(បាលី)៖ ប្រធានអង្គការពាណិជ្ជកម្មពិភពលោក (WTO) បានព្រមានកាលពីថ្ងៃពុធថា ប្រទេសធំៗមួយចំនួនប្រឈមមុខនឹងហានិភ័យនៃការធ្លាក់ចូលក្នុងការដើរថយក្រោយនៃសេដ្ឋកិច្ច ខណៈសង្គ្រាមនៅអ៊ុយក្រែន ការកើនឡើងថ្លៃម្ហូបអាហារ និងប្រេងឥន្ធនៈ និងកំណើនកើនឡើងអាចប៉ះពាល់ដល់ចក្ខុវិស័យសកល។

លោកស្រី Ngozi Okonjo-Iweala អគ្គនាយកអង្គការ WTO បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រនៅខាងក្រៅកិច្ចប្រជុំមេដឹកនាំរបស់ក្រុមប្រទេស G20 នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ីថា៖ «វាប្រហែលជាមិនកើតឡើងនៅគ្រប់ទីកន្លែងទេ ប៉ុន្តែប្រទេសធំៗមួយចំនួនប្រឈមនឹងការធ្លាក់ចូលក្នុងការដើរថយក្រោយនៃសេដ្ឋកិច្ច»

លោកស្រីបន្ថែមថា៖ «ជាការពិតណាស់ ផលប៉ះពាល់នេះអាចមានទំហំធំខ្លាំងគួរសមសំខាន់សម្រាប់ទីផ្សារកំពុងរីកចម្រើន និងប្រទេសក្រីក្រ ដែលត្រូវការតម្រូវការខាងក្រៅពីប្រទេសអភិវឌ្ឍន៍សម្រាប់ការស្ទុះងើបឡើងវិញ»

អង្គការពាណិជ្ជកម្មដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវមួយនេះកាលពីខែមុនបានព្យាករថា ពាណិជ្ជកម្មសកលនឹងកើនឡើងត្រឹមតែ ១ភាគរយប៉ុណ្ណោះក្នុងឆ្នាំ២០២៣ ពោលគឺធ្លាក់ចុះយ៉ាងខ្លាំងពីកំណើន ៣,៥ ភាគរយដែលត្រូវបានព្យាករសម្រាប់ឆ្នាំនេះ។

លោកស្រីបាននិយាយថា «មានភាពមិនច្បាស់លាស់ជាច្រើន ហើយហានិភ័យភាគច្រើនមិនមានភាពអំណោយផលទេ» ដូចជាការផលវិបាកពីសង្រ្គាមនៅអ៊ុយក្រែន និងបញ្ហាដែលបង្កឡើងដោយសារអតិផរណាជាដើម។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ នៅថ្ងៃទី២ នៃកិច្ចប្រជុំរបស់មេដឹកនាំក្រុមប្រទេស G20 នៅថ្ងៃពុធត្រូវបានរំខានដោយកិច្ចប្រជុំបន្ទាន់មួយដើម្បីពិភាក្សាអំពីរបាយការណ៍នៃការបាញ់ទម្លាក់មីស៊ីលនៅក្នុងទឹកដីប្រទេសប៉ូឡូញ ដែលបន្ថែមភាពមិនច្បាស់លាស់លើវិបត្តិសេដ្ឋកិច្ចពីសង្គ្រាមនៅអ៊ុយក្រែន។

លោកស្រី Okonjo-Iweala បានឱ្យដឹងថា លោកស្រីបានអំពាវនាវឱ្យមេដឹកនាំ G20 លុបចោលការរឹតបន្តឹងការនាំចេញស្បៀងអាហារ ដែលបានកើនឡើង និងធ្វើឱ្យប៉ះពាល់ដល់ប្រទេសក្រីក្រដោយសារវាជំរុញឱ្យតម្លៃម្ហូបអាហារកើនឡើង៕