(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់អាកាសចរស៊ីវិលបានឱ្យដឹងថា​ គម្រោងអាកាសយានដ្ឋានអន្តរជាតិតារាសាគរខេត្តកោះកុង ដែលគ្រោងដាក់ឲ្យដំណើរការសាកល្បងនៅចុងឆ្នាំ២០២២ ខាងមុខនេះ​ អាចត្រូវពន្យារពេលក្នុងការដាក់ដំណើរការ យ៉ាងហោចណាស់ពី៣ទៅ៦ខែបន្ថែមទៀត។

លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល ​បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា មូលហេតុជាក់លាក់នៃការពន្យារពេល​ ក្នុងការដាក់ដំណើរការព្រលានយន្តហោះនេះ មិនទាន់ត្រូវបានបញ្ជាក់នោះទេ តែអាចបណ្តាលមកពីវិបត្តិសេដ្ឋកិច្ចសា​កល ​និងវិធានការនៃការរិតត្បិតនៃការធ្វើដំណើរដោយសារបញ្ហាកូវីដ១៩ ដែលជះឥទ្ធិពលដល់ការពន្យារពេលនេះ។

​លោកបន្ថែមថា ម្យ៉ាងវិញទៀតការពន្យារពេលនេះ​ ក៏អាចបណ្តាលមកពីក្រុមហ៊ុនជួបបញ្ហាលំហូរសាច់ប្រាក់ មានភាពយឺតយ៉ាវ ​ ខណៈដែលវិធានការគ្មានកូវីដ-១៩ របស់រដ្ឋាភិបាលចិន ក៏បណ្តាលឱ្យក្រុមហ៊ុនជួបបញ្ហារាំងស្ទះ​ការដឹកជញ្ជូនសម្ភារបរិក្ខាមួយចំនួន​ផងដែរ។ ​ព្រមជាមួយគ្នានេះ ក្រុមហ៊ុនមានការរាំងស្ទះ ក្នុងការបំពេញបែបបទពាក់ព័ន្ធសន្តិសុខ និងសុវត្ថិភាព។ ​ប៉ុន្តែយ៉ាងណាមិញ ការពន្យារពេលនៃការដាក់ដំណើរការព្រលានយន្តហោះនេះ ក្រុមហ៊ុន​មិនទាន់បានដាក់សំណើរផ្លូវការ មកកាន់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល​នោះទេ។ ​

គួរជម្រាបថា កាលពីចុងខែមេសា ឆ្នាំ២០២២នេះ អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ​ បានចាប់ផ្តើមដំណើរ​តេស្តការហោះហើរ និងឧបករបច្ចេកទេស ​ដើម្បីធានាថា ឧបករណ៍ទាំងនោះ ឆ្លើយតបបានទៅនឹងស្តង់ដារគុណភាព អនុលោមទៅតាមលក្ខខណ្ឌតម្រូវការសុវត្ថិភាពនៃការហោះហើរ​ មុននឹងដាក់ដំណើរការ ដែលបានគ្រោងនៅចុងឆ្នាំ២០២២នេះ។

​អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ស្ថិតក្នុងស្រុកបុទមសាគរ ខេត្តកោះកុង ជាវិនិយោគដោយក្រុមហ៊ុនចិន Union Development Group ​ក្នុងទំហំទឹកប្រាក់២០០លានដុល្លារ (ដំណាក់កាលទី១) ជាការវិនិយោគសម្រាប់គាំទ្រ ដល់ពហុបំណង វិស័យទេសចរណ៍។ អាកាសយានដ្ឋាននេះ មានសមត្ថភាពផ្តល់ការចុះចតប្រភេទយន្តហោះលំដាប់4E បាន ដូចជាយន្តហោះប្រភេទ Boeing-777 និង Airbus A-340/A-350 ។ល។

យោងតាមរបាយការណ៍អាកាសចរស៊ីវិល ក្នុងរយៈពេល១០ខែ ឆ្នាំ២០២២នេះ កម្ពុជាទទួលបានភ្ញៀវតាមផ្លូវអាកាសចំនួន ១.៦៧លាននាក់ និង កំណើនជើងហោះហើរ បានកើនឡើងដល់ជាង២ម៉ឺនជើង កើនឡើងជាង១០០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ខណៈការដឹកជញ្ជូនទំនិញមានចំនួនជាង៤៧០០០តោន៕