(ភ្នំពេញ)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រុជំបន្ទាន់ ជាមួយតំណាងសហព័ន្ធស្រូវអង្ករកម្ពុជា ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងម្ចាស់ក្រុមនាំចេញអង្ករ ដើម្បីពិភាក្សាលើបញ្ហាតម្លៃស្រូវនៅតាមតំបន់ខេត្តសក្តានុពលរួមមាន ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ និងខេត្តព្រៃវែងជាដើម និងស្ថានភាពនៃការនាំចេញអង្ករកម្ពុជា។

ក្នុងកិច្ចពិភាក្សានេះ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ បានធ្វើបច្ចុប្បន្នភាពនៃស្ថានភាពប្រមូលទិញស្រូវ និងតម្លៃស្រូវនៅតាមតំបន់គោលដៅ និងម្ចាស់ក្រុមនាំចេញអង្ករ បានធ្វើបច្ចុប្បន្នភាពនៃទីផ្សារអង្ករអន្តរជាតិ និងការបញ្ជាទិញពីប្រទេសចិន និងសហភាពអឺរ៉ុបជាដើម។

បណ្ឌិត កៅ ថាច បានស្នើឱ្យបណ្តារោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករ បន្តជួយទិញស្រូវប្រជាកសិករក្នុងតម្លៃសមរម្យ និងជុំរុញការនាំចេញអង្ករកម្ពុជា ព្រមទាំងកំណត់នូវតំបន់នៃការប្រមូលទិញស្រូវពីប្រជាកសិករ។

សូមជម្រាបថា ប៉ុន្មានថ្ងៃមុននេះ ប្រជាកសិករនៅខេត្តបាត់ដំបង និងបន្ទាយមានជ័យ បានជួបបញ្ហាស្រូវផ្ការំដួលធ្លាក់ថ្លៃ តែពេលនេះដោយសារមានការពីក្រសួងស្ថាប័នពាក់ព័ន្ធ ជាមួយរោងម៉ាស៊ីនកិនស្រូវ បញ្ហាថ្លៃស្រូវនេះត្រូវបានដោះស្រាយ។

រោងម៉ាស៊ីនកិនស្រូវបៃតងរបស់ឧកញ៉ា ភូ ពុយ បានស្មគ្រចិត្តចូលរួមសហការជាមួយរាជរដ្ឋាភិបាលដោយ ក្នុងការដាក់ចេញនូវគោលការណ៍រក្សាស្ថេរភាពថ្លៃស្រូវ ដោយបានកំណត់នូវថ្លៃធានាទិញគោល សម្រាប់ស្រូវផ្ការំដួលប្រភេទលេខ១ មិនឱ្យក្រោម ៩បាត/គីឡូក្រាម ឬ ១០៤០រៀល/គីឡូក្រាមនោះទេ៕