(ភ្នំពេញ)៖ និយ័តករមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា (CSX) បានចេញសេចក្តី​ ជូនដំណឹងដាច់ដោយឡែកពីគ្នា ដោយអំពាវនាវដល់សាធារណជនទាំងអស់ មានការប្រុងប្រយ័ត្នករណីជនឆបោក ប្រមូលដើមទុនជាសាច់ប្រាក់មកវិនិយោគ ទៅក្នុងទីផ្សារគ្រីបតូ។ ​

តាមសេចក្តីជូនដំណឹងរបស់និយ័តករមូលបត្រកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា នាពេលថ្មីនេះ មានអង្គការ សមាគម ក្រុមហ៊ុន និងបុគ្គលមួយចំនួន បាននិងបន្តផ្សព្វផ្សាយ តាមប្រព័ន្ធអនឡាញ បណ្តាញសង្គមហ្វេសប៊ុក និងក្នុងក្រុមតេឡេក្រាម ដើម្បីកៀរគរសាធារណជន ឱ្យចូលជាសមាជិក ឬដាក់ប្រាក់ វិនិយោគដោយផ្ទាល់ ឬតាមរយៈគណនីធនាគារ នៅក្នុងគម្រោងនានា ឬគម្រោងវិនិយោគផ្សេងៗ ដោយសន្យាផ្តល់មកវិញជាផលតបស្នង ឬប្រាក់ចំណេញប្រចាំខែខ្ពស់ខុសពីធម្មតា។

និយ័តករមូលបត្រកម្ពុជាបានបន្តថា «ករណីប្រមូលប្រាក់ពីសាធារណជន ដើម្បីយកទៅវិនិយោគលើគម្រោងវិនិយោគណាមួយជាក់លាក់ ច្បាស់លាស់ ហើយយកប្រាក់ចំណេញ ដែលទទួលបានមកបែងចែក ដល់អ្នកដាក់ប្រាក់វិនិយោគនោះ គឺជាគម្រោងវិនិយោគរួម ដែលជាប្រភេទមួយនៃមូលបត្រ ដោយត្រូវមានអាជ្ញាបណ្ណ ជាមុនពីនិយ័តករមូលបត្រកម្ពុជា។ ប៉ុន្តែការប្រមូលប្រាក់ ពីសាធារណជនយក ទៅមិនដឹងវិនិយោគលើគម្រោងអ្វី ហើយផ្តល់ផលប្រយោជន៍ឱ្យមកវិញ នូវប្រាក់ចំណេញក្នុងអត្រាខ្ពស់ខុសពីធម្មតា ដែលអាចជារូបភាពប្រមូលប្រាក់ ពីអ្នកថ្មីទៅផ្តល់ឱ្យអ្នកមុនៗ ​ដែលសកម្មភាពនេះ អ្នកដាក់ប្រាក់មុនៗ អាចទទួលបានប្រាក់មកវិញ ចំណែកឯអ្នកដាក់ប្រាក់ក្រោយៗ តែងតែប្រឈមនឹងការបាត់បង់ប្រាក់របស់ខ្លួនទាំងស្រុង នៅពេលលែងរកបានអ្នកដាក់ប្រាក់ថ្មីបន្តទៀត ដូចមានបទពិសោធន៍ករណី Telexfree,EBC និង Enarita កន្លងមកហើយ»

សេចក្តីជូនដំណឹងនេះបន្ថែមថា គម្រោងប្រភេទនេះនឹងដួលរលំក្នុងរយៈពេលដ៏ខ្លី ថ្វីត្បិតអ្នកដាក់ប្រាក់មុន បានទទួលប្រាក់ចំណូលមកក៍ពិតមែន ប៉ុន្តែអ្នកដាក់ប្រាក់បន្តក្រោយៗនឹងរងការខាតបង់ទាំងស្រុង។ ដូចនេះ ក្នុងទិសដៅការពារទ្រព្យសម្បត្តិ និងផលប្រយោជន៍សាធារណជន ជាពិសេសដើម្បីចៀសវាង ពីការបោកប្រាស់របស់ជនខិលខូចក្រោមរូបភាពណាមួយ ហើយធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្ត របស់សាធារណជន លើអាជីវកម្មគម្រោងវិនិយោគរួម ដែលជាប្រភេទមួយនៃមូលបត្រ ដែលនឹងដាក់ឱ្យបោះផ្សាយ ក្នុងពេលខាងមុខនេះ។

និយ័តករមូលបត្រកម្ពុជា សូមអំពាវនាវឱ្យសាធារណជនទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់បំផុត ក្នុងការដាក់ប្រាក់ជាមួយគម្រោងណាមួយ ដែលអាចឈានទៅដល់ការឆបោក ឬជាអាជីវកម្មគម្រោងវិនិយោគរួម ដោយខុសច្បាប់។
​ដោយឡែកសេចក្តីជូនដំណឹង របស់ផ្សារមូលបត្រកម្ពុជា​ បញ្ជាក់ដែរថា កាលពីថ្មីៗនេះ មានជនឆ្លៀតឱកាស បានបង្កើតឱ្យមានគ្រុបតេលេក្រាម មួយឈ្មោះថា «CSX Khmer» ដែលបានប្រើប្រាស់ឈ្មោះ និងរូបភាពអត្តសញ្ញាណក្លែងបន្លំធ្វើជា ផ្សារមូលបត្រកម្ពុជា​ ដោយគ្មានការអនុញ្ញាត ព្រមទាំងបានផ្សព្វផ្សាយពីការវិនិយោគ ក្នុងវិស័យគ្រីបតូ (Crytorurrency) តាមរយៈការប្រមូលសមាជិកជាច្រើន ដើម្បីធ្វើការឆបោក ដោយប្រមែប្រមូលដើមទុនជាសាច់ប្រាក់ មកវិនិយោគទៅក្នុងទីផ្សារគ្រីបតូ និងបានសន្យាថានឹងទទួលបានដើមទុន និងប្រាក់ចំំណេញក្នុងរយៈពេលដ៏ឆាប់រហ័ស។

ផ្សារមូលបត្រកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «សូមបដិសេធចំពោះការផ្សព្វផ្សាយនេះ និងអះអាងជាផ្លូវការថា គ្រុបតេលេក្រាមដែលមានឈ្មោះថា «CSX Khmer» មិនស្ថិតនៅក្រោមកម្មសិទ្ធិរបស់ ផ្សារមូលបត្រកម្ពុជានោះទេ។ សូមអតិថិជន និងសាធារណជន មេត្តាប្រុងប្រយ័ត្នរាល់ប្រតិបត្តិការ និងសកម្មភាពទាំងអស់នេះ ចៀសវាងធ្លាក់ចុះក្នុងការបោកបញ្ឆោតអូសទាញវិនិយោគ ឬជួញដូរឧបករណ៍ហិរញ្ញវត្ថុដែលមិនមានសុវត្ថិភាព និងអាចនាំឱ្យមានការខាតបង់រាល់ទ្រព្យសម្បត្តិ​»

លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានឲ្យដឹងថា បច្ចុប្បន្ននេះ និយ័តករមូលបត្រកម្ពុជា បាននឹងកំពុងតាមដាន​ និងស៊ើបអង្កេតរកព័ត៌មានពីក្រុមឆបោកទាំងនេះ ក៏ដូចជាព័ត៌មាននៃការផ្ទេរប្រាក់ផ្សេងៗ និងកំពុងសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីចាត់វិធានការផ្លូវច្បាប់ ទៅលើក្រុមជនទាំងនោះ។

តែយ៉ាងណា លោកបញ្ជាក់ថា ការស៊ើបអង្កេតនេះ អាចនឹងមានភាពលំបាក ដោយសារតែក្រុមទាំងនេះ បាន​ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាខ្ពស់​។ ចំណែកករណី​ស៊ើបអង្កេត ពីការផ្ទេរប្រាក់ផ្សេងៗ ក៏មានការលំបាកផងដែរ៕