(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានក្រើនរំលឹកដល់សាធារណជន ដែលម្ចាស់យាន្តជំនិះគ្រប់ប្រភេទ ដែលមិនទាន់បានបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២២ សូមប្រញាប់រួសរាន់មកប្រកាស និងបង់ពន្ធឱ្យបានទាន់ពេលវេលា ខណៈថ្ងៃផុតកំណត់បានខិតជិតចូលមកដល់ហើយ គឺនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ។

ការអំពាវនាវរបស់មេពន្ធដាររូបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែតុលា និងសម្រាប់រយៈពេល១០ខែ ឆ្នាំ២០២២ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា «ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២២នេះ នឹងមិនមានការពន្យារពេលឡើយ»។

ដើម្បីផ្តល់ងាយស្រួលដល់ការបង់ពន្ធ អគ្គនាយកដ្ឋានពន្ធដារ បានជំរុញឱ្យអ្នកជាប់ពន្ធប្រើប្រាស់កម្មវិធីលើទូរស័ព្ទដៃ «GDT Taxpayer App» របស់អគ្គនាយកដ្ឋានពន្ធដារ ដែលផ្តល់លទ្ធភាពដល់សាធារណជនបង់ពន្ធមធ្យោបាយ តាមប្រព័ន្ធអនឡាញឱ្យមាន ភាពងាយស្រួល និងឆាប់រហ័ស។

សូមជម្រាបថា អគ្គនាយកដ្ឋានពន្ធដារ បានចាប់ផ្តើមអនុវត្តការប្រមូលពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២២ ចាប់ពីថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២៕