(ភ្នំពេញ)៖ វិស័យកសិកម្ម គឺជាវិស័យដែលមានសក្តានុពលមួយ នៅក្នុងចំណោមវិស័យសំខាន់ៗរបស់កម្ពុជា ដែលបានចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ច ប៉ុន្តែការវិនិយោគនៅក្នុងវិស័យនេះ ហាក់នៅមានកម្រិតឡើយ ជាពិសេសការវិនិយោគពីប្រទេសចិន បើទោះបីជាកម្ពុជា មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន និងទទួលបានការអនុញ្ញាត ឱ្យនាំចេញកសិផលទៅទីផ្សារចិន ជាបន្តបន្ទាប់ក៏ដោយ។

ថ្លែងក្នុងពិធីសម្ពោធការនាំចេញផ្លែមៀនស្រស់កម្ពុជាជាផ្លូវការ ទៅកាន់ទីផ្សារប្រទេសចិន នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម បានមានប្រសាសន៍ថា ទីផ្សារចិននៅតែជាទីផ្សារ ដែលមានសក្តានុពលសម្រាប់ការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា ប៉ុន្តែការវិនិយោគរបស់ចិន លើវិស័យកសិកម្មនៅកម្ពុជា នៅមានកម្រិតទាបខ្លាំងនៅឡើយ។

លោកគូសបញ្ជាក់ថា ក្នុងឆ្នាំ២០២១ កម្ពុជាទទួលបានវិនិយោគទុនចិនត្រឹមតែ៧០លានដុល្លារ ហើយសម្រាប់ឆមាសទី១ នាំឆ្នាំ២០២២នេះ តួលេខនេះបានធ្លាក់ចុះថែមទៀតមកត្រឹមតែ៤លានដុល្លារប៉ុណ្ណោះ ដែលទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងជំរុញឱ្យបានខ្លាំងក្លាថែមទៀត ក្នុងការទាក់ទាញវិនិយោគគិនចិន ឱ្យវិនិយោគលើវិស័យកសិកម្ម។

លោកបន្តថា «ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បើកទូលាយទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងត្រៀមលក្ខណៈរួចជាស្រេច ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងការវិនិយោគថ្មីថែមទៀតពីប្រទេសចិន ក្នុងវិស័យកសិកម្ម ដើម្បីបម្រើផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ»

បណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន និងជាអ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា ការវិនិយោគរបស់ចិនលើវិស័យកម្មនៅកម្ពុជា មានចំនួនតិចតួចនៅឡើយ ដោយសារតែវិស័យកសិកម្មនៅកម្ពុជា មិនមែនជាវិស័យដែលផ្តល់ប្រាក់ចំណេញច្រើន ហេតុនេះហើយវិស័យកសិកម្ម ហាក់មិនសូវទទួលបានការចាប់អារម្មណ៍ពីវិនិយោគិនចិនឡើយ ខុសពីវិស័យឧស្សាហកម្ម វិស័យសំណង់ និងអចលនទ្រព្យ។

លោកបន្ថែមថា ប្រសិនបើរាជរដ្ឋាភិបាល នៅតែជំរុញការអភិវឌ្ឍន៍វិស័យអចលនទ្រព្យឱ្យខ្លាំងកា្ល នោះវិស័យកសិកម្ម និងមិនមានការវិនិយោគច្រើននោះទេ។

លោកបានពន្យល់ទៀតថា «រដ្ឋាភិបាលត្រូវតែគាំទ្រទៅដល់វិស័យកសិកម្មនេះ ជាពិសេសគឺការសម្បទានដី ការបង្កើតប្រព័ន្ធធានារាស្រ្ត និងអគ្គិសនី លើកទឹកចិត្តឱ្យមានការកែច្នៃកសិផល ទើបយើងធ្វើការនាំចេញកសិផលទៅកាន់ប្រទេសចិនបាន។ ជាមួយគ្នានេះ នៅប្រទេសចិន មានការផលិតកសិផលនេះច្រើន ព្រោះនៅប្រទេសចិនមិនទុកឱ្យដីនៅទំនេរទេ កន្លែងណាក៏ធ្វើកសិកម្មដែរ »

បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអគ្គនាយករងនៃក្រុមហ៊ុន ម៉ុង ឬទ្ធីគ្រុប បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា កម្ពុជាមានផ្ទៃដីធំទូលាយ និងទុកចោលច្រើន ដែលគួរតែប្រើប្រាស់ឱ្យអស់សក្តានុពល ក្នុងការទាក់ទាញវិនិយោគិនចិន ខណៈកន្លងមកហាក់ប្រើប្រាស់ដី ដែលនៅទំនេរមិនទាន់អស់លទ្ធភាពនៅឡើយទេ ស្របពេលដែលកសិករមួយចំនួន បានបោះបង់ការធ្វើកសិកម្ម ហើយពាណិជ្ជករភាគច្រើនចាប់អារម្មណ៍ តែទៅលើការទិញលក់ផ្នែកអចលនទ្រព្យ។

បណ្ឌិត តាន់ មុនីវណ្ណ ចង់ឱ្យស្ថាប័នពាក់ព័ន្ធពង្រឹង ទៅលើសហគមន៍កសិកម្ម ឱ្យបានកាន់តែប្រសើរជាងមុន ព្រោះក្រុមហ៊ុនចិន ដែលចូលមកក៏ត្រូវការការពឹងផ្អែក ទៅលើសហគមន៍ផងដែរ ប៉ុន្តែសហគមន៍កសិកម្មនៅកម្ពុជា មិនទាន់ខ្លាំងនៅឡើយ។

លោកបន្តថា ការវិនិយោគពីនៅមានចំនួនតិចតួចនេះ ស្របពេលដែលការនាំចេញផលិតផលកសិកម្ម ទៅប្រទេសចិននៅមានតិចតួច ខណៈដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ ដែលបានចូលជាធរមានកាលពីដើមឆ្នាំនេះ មិនទាន់ធ្វើឱ្យកម្ពុជានាំចេញបានភ្លាមៗនោះទេ ហើយការវិនិយោគលើវិស័យកសិកម្ម ត្រូវការពេលយូរ ក្នុងការរៀបចំ ដើម្បីទទួលបានទិន្នផល ។

យោងតាមការកត់ត្រាទិន្នន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២២នេះ គម្រោងវិនិយោគក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្ម មានចំនួន៧គម្រោង ក្នុងទុនវិនិយោគជាង១០៤លានដុល្លារ ថយចុះ៥គម្រោង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ដែលមាន១២គម្រោង ក្នុងទុនវិនិយោគ ជាង១១៧លានដុល្លារ។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម ក្នុងឆ្នាំ២០២១ កម្ពុជាបាននាំចេញកសិផលទៅប្រទេសចិនចំនួន ជាង៨៣ម៉ឺនតោន គិតជាទឹកប្រាក់ស្មើនឹងជិត ៧០០លានដុល្លារ។ សម្រាប់រយៈពេល ៩ ខែ ដើមឆ្នាំនេះ ការនាំចេញកសិផលទៅប្រទេសចិនសម្រេចបានជាង ៥៨ ម៉ឺនតោន គិតជាទឹកប្រាក់ប្រមាណជាង ៤៩១ លានដុល្លារ៕