(កូឡុំបូ)៖ ប្រទេសស្រីលង្កា នៅថ្ងៃចន្ទសប្តាហ៍នេះ បានបង្ហាញគោលនយោបាយថវិកាថ្មីមួយ ដោយព្យាយាមរក្សាហិរញ្ញវត្ថុរបស់ខ្លួន ឱ្យមានសណ្តាប់ធ្នាប់ជាមួយនឹងការកែទម្រង់នានា ដើម្បីទទួលបានថវិកាសង្គ្រោះពិភពលោកចំនួន ២,៩ពាន់លានដុល្លារអាមេរិក ដើម្បីសង្គ្រោះប្រទេសពីវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុត របស់កោះនេះ គិតចាប់តាំងពីទទួលបានឯករាជ្យនៅឆ្នាំ១៩៤៨។

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ដោយដកស្រង់ ការវិភាគរបស់ក្រុមអ្នកវិភាគថា គោលនយោបាយថវិកា សម្រាប់រយៈពេលពេញមួយឆ្នាំដំបូង របស់លោកប្រធានាធិបតី Ranil Wickremesinghe ដែលបានដាក់ជូនទៅកាន់សភាជាតិ នឹងរួមបញ្ចូលទាំងវិធានការនានា ដែលមានបំណងជួយស្រីលង្កា ឱ្យរៀបចំបំណុលរបស់ខ្លួនឡើងវិញ បង្កើនប្រាក់ចំណូល និងកាត់បន្ថយការចំណាយ ខណៈដែលប្រទេសនេះធ្វើការងារជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ ដើម្បីទទួលបានថវិកាសង្គ្រោះ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុស្រីលង្កាលោក Ranjith Siyambalapitiya បានថ្លែងថា៖ «នេះគឺជាថវិកាដែលកំពុងត្រូវបានបង្ហាញក្នុងពេលដែលប្រទេសស្រីលង្កាកំពុងប្រឈមមុខនឹងវិបត្តិដែលមិនធ្លាប់មានពីមុនមក»

លោក Ranjith បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «គ្រួសារជាង ៧០ភាគរយកំពុងស្នើសុំរដ្ឋាភិបាលឱ្យផ្តល់ការគាំទ្រ ហើយសេដ្ឋកិច្ចត្រូវបានគេប៉ាន់ស្មានថានឹងធ្លាក់ចុះ ៨,៣ ភាគរយនៅឆ្នាំនេះ។ ថវិកានេះនឹងបង្ហាញផ្លូវនយោបាយ និងសេដ្ឋកិច្ចឆ្ពោះទៅមុខសម្រាប់ប្រទេសជាតិ»

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ធនាគារពិភពលោកបានព្យាករថា សេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កានឹងធ្លាក់ចុះ ៩,២ភាគរយនៅឆ្នាំនេះ និង ៤,២ភាគរយនៅឆ្នាំ២០២៣។

ប្រទេសដែលមានប្រជាជនចំនួន ២២លាននាក់នេះបានធ្លាក់ចូលទៅក្នុងវិបត្តិនៅឆ្នាំនេះ ដោយសារការបាត់បង់ប្រាក់ចំណូលពីវិស័យទេសចរណ៍ដោយសារជំងឺរាតត្បាតកូវីដ-១៩ រួមផ្សំនឹងការកាត់បន្ថយពន្ធ និងការគ្រប់គ្រងសេដ្ឋកិច្ចខុសក្នុងរយៈពេលជាច្រើនឆ្នាំ ដែលនាំឱ្យខ្វះខាតប្រាក់ដុល្លារយ៉ាងធ្ងន់ធ្ងរ៕