(ភ្នំពេញ)៖​ កិច្ចប្រជុំ​កំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលមានថ្នាក់ដឹកនាំពីបណ្តាប្រទេសធំជាច្រើនមកចូលរួម បានបញ្ចប់ដោយជោគជ័យ។

​ អ្នកជំនួញ និងអ្នកសេដ្ឋកិច្ច បានបញ្ចេញទស្សនៈរៀងៗខ្លួន ជុំវិញការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២២នេះ ​ ​ដោយពួកគេមើលឃើញថា កម្ពុជានឹងទទួលបានផល​ប្រយោជន៍យ៉ាងច្រើនដល់សេដ្ឋកិច្ច ការធ្វើពាណិជ្ជកម្ម និងកំណើនលំហូរវិនិយោគបរទេស ព្រោះនេះ គឺជាឱកាសសម្រាប់ឱ្យអ្នករកស៊ីក្នុងស្រុក និងនៅជុំវិញពិភពលោក បានជួយជជែកគ្នាដោយផ្ទាល់។

កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ​​បានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ​មានការចូលរួមពីថ្នាក់ដឹកនាំកំពូលអាស៊ាន និងដៃគូប្រមាណ៣៤ប្រទេស និងស្ថាប័ន។ មុន និងកំឡុង កិច្ចប្រជុំ​កំពូលអាស៊ានលើកទី៤០ និងលើកទី៤ ​នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទទួលជួបថ្នាក់ដឹកនាំ​ ប្រមុខរដ្ឋសំខាន់ៗជាច្រើនរូប ​និងរួមនឹងការរៀបចំវេទិកាផ្សេងៗ ដើម្បីបង្ហាញពីសក្តានុពលរបស់កម្ពុជា ទាក់ទាញការវិនិយោគពីបរទេស។

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រាប់បណ្តាញព័ត៌មាន Fresh News ថា កិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំនៃកិច្ចប្រជុំនេះ បានធ្វើឱ្យកម្ពុជាចំណេញទាំងលើវិស័យនយោបាយ និងសេដ្ឋកិច្ច។

លោកបន្តថា នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំអាស៊ាននេះ ​សភាពពាណិជ្ជកម្ម ​បានរៀបចំវេទិកាធុរកិច្ច និងវិនិយោគអាស៊ានដែលមានអ្នកវិនិយោគ និងធុរកិច្ចអន្តរជាតិ មានប្រមាណជាង៥០០នាក់មកចូលរួម​។ ក្នុងនោះពួកគេបង្ហាញចំណាប់អារម្មណ៍លើការ មកវិនិយោគនៅកម្ពុជាសម្រាប់នាំចេញ​ ​ ស្របពេលដែលកម្ពុជាបានរៀបចំច្បាប់វិនិយោគ ដែលផ្តល់ផលចំណេញដល់អ្នកវិនិយោគ។ ជាមួយគ្នានេះ អ្នកឧកញ៉ា គិត ម៉េង ដែលបានចុះហត្ថលេខា លើការបញ្ជូនថាមពលអគ្គិសនីរហូតដល់១ពាន់មេហ្កាវ៉ាត់ ទៅប្រទេសសិង្ហបុរី គឺសុទ្ធតែជាការទាក់ទាញការវិនិយោគិនបរទេស។

​​​បន្ថែមពីនេះ ការិយាល័យសភាពាណិជ្ជកម្មនៅទីក្រុងតូរ៉ន់តូ ប្រទេសកាណាដា ដែលបាននាំក្រុមហ៊ុនចំនួន​១០ របស់កាណាដាមកចូលរួមវេទិកានេះ ពួកគេបានចាប់អារម្មណ៍លើការវិនិយោគចិញ្ចឹមត្រី និងវិស័យកសិកម្ម សម្រាប់នាំចេញផងដែរ។

លោកបន្ថែមថា «វត្តមានថ្នាក់ដឹកនាំកំពូលៗ មកកាន់ប្រទេសកម្ពុជា ​គឺជាការផ្តល់នូវទំនុកចិត្ត​ និងជាឱកាសសម្រាប់​ ឱ្យអ្នករកស៊ី នៅក្នុងពិភពលោកសម្លឹងឃើញកម្ពុជា ដែលអាចវិនិយោគបានដោយសុខសន្តិភាព និងមានស្ថេរភាពនយោបាយ។ ដូច្នេះខ្ញុំមើលឃើញថា ក្រោយពីកិច្ចប្រជុំអាស៊ាននេះ ហើយយើងមានកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មជាមួយចិន កូរ៉េ ក៏ដូចជា RCEP នឹងជំរុញការនាំចេញកាន់តែច្រើន ព្រោះអ្នកវិនិយោគនៅប្រទេសខ្លះ សុទ្ធតែជាប់ពន្ធនាំចូលទៅកាន់អឺរ៉ុប និងអាមេរិក ដែលធ្វើឱ្យពួកគេសម្លឹងឃើញកម្ពុជា ហើយច្បាប់វិនិយោគយើងមានការលើកទឹកចិត្តទៀត នឹងទាក់ទាញពួកគាត់ឱ្យមកផលិត និងនាំចេញទៅកាន់ប្រទេសអាមេរិក និងអឺរ៉ុប ដោយសារតែយើងនៅមាន GSP EBA ហើយក៏អាចនាំចេញទៅចិនដោយរួចពន្ធក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន»

អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុនវើលប៊្រីដគ្រុប បានលើកឡើងថា ​​ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅក្នុងឆ្នាំ២០២២ គឺជាឱកាសសម្រាប់អ្នករកស៊ីក្នុងស្រុក​ ស្វែងរកដៃវិនិយោគពីក្រៅប្រទេស ខណៈការរៀបចំកិច្ចប្រជុំអាស៊ាននៅកម្ពុជាឆ្នាំនេះ បានបង្ហាញដល់ពិភពលោកថា កម្ពុជាមានសុខសន្តិភាព មានគោលនយោបាយល្អ ​និងធ្វើឱ្យពួកគេទទួលបានអារម្មណ៍សុខសុវត្ថិភាព​ ដែលជាកត្តាសំខាន់ក្នុងការទាក់ទាញវិនិយោគគិន។

លោកប្រសាសន៍ទៀតថា «រាល់ការប្រជុំ​តែងតែមានអ្នកដែលមក គឺទាំងអ្នកនយោបាយ និងអ្នកសេដ្ឋកិច្ច កាលណាគេមក​ឃើញ គេតែងយល់ឃើញថាជាឱកាសមួយសម្រាប់ការវិនិយោគរបស់គេ ប៉ុន្តែបន្ថែមពីលើនេះ យើងជាអ្នករកស៊ីត្រូវចេះទាក់ទាញ។​ ជាក់ស្តែងសម្រាប់​ខ្ញុំ បានជួបជាមួយធុរកិច្ច និងប្រធានាធិបតីហ្វីលីពីន ដោយបានពិភាក្សាគ្នាលើផ្នែកសេដ្ឋកិច្ចជាច្រើន ដូចជាការកែច្នៃអាហារ ការធ្វើពាណិជ្ជកម្មលើវិស័យកសិកម្ម និងការអភិវឌ្ឍធនធានមនុស្សជាដើម។ អ៊ីចឹងឃើញថា មានអ្នករកស៊ីទាំងគ្រប់ប្រទេសទាំង១០ ​និងប្រទេសផ្សេងៗទៀត តែសំខាន់ខ្លួនយើងនេះទេ ដែលត្រូវទំនាក់ទំនងយ៉ាងម៉េច ដើម្បីទទួលបានការធ្វើជំនួញនេះ»

បណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច នៃរាជ្យបណ្ឌិតសភាកម្ពុជា បានលើកឡើងថា ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន គឺជាមុខមាត់របស់កម្ពុជា ដែលបង្ហាញថាកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ ដោយការរៀបចំនៅឆ្នាំនេះ មានលក្ខណៈប្រសើរជាងកាលពីឆ្នាំ២០១២។