(ភ្នំពេញ)៖ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានបង្ហាញពីរបៀប ឬលក្ខខណ្ឌដល់អ្នកប្រកបរបរ ក្នុងវិស័យកសិកម្ម ដូចជា កសិករ អ្នកចិញ្ចឹមសត្វ អ្នកផលិត និងអ្នកកែច្នៃ ក្នុងការប្រើប្រាស់អគ្គិសនី ឱ្យទទួលបានផលចំណេញ យ៉ាងណាស់ពី ៨ ដល់ ១២% ពីការអនុវត្តគោលនយោបាយអនុគ្រោះថ្លៃអគ្គិសនី ដើម្បីកាត់បន្ថយការចំណាយថ្លៃដើម និងបង្កើនផលចំណេញ។

លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជាបានពន្យល់ថា «អ្នកប្រើប្រាស់ អគ្គិសនីសម្រាប់ការបូមទឹកធ្វើកសិកម្ម និងអ្នកប្រើប្រាស់ គ្រប់ប្រភេទ ក្នុងវិស័យកសិកម្ម អាចជ្រើសរើសលក្ខខណ្ឌនៃការទិញ ទៅតាមតម្រូវការប្រើប្រាស់ជាក់ស្តែងរបស់ខ្លួន ដែលមាន៤ប្រភេទ។ អ្នកប្រើប្រាស់ក្នុងវិស័យកសិកម្ម អាចស្នើសុំទិញភ្លើងពីបណ្តាញជាតិមាន ៤ប្រភេទ គឺទី១. ការទិញភ្លើងតង់ស្យុងមធ្យម ទី.២ ការទិញលើតង់ស្យុងទាប ក្រោមត្រង់ស្វ័ររបស់អ្នកប្រើប្រាស់ ទី៣. ការទិញលើតង់ស្យុងទាបដែរ តែក្រោមត្រង់ស្វ័រ អ្នកលក់ និងទី៤. ការទិញពីខ្សែបណ្តាញសាធារណៈ សម្រាប់អ្នកចិញ្ចឹមមាន់ ទារ ក្នុងរូបភាពតូចតាច ដែលប្រើត្រឹម៥០អំពែ ឬ១០០អំពែ»

លោកបន្តថា ចំពោះការប្រើប្រាស់ពី៧ព្រឹក ដល់៩យប់ សម្រាប់តម្លៃតង់ស្យុងមធ្យម មានតម្លៃ១៣.៧០សេន ក្នុងមួយគីឡូវ៉ាត់។ រីឯការទិញលើតង់ស្យុងទាប ក្រោមត្រង់ស្វ័ររបស់អ្នកប្រើប្រាស់តម្លៃ ០.១៤២៤៨ ដុល្លារ ក្នុងមួយគីឡូវ៉ាត់ម៉ោង ។ ការទិញលើតង់ស្យុងទាបដែរ ក្រោមត្រង់ស្វ័រ អ្នកលក់តម្លៃមធ្យម ០.១៥០៤៨ ដុល្លារ ក្នុងមួយគីឡូវ៉ាត់ម៉ោង និងការទិញពីខ្សែបណ្តាញសាធារណៈ មានតម្លៃជាធម្យម ៧៣០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង។ ដោយឡែកការប្រើប្រាស់នៅពេលយប់ ចាប់ពីម៉ោង៧យប់ ដល់ម៉ោង៩ព្រឹក គឺមានតម្លៃ ៤៨០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោងដូចៗគ្នា។

លោកកត់សម្គាល់ថា សម្រាប់អ្នកប្រើប្រាស់ប្រភេទតង់ស្យុងមធ្យម អាចប្រើជាមធ្យមប្រមាណ ៥ម៉ឺនគីឡូវ៉ាត់ក្នុងមួយខែ។ អ្នកប្រើប្រាស់ ប្រភេទតង់ស្យុងទាប ជាមធ្យមប្រមាណ២ម៉ឺនគីឡូវ៉ាត់ និងអ្នកដែលទិញពីខ្សែបណ្តាញសាធារណៈ អាចប្រើប្រាស់ក្នុងរង្វង់ ៥ពាន់គីឡូវ៉ាត់ក្នុងមួយខែ។

លោកបានបញ្ជាក់ថា តាមការគណនីសាកល្បង អ្នកប្រើប្រាស់ទាំង៤ប្រភេទនេះ ទទួលបានផលចំណេញពីអត្រាថ្លៃលក់នេះពី ៨%ទៅ១២% ប្រសិនបើគាត់ប្រើប្រាស់ ពេលថ្ងៃ ៥០% និងពេលយប់ ៥០%។ ហើយសម្រាប់អ្នកប្រើប្រាស់កាន់តែច្រើន នឹងទទួលបានផលចំណេញកាន់តែច្រើន។

ចាប់ពីឆ្នាំ២០២១មក ការអនុគ្រោះថ្លៃអគ្គិសនីនេះ ត្រូវបានក្រសួងពង្រីកវិសាលភាពកាន់តែទូលាយជាងមុន ពោលគឺគ្រប់ដណ្តប់លើអតិថិជនទាំងអស់ ដែលប្រើប្រាស់សម្រាប់វិស័យកសិកម្ម គ្រប់ប្រភេទាំងអស់ រាប់ចាប់ពីអ្នកចិញ្ចឹមសត្វ អ្នកដាំដុះកសិ-ឧស្សាហកម្ម និងវារីប្បករ ដែលប្រើប្រាស់ចំពោះសកម្មភាពទាំងឡាយណា ដែលបម្រើដល់វិស័យកសិកម្ម ដូចជា ការបូមទឹក ការសម្ងួត ការផលិតជីកសិកម្ម ម៉ាស៊ីកិនស្រូវ រោងចក្រកែច្នៃម្ហូបអាហារ ភេសជ្ជៈ និងរោងចក្រផលិតចំណីសត្វជាដើម។

ក្នុងវេទិកាសន្ទនា ស្តីពីការប្រើប្រាស់ថាមពលអគ្គិសនី សម្រាប់វិស័យកសិកម្ម ដែលបានរៀបចំឡើង កាលពីដើមសប្តាហ៍លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានថ្លែងថា បន្ទាប់ពីបានដាក់ចេញនូវគោលនយោបាយអនុគ្រោះថ្លៃលក់ ជាង១ឆ្នាំមកនេះ សម្រាប់វិស័យកសិកម្ម ដែលប្រើនៅពេលយប់ នៅមិនទាន់មានការអនុវត្តជាទូទៅនោះឡើយ ដោយសារអ្នកប្រើប្រាស់ក្នុងវិស័យនេះ មិនទាន់យល់ដឹងអំពីការអនុគ្រោះថ្លៃនេះ។

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបង្ហាញនូវការជឿជាក់ថា ប្រសិនបើបងប្អូនកសិករ អ្នកចិញ្ចឹមសត្វ និងអ្នកផលិត អនុវត្តន៍បានពេញលេញ នូវគោលនយោយបាយអនុគ្រោះថ្លៃអគ្គិសនី សម្រាប់វិស័យកសិកម្មរបស់រាជរដ្ឋាភិបាលនោះ ការចំណាយថ្លៃដើមនឹងត្រូវកាត់បន្ថយ ហើយផលចំណេញនឹងមានកាន់តែច្រើនជាងមុន៕