(ក្រុងឡុងដ៍)៖ ក្រសួងទេសចរណ៍និងកីឡាថៃគ្រោងស្នើទៅគណៈរដ្ឋមន្ត្រីក្នុងខែនេះសម្រាប់កញ្ចប់ថវិកាចំនួន ៨,៧ពាន់លានបាត (ប្រហែល ២៤៤លានដុល្លារ) ដើម្បីគាំទ្រដល់ឧស្សាហកម្មទេសចរណ៍ ដោយនិយាយថា វិធានការជំរុញទាមទារឱ្យមានសម្រាប់ប្រទេសថៃ ដើម្បីទាក់ទាញភ្ញៀវទេសចរពី ១៨ ទៅ ២០លាននាក់នៅឆ្នាំក្រោយ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Phiphat Ratchakitprakarn រដ្ឋមន្ត្រីទេសចរណ៍ និងកីឡាថៃខណៈថ្លែងនៅខាងក្រៅកម្មវិធីទីផ្សារទេសចរណ៍ពិភពលោកដែលបានប្រារព្ធឡើងនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេសថា ក្នុងចំណោមថវិកាសរុប ថវិកាចំនួន ៧,២ពាន់លានបាតនឹងត្រូវបែងចែកសម្រាប់ដំណាក់កាលទី៥ នៃយុទ្ធនាការទេសចរណ៍ “យើងធ្វើដំណើររួមគ្នា” ដើម្បីលើកកម្ពស់ទេសចរណ៍ក្នុងស្រុក។

លោកបានបន្ថែមថា ថវិកាចំនួន ១,៥ ពាន់លានបាតទៀតគឺសម្រាប់ថវិកាធ្វើទីផ្សាររបស់អាជ្ញាធរទេសចរណ៍ថៃ (TAT) ដែលរួមមាន ១ពាន់លានបាតសម្រាប់សកម្មភាពនៅក្រៅប្រទេស និង ៥០០លានបាតសម្រាប់ការធ្វើទីផ្សារក្នុងស្រុក។

លោករដ្ឋមន្ត្រីបានបន្ថែមថា TAT ត្រូវបានចាត់តាំងឱ្យរៀបចំព័ត៌មានលម្អិតអំពីកញ្ចប់វិធានការជំរុញទេសចរណ៍ដែលមានឈ្មោះថា “អំណោយឆ្នាំថ្មី” ក្នុងរយៈពេលពីរសប្តាហ៍សម្រាប់សំណើដាក់ជូនគណៈរដ្ឋមន្ត្រីថៃនៅថ្ងៃទី២៨ខែវិច្ឆិកា។

លោក Phiphat បានមានប្រសាសន៍ថា៖ «TAT មានបំណងទាក់ទាញភ្ញៀវទេសចរយ៉ាងហោចណាស់ ១៨លាននាក់នៅឆ្នាំក្រោយ ប៉ុន្តែគោលដៅរបស់រដ្ឋាភិបាលគឺយ៉ាងហោចណាស់ ២០ លាននាក់។ នោះគឺជាការព្យាករណ៍បែបអភិរក្សបើធៀបនឹងការប៉ាន់ប្រមាណរបស់ធនាគារថៃដែលមានភ្ញៀវទេសចរពី ២៥ ទៅ ២៨លាននាក់»

លោកបន្ថែមថា៖ «ទោះជាយ៉ាងណា ដើម្បីសម្រេចបានភ្ញៀវទេសចរចំនួន ២០លាននាក់ ឬ ៨០% នៃចំណូលពីទេសចរណ៍ដែលយើងធ្លាប់បានទទួលក្នុងឆ្នាំ២០១៩ មិនមែនជាការងាយស្រួលទេនៅឆ្នាំក្រោយក្នុងគ្រាដែលមានចក្ខុវិស័យសេដ្ឋកិច្ចអាប់អួរ។ យើងត្រូវស្នើសុំថវិកាបន្ថែមទៀត ដោយសារវិធានការជំរុញទាមទារឱ្យមានដើម្បីជំរុញទេសចរណ៍ ជាពិសេសការធ្វើដំណើរក្នុងស្រុក»