(ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការចូលរួមសន្និសីទស្រូវអង្ករពិភពលោក ឆ្នាំ២០២២ និងការទទួលពានរង្វាន់ «អង្ករល្អបំផុតពិភពលោក»។

សេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកានេះបញ្ជាក់ថា គណៈប្រតិភូរបស់សហព័ន្ធស្រូវអង្ករកម្ពុជា ដឹកនាំដោយ លោកស្រី គីម ស្រីរ័ត្ន អនុប្រធានសហព័ន្ធ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិ ទទួលបន្ទុកផ្នែកទីផ្សារ និងជំរុញការនាំចេញ នៃសហព័ន្ធស្រូវអង្ករកម្ពុជា បានចូលរួមសន្និសីទ ស្រូវអង្ករពិភពលោកដែលរៀបចំដោយ វិទ្យាសា្ថនអន្តរជាតិ (The International Commodity Institute-ICI) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលកម្មវិធីនេះប្រព្រឹត្តឡើងនៅតំបន់ទេសចរណ៍នៃខេត្តភូកេត ប្រទេសថៃ និងមានអ្នកចូលរួមប្រមាណជាជាង ៧០០នាក់ មកពីជាង ៣០ប្រទេស។

នៅក្នុងវេទិកាពិភពលោកនេះ លោកស្រី គីម ស្រីរ័ត្ន បានធ្វើបទអន្តរាគមន៍ ដោយលើកអំពីវឌ្ឍនៈភាពនៃការរីកចម្រើន របស់វិស័យស្រូវអង្ករជាពិសេស គឺវឌ្ឍនភាពលើការដឹកជញ្ជូន ដែលជាកត្តាស្នូលនៃថ្លៃដើមសម្រាប់ការនាំចេញអង្ករ ដែលក្នុងនោះការបើកដំណើរការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ជាការប្រសើរឡើងនៃការដឹកជញ្ជូនតាមផ្លូវដែក ដែលក្រុមហ៊ុននាំចេញអង្ករជាច្រើន ចាប់ផ្តើមប្រើប្រាស់។

ការស្តារឡើងវិញនូវកំពង់ផែទាំងអស់ រួមមានកំពង់ផែក្រុងព្រះសីហនុ លើទីចំណតពហុបំណង កំពង់ផែភ្នំពេញ និងកំពង់ផែខេត្តកំពត ដែលកំពុងដំណើរការសាងសង់ និងជាមូលដ្ឋានយូរអង្វែងសម្រាប់ភាពប្រកួតប្រជែង លើការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

លោកស្រីអនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានបង្ហាញអំពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលក្រោមកិច្ចដឹកនាំ និងនាំមកនូវសន្តិភាពរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជំរុញឱ្យកម្ពុជាអាចមានលទ្ធភាព អភិវឌ្ឍន៍គ្រប់វិស័យ រួមទាំងវិស័យស្រូវអង្ករ ដែលជាវិស័យអាទិភាព តាមរយៈការបែងចែកការងារទៅតាមស្ថានប័នជំនាញជាច្រើន រួមមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាសេនាធិការលើការងារជំរុញផលិតកម្មស្រូវពូជ និងការអភិវឌ្ឍពូជស្រូវដែលឆ្លើយតបនឹងទីផ្សារ និងការប្រែប្រួលបរិយាកាស ក្រសួងពាណិជ្ជកម្មបានខិតខំបើកទីផ្សារ និងជំរុញម៉ាកអង្ករកម្ពុជាតួយ៉ាងការចុះបញ្ជីម៉ាកអង្ករ «ម្លឹះអង្គរ» ជាម៉ាកវិញ្ញាតកម្ម ម៉ាកសមូហភាពអង្ករពូជស្រូវសែនក្រអូប០១ «SKO» និងពូជស្រូវដំណើបស្បៃមង្គល «DSMK» ការជួយអន្តរាគមន៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម លើការផ្តល់ឥណទានសម្បទាន ក្នុងការសាងសង់ឃ្លាំង ពង្រីកសក្តានុពលកិនកែច្នៃ ស្តង់ដារផលិតកម្ម និងទុនបង្វិលទិញស្រូវក្នុងរដូវប្រមូលផល។

លោកស្រីអនុប្រធានក៏បានអំពាវនាវ និងអញ្ជើញភ្ញៀវទាំងអស់មកទស្សនា និងទស្សនៈកិច្ចអាជីវកម្ម រួមទាំងមកវិនិយោគ លើវិស័យស្រូវអង្ករនៅកម្ពុជាផងដែរ។

នៅក្នុងព្រឹត្តិការណ៍ដ៏ល្អនេះ សហព័ន្ធស្រូវអង្ករកម្ពុជា ក្រោមការណែនាំរបស់ឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា និងឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បាននាំយកនូវសំណាកអង្ករចំនួន ២គីឡូក្រាម មកចូលរួមប្រកួតប្រជែង សម្រាប់ពានរង្វាន់អង្ករល្អបំផុតពិភពលោក ដែលសំណាកអង្ករគម្រូនេះ គឺជាប្រភេទអង្ករពូជស្រូវផ្ការំដួល ដែលទើបប្រមូលផលថ្មីៗ នៅក្នុងខេត្តបាត់ដំបង ដែលកិន និងសម្រិតសម្រាំង ដោយរោងម៉ាស៊ីនកិនស្រូវ ឡាយ សែ និងក្រុមហ៊ុន City Rice Import Export Co.Ltd មានមូលដ្ឋាននៅក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង។

ជាលទ្ធផល អង្ករពូជស្រូវផ្ការរំដួល ដែលស្ថិតក្រោមម៉ាកវិញ្ញាតកម្ម «ម្លិះអង្គរ» ត្រូវបានជាប់ជាអង្ករល្អបំផុតពិភពលោក ដែលជ្រើសរើសចេញពីវត្ថុសំណាកអង្ករគម្រូចំនួនជាង ៤០សំណាកអង្ករដែលផ្តល់ដោយប្រទេសចំនួន ៨។ ការផ្តល់ពិន្ទុ និងជ័យលាភីអង្ករល្អបំផុតពិភពលោក ដោយគណៈកម្មាធិការជំនាញរបស់វិទ្យាស្ថានអន្តរជាតិ ICI របស់សហរដ្ឋអាមេរិក ដោយឈរលើមូលដ្ឋានចម្បងដូចជា៖

* ភាពប្រណិតនៃគ្រាប់អង្ករ (Characteristic-Appearance) ដោយផ្តោតទាំងទំហំគ្រាប់អង្ករ គុណភាពនៃការកិន ប៉ូលា ការវេចខ្ចប់ ។ល។
* រសជាតិ (Taste)
* ក្លិន ( Aroma)
* ភាពទន់ (Soft texture)
* និងមានចំណុចពិសេសជាច្រើនដោយផ្អែកលើជំនាញរបស់គណៈកម្មាធិការជ្រើសរើស

ពានរង្វាន់អង្ករល្អបំផុតឆ្នាំ២០២២ ជាការទទួលបានជាលើកទី៥ ដែលលើកទី១ នៅឆ្នាំ២០១២ លើកទី២ នៅឆ្នាំ២០១៣ លើកទី៣ នៅឆ្នាំ២០១៤ និងលើកទី៤ នៅឆ្នាំ២០១៨ ។ ការទទួលបានជ័យលាភីដ៏វិសេសវិសាលនះ គឺកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់បងប្អូនប្រជាកសិកកម្ពុជា ក្នុងការថែទាំដាំដុះលើដែនដីដ៏ល្អនិងដ៏មានជីវជាតិនៃបឹងទន្លេសាបរបស់យើង។

សូមបញ្ជាក់ផងដែរថា ពូជស្រូវផ្ការំដួល ជាប្រភេទពូជស្រូវវស្សាប្រកាន់រដូវ ដែលបានខិតខំស្រាវជ្រាវ ដោយអ្នកវិទ្យាសាស្ត្រស្រូវនៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាំងពីឆ្នាំ១៩៩០ ហើយបានបញ្ចេញឱ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំ១៩៩៧ ដែលជាប្រភេទពូជស្រូវដែលមានខ្សែស្រឡាយមេបាដើមពូជស្រូវខ្មែរឈ្មោះ «សូម៉ាលី -១៧៧១»។

ដើម្បីបង្កើនកេរ្តិ៍ឈ្មោះ និងរក្សាការពារនូវអត្តសញ្ញាណ នៅឆ្នាំ២០១៥ សហព័ន្ធស្រូវអង្ករកម្ពុជា ដែលមានលោក សុខ ពុទ្ធិវុធ អតីតប្រធានប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ក្រោមការជ្រោមជ្រែងរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា និងជំនួយពីអង្គការអន្តរជាតិនានា រួមមាន សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ នៃធនាគារពិភពលោក សហគមន៍អឺរ៉ុប ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង និងឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចកម្ពុជា (SNEC), កម្មវិធីអភិវឌ្ឍន៍របស់ក្រសួងការបរទេស នៃប្រទេសអូស្រ្តាលី បានរៀបចំបង្កើតម៉ាកវិញ្ញាតកម្ម «ម្លិះអង្គរ» ហើយនៅឆ្នាំ២០១៧ ត្រូវបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា អង្គការកម្មសិទ្ធបញ្ញាពិភពលោក (World Intellectual Property Organization) នៃអង្គការពាណិជ្ជកម្មពិភពលោក (World Trade Organization) និងប្រទេសសមីចំនួនជាង ១០០ប្រទេសទៀត។

ថ្មីៗនេះដែរក្រោមជំនួយរបស់រដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធីខ្សែសង្វាក់តំលៃកសិកម្មកម្ពុជា-អូស្រ្តាលី Cambodia-Australia Agricultural Value Chain Program (CAVAC) និងកម្មវិធីថ្មី the Cambodia Australia Partnership for Resilient Economic Development (CAP RED) លើការផ្សព្វផ្សាយ និងជំរុញទីផ្សារលើអង្ករម៉ាក «ម្លិះអង្គរ» នេះ និងម៉ាកអង្ករសមូហភាពពូជស្រូវសែនក្រអូប០១ «SKO» ឱ្យកាន់តែខ្លាំងក្លាឡើងថែមទៀត៕