(ហ្សាការតា)៖ ធនាគារកណ្តាលចំនួន៥ ក្នុងតំបន់អាស៊ីអាគ្នេយ៍កាលពីថ្ងៃចន្ទបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីការទូទាត់ឆ្លងព្រំដែនក្នុងតំបន់នៅឯព្រឹត្តិការណ៍មួយមុនពេលកិច្ចប្រជុំកំពូលរបស់ប្រទេស G20 ប្រព្រឹត្តទៅនៅកោះបាលីប្រទេសឥណ្ឌូនេស៊ី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ធនាគារកណ្តាលទាំង ៥នេះ រួមមានធនាគារកណ្តាលរបស់ប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ ហ្វីលីពីន និងសិង្ហបុរី។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Perry Warjiyo ទេសាភិបាលធនាគារកណ្តាលរបស់ប្រទេសឥណ្ឌូនេស៊ីដែលបានថ្លែងក្នុងអំឡុងពេលពិធីចុះហត្ថលេខានេះថា ការតភ្ជាប់ក្នុងតំបន់នឹងដំណើរការដោយប្រើកូដឆ្លើយតបរហ័ស (QR code)។

លោកបន្ថែមថា ការទូទាត់រូបិយប័ណ្ណក្នុងស្រុកនឹងត្រូវបានប្រើប្រាស់ ដូច្នេះនឹងមិនចាំបាច់ប្តូរទៅជាប្រាក់ដុល្លារអាមេរិកឡើយ។

លោក Warjiyo បានបន្តថា ប្រទេសឥណ្ឌូនេស៊ីបានភ្ជាប់ប្រព័ន្ធទូទាត់របស់ខ្លួនដោយប្រើកូដ QR ជាមួយប្រទេសថៃកាលពីដើមឆ្នាំនេះ ហើយនឹងធ្វើដូចគ្នាក្នុងពេលឆាប់ៗនេះជាមួយប្រទេសដទៃទៀត។
ទេសាភិបាលរូបនេះបានថ្លែងទៀតថា កិច្ចព្រមព្រៀងនេះគ្របដណ្តប់លើការតភ្ជាប់ប្រព័ន្ធទូទាត់លក់រាយ ទោះបីជាមានផែនការបង្កើនភាពជាដៃគូទៅកម្រិតលក់ដុំ និងរូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្តាលក៏ដោយ។

កន្លងមក លោក Warjiyo ធ្លាប់បានលើកឡើងថា ការទូទាត់ប្រាក់ឆ្លងព្រំដែនរវាងប្រទេសទាំង៥ ក្នុងតំបន់អាស៊ាននេះ នឹងត្រូវតភ្ជាប់នៅឆ្នាំក្រោយ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលធ្វើឡើងតាមរយៈវីដេអូនៅក្នុងពិធីចុះហត្ថលេខានេះ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បាននិយាយថា លោករំពឹងថាគំនិតផ្តួចផ្តើមទូទាត់ឆ្លងព្រំដែននេះនឹងត្រូវបានពង្រីកដល់កម្រិតពិភពលោក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕