំរុញឱ្យតម្លៃទំនិញនាំចូលកើនឡើង ដែលបានឡើងថ្លៃរួចស្រាប់ទៅហើយដោយសារឧបសគ្គនៃការផ្គត់ផ្គង់សកល។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទិន្នន័យបានបង្ហាញថា ក្រុមហ៊ុនជប៉ុនអាចនឹងបោះបង់ផ្នត់គំនិតបរិត្តផរណារបស់ពួកគេ ខណៈដែលពួកគេដំឡើងថ្លៃទំនិញបន្តិចម្តងៗរាប់ពីប្រេងឥន្ធនៈរហូតដល់ម្ហូបអាហារ ខណៈពេលដែលក្រុមហ៊ុនទាំងនោះកំពុងស្ថិតក្រោមសម្ពាធអតិផរណាដែលជំរុញដោយសារថ្លៃដើម។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ស្នូល (CPI) ទូទាំងប្រទេសជប៉ុន ដែលមិនរាប់បញ្ចូលតម្លៃអាហារស្រស់ៗដែលងាយប្រែប្រួលតម្លៃ ប៉ុន្តែរួមបញ្ចូលតម្លៃថាមពល បានកើនឡើង ៣,៦ភាគរយនៅខែតុលាឆ្នាំនេះធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ធៀបនឹងកំណើន ៣,៥ភាគរយដែលព្យាករដោយក្រុមសេដ្ឋកិច្ចវិទូ។ កាលពីខែកញ្ញា សន្ទស្សន៍តម្លៃទំនិញនេះកើនឡើង ៣ភាគរយ។

កំណើននេះបង្កើតបានជាកំណើនខ្ពស់បំផុតគិតចាប់តាំងពីខែកុម្ភៈ ឆ្នាំ១៩៨២មក ហើយអត្រានេះក៏មានកម្រិតខ្ពស់ជាងទិសដៅអតិផរណារបស់ធនាគារកណ្តាលជប៉ុន (BOJ) ដែលមាន ២ភាគរយផងដែរ។ អត្រាខ្ពស់ជាងទិសដៅនេះកើតមានរយៈពេលប្រាំពីរខែជាប់ៗគ្នា។

ទោះបីជាមានការកើនឡើងសម្ពាធតម្លៃដែលជាក្តីបារម្ភកាន់តែខ្លាំងឡើងសម្រាប់គ្រួសារពលរដ្ឋជប៉ុនក៏ដោយ ក៏ធនាគារកណ្តាលជប៉ុននឹងមិនចូលរួមក្នុងនិន្នាការសកលនៃការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុតាមរយៈការដំឡើងអត្រាការប្រាក់នោះដែរ។

ទេសាភិបាលធនាគារកណ្តាលលោក Haruhiko Kuroda បានរំលឹកឡើងវិញនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះអំពីការប្តេជ្ញាចិត្តរក្សាវិធានការជំរុញរូបិយវត្ថុនៅដដែលដើម្បីគាំទ្រដល់សេដ្ឋកិច្ចផុយស្រួយរបស់ជប៉ុន ដែលកំពុងប្រឈមនឹងអតិផរណាដែលនៅតែទន់ខ្សោយ និងផលវិបាកពីវិបត្តិជំងឺកូវីដ-១៩។

លោក Kuroda បានលើកឡើងថា ថ្លៃដើមទំនិញសកលចូលរួមចំណែកពាក់កណ្តាលដល់ការឡើងថ្លៃទំនិញប្រើប្រាស់ ហើយអតិផរណាដែលជំរុញដោយថ្លៃដើមទំនិញនឹងមិនកើតមានយូរនោះទេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕