(បាងកក)៖ នាយកប្រតិបត្តិរបស់ក្រុមហ៊ុនធំៗក្នុងតំបន់បានឱ្យដឹងថា មេដឹកនាំតំណាង ៦០% នៃសេដ្ឋកិច្ចពិភពលោកគួរតែដោះស្រាយបញ្ហាអតិផរណា និងវិបត្តិថាមពល ដើម្បីលើកកម្ពស់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយការរាតត្បាតជំងឺកូវីដ និងទប់ស្កាត់ហានិភ័យនៃវិបត្តិសេដ្ឋកិច្ចសកល។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Kriengkrai Thiennukul ប្រធានក្រុមប្រឹក្សាធុរកិច្ច APEC នៅឆ្នាំនេះថា វេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ឬហៅថា APEC ក៏គួរតែដោះស្រាយការប្រែប្រួលអាកាសធាតុឱ្យកាន់តែខ្លាំងក្លាថែមទៀតផងដែរ។

ប្រធានក្រុមប្រឹក្សាធុរកិច្ចវេទិកា APEC ដែលជាក្រុមវិស័យឯកជន ដែលរួមមាននាយកប្រតិបត្តិកំពូលៗមកពីសហរដ្ឋអាមេរិក និងប្រទេស និងតំបន់ផ្សេងទៀតនេះ នឹងដាក់ស្នើអនុសាសន៍ចំនួន៦៩ នៅទូទាំងវិស័យចំនួន៥ ទៅកាន់មេដឹកនាំនៅក្នុងកិច្ចសន្ទនាប្រចាំឆ្នាំនៅទីក្រុងបាងកកនៅថ្ងៃសុក្រ។

លោក Kriengkrai បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា៖ «យើងនឹងសង្កត់ធ្ងន់ទៅកាន់មេដឹកនាំអំពីភាពបន្ទាន់នៃការដោះស្រាយបញ្ហាទាំងនេះ»។ លោកបន្ថែមថា ក្រុមប្រឹក្សាធុរកិច្ចរបស់លោកក៏នឹងអំពាវនាវឱ្យមេដឹកនាំទាំងនេះចាត់វិធានការកាន់តែលឿនឆ្ពោះទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ីប៉ាស៊ីហ្វិក ដើម្បីធ្វើសមាហរណកម្មផងដែរ។

លោកថ្លែងថា៖ «ឥឡូវនេះជាពេលវេលាដើម្បីបើកចំហរព្រំដែន និងសេដ្ឋកិច្ចឡើងវិញ។ ការរឹតបន្តឹងត្រូវតែលុបចោល ពាណិជ្ជកម្មឆ្លងដែនត្រូវតែបន្តឡើងវិញឱ្យបានឆាប់រហ័ស»

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា អនុសាសន៍ទាំងនេះអាចនឹងជះឥទ្ធិពលដល់របៀបវារៈនៃកិច្ចប្រជុំកំពូល APEC ដែលនឹងផ្តោតលើការឆ្លើយតបគោលនយោបាយចំពោះបញ្ហាប្រឈមសេដ្ឋកិច្ចបច្ចុប្បន្ន រួមទាំងការដើរថយក្រោយនៃសេដ្ឋកិច្ចពិភពលោកដែលកំពុងកើតមាន អតិផរណា និងការព្រួយបារម្ភអំពីថាមពល និងសន្តិសុខស្បៀង។ វេទិកានេះនឹងប្រើប្រាស់ការពិភាក្សា និងកិច្ចព្រមព្រៀងនៃកិច្ចប្រជុំក្រុមប្រទេស G20 នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី និងកិច្ចប្រជុំកំពូលរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នៅទីក្រុងភ្នំពេញ។

មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោកនាពេលថ្មីៗនេះ បានព្រមានអំពីការកើនឡើងហានិភ័យនៃការដើរថយក្រោយនៃសេដ្ឋកិច្ចសកល ខណៈដែលសេដ្ឋកិច្ចរបស់ប្រទេសរីកចម្រើនស្ទុះងើបយឺត និងអតិផរណាកើនឡើងលឿន។ លោកប្រធានាធិបតីចិន Xi Jinping និងលោកស្រីអនុប្រធានាធិបតីអាមេរិក Kamala Harris ស្ថិតក្នុងចំណោមមេដឹកនាំទាំង ១៤រូប និងអ្នកតំណាងចំនួន ៦នាក់នៃប្រទេសជាសមាជិកវេទិកា APEC ដែលគ្រោងនឹងចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់មេដឹកនាំ និងកិច្ចប្រជុំពាក់ព័ន្ធដែលធ្វើឡើងនៅក្នុងរដ្ឋធានីបាងកក ប្រទេសថៃក្នុងសប្តាហ៍នេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕