(ភ្នំពេញ)៖ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញទៅអាមេរិក សម្រេចក្នុងទំហំទឹកប្រាក់ចំនួន ៧ ៦១៧លានដុល្លារ កើនឡើងចំនួន ២៥.៤ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ មានចំនួន ៦០៧៥លានដុល្លារ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

មុខទំនិញដែលកម្ពុជា នាំចេញភាគច្រើនមានដូចជា ផលិតផលវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងកាបូបសម្រាប់ធ្វើដំណើរ បន្ទះសឡា និងផលិតផលកសិកម្ម។ ចំណែកមុខទំនិញ សំខាន់ៗដែលកម្ពុជា នាំចូលពីសហរដ្ឋអាមេរិកវិញ មានដូចជា៖ រថយន្ត, គ្រឿងចក្រ, គ្រឿងអេឡិចត្រូនិក ឱសថ និងបរិក្ខាពេទ្យជាដើម។

ប្រទេសដែលកម្ពុជានាំចេញច្រើន បន្ទាប់ពីសហរដ្ឋអាមេរិកមាន គឺប្រទេសវៀតណាម មានចំនួន ១ ៦៦៤លានដុល្លារ, ប្រទេសជប៉ុន មានចំនួន ៩៨៨លានដុល្លារ, ប្រទេសចិន មានចំនួន ៩៨៧លានដុល្លារ, ប្រទេសកាណាដា មានចំនួន ៩៤៥លានដុល្លារ, , ប្រទេសអាល្លឺម៉ង់ ចំនួន៩១៤ និងប្រទេសអង់គ្លេសមានចំនួន ៧៦៣លានដុល្លារ។

រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងពាណិជ្ជកម្ម កម្ពុជា-អាមេរិក មានកំណើនគួរឲ្យកត់សម្គាល់។ ជាក់ស្ដែង ក្នុងឆ្នាំ២០២១ ទំហំពាណិជ្ជកម្ម កម្ពុជា-អាមេរិក មានទឹកប្រាក់ជាង ៧ ៨២៦លានដុល្លារ ក្នុងនោះកម្ពុជានាំចេញបាន ៧ ៤៩០លានដុល្លារអាមេរិក ខណៈអាមេរិកនាំចូលមកកម្ពុជាវិញមានជាង ៣៣៦លានដុល្លារ។

ក្នុងរយៈពេល១០ខែ ឆ្នាំ២០២២នេះ កម្ពុជាបានសម្រេចការនាំចេញ ជាមួយនឹងបណ្ដាប្រទេសដៃគូសំខាន់ៗ ចំនួន១៨,៧៤៧លានដុល្លារ មានការកើនឡើងចំនួន១៩.២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២១ មានចំនួន ១៥ ៧២១លានដុល្លារ។

ដោយឡែកការនាំចូលវិញ នៅក្នុងរយៈពេល១០ខែ ឆ្នាំ២០២២នេះ កម្ពុជាបាននាំចូលជាមួយនឹងបណ្ដាប្រទេសដៃគូសំខាន់ៗ ចំនួន ២៥ ៨១៧លានដុល្លារ មានការកើនឡើងចំនួន ១២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២១ មានចំនួន ២៣ ០៥៩លានដុល្លារ៕