(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីវឌ្ឍនភាពនៃដំណោះស្រាយ ចំពោះបញ្ហាស្រូវធ្លាក់ថ្លៃ នៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកានេះ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ថា ក្រោយពីលោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់អនុរដ្ឋលេខាធិការចំនួន២រូប រួមមានលោក ឃី កុសល និងលោក ឈុំ ឆុនលី និងមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម ឱ្យមកដោះស្រាយបញ្ហាថ្លៃស្រូវរួចមក ថ្ងៃនេះ ក្រុមការងារបានមកដល់ខេត្តបាត់ដំបង បានប្រជុំជាមួយអ្នកពាក់ព័ន្ធ និងពិសេសចុះជួបជាមួយបងប្អូនប្រជាកសិករ ។  

ក្រោយពីបានជួបប្រជុំពិភាក្សា និងបានចុះទៅពិនិត្យដល់ទីតំាងជាក់ស្តែង លោកឧកញ៉ា ភូ ពុយ អគ្គនាយកនៃរោងម៉ាស៊ីនកិនស្រូវបៃតង បានស្មគ្រចិត្តចូលរួមសហការជាមួយរាជរដ្ឋាភិបាលដោយ ក្នុងការដាក់ចេញនូវគោលការណ៍រក្សាស្ថេរភាពថ្លៃស្រូវ ដោយបានកំណត់នូវថ្លៃធានាទិញគោលសម្រាប់ស្រូវផ្ការំដួលប្រភេទលេខ១ មិនឱ្យក្រោម ៩បាត/គីឡូក្រាម ឬ ១០៤០រៀល/គីឡូក្រាម ចាប់ពីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។

ទន្ទឹមគ្នានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយរដ្ឋបាលឃុំ ដើម្បីផ្សព្វផ្សាយពីថ្លៃកំណត់ខាងលើ ព្រមទាំងចាត់ឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ចុះតាមដាន ការអនុវត្តនេះដោយមិនឱ្យប្រជាកសិករយើងបាត់បងផលប្រយោជន៍ ដោយគ្មានហេតុផលនោះឡើយ។

ក្រុមការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងវិស័យឯកជនពាក់ព័ន្ធដែលមាន លោកឧកញ៉ា ភូ ពុយ ជាអ្នកជាអ្នកធានាអនុវត្តគោលការនេះ នឹងបន្តការងារទៅខេត្តបន្ទាយមានជ័យទៀត ៕