(ហ្សឺណែវ)៖ អង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅថ្ងៃពុធសប្តាហ៍នេះបានទម្លាក់ការព្យាករពាណិជ្ជកម្មសកលរបស់ខ្លួនសម្រាប់ឆ្នាំ២០២៣ ដោយសារសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន និងវិបត្តិផ្សេងទៀតបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់សំដីរបស់លោកស្រី Ngozi Okonjo-Iweala ប្រធានអង្គការពាណិជ្ជកម្មពិភបលោក ខណៈថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវថា៖ «សព្វថ្ងៃនេះ សេដ្ឋកិច្ចពិភពលោកប្រឈមមុខនឹងវិបត្តិច្រើនមុខព្រួញ។ ការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុកំពុងដាក់បន្ទុកលើកំណើនសេដ្ឋកិច្ចរបស់ប្រទេសជាច្រើននៅទូទាំងពិភពលោក»

ក្រុមសេដ្ឋវិទូរបស់អង្គការ WTO ក៏បានឱ្យដឹងផងដែរថា ឥឡូវនេះពួកគេរំពឹងថា ទំហំពាណិជ្ជកម្មទំនិញសកលនឹងកើនឡើង ៣,៥ភាគរយនៅឆ្នាំនេះ ដែលខ្ពស់ជាងការរំពឹងទុកពីមុនបន្តិច។ ទោះជាយ៉ាងណា សម្រាប់ឆ្នាំ២០២៣ វិញ បរិមាណពាណិជ្ជកម្មទំនិញសកលនេះនឹងកើនឡើងត្រឹមតែ ១ភាគរយប៉ុណ្ណោះ ពោលគឺធ្លាក់ចុះយ៉ាងខ្លាំងធៀបការព្យាករកាលពីខែមេសាដែលថាមាន ៣,៤ភាគរយ។

លោកស្រី Okonjo-Iweala បានថ្លែងថា៖ «រូបភាពសម្រាប់ឆ្នាំ២០២៣ មានភាពងងឹតគួរឱ្យកត់សម្គាល់»

យោងតាមអង្គការ WTO ការកើនឡើងតម្លៃថាមពលនៅអឺរ៉ុប ដែលកើតចេញពីសង្គ្រាមនៅអ៊ុយក្រែន ត្រូវបានគេរំពឹងថានឹងកាត់បន្ថយការចំណាយរបស់គ្រួសារ និងបង្កើនថ្លៃដើមផលិតកម្មនៅទ្វីបនេះ។ ទន្ទឹមនឹងនេះ ការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុនៅសហរដ្ឋអាមេរិកកំពុងប៉ះពាល់ដល់វិស័យលំនៅឋា យានយន្តនិងការវិនិយោគថេរ ហើយប្រទេសចិននៅតែប្រឈមនឹងការផ្ទុះជំងឺកូវីដ-១៩ និងការរំខានដល់ផលិតកម្ម។

អង្គការ WTO បានឱ្យដឹងទៀតថា ការចំណាយលើការនាំចូលប្រេងឥន្ធនៈ អាហារ និងជីដែលកំពុងកើនឡើង ប្រឈមនឹងហានិភ័យដែលនាំឱ្យមានអសន្តិសុខស្បៀងកាន់តែខ្លាំង និងបញ្ហាបំណុលនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ ប្រសិនបើការព្យាករនេះកើតមានឡើងមែន ពាណិជ្ជកម្មពិភពលោកនឹងថយចុះខ្លាំងនៅឆ្នាំក្រោយ ប៉ុន្តែនឹងនៅតែបន្តមានកំណើនដដែល។

ស្ថាប័នពាណិជ្ជកម្មពិភពលោកមួយនេះបានសង្កត់ធ្ងន់លើភាពមិនច្បាស់លាស់ខ្លាំងជុំវិញការព្យាករនេះ ដោយសារតែ «ការផ្លាស់ប្តូរគោលនយោបាយរូបិយវត្ថុក្នុងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន និងលក្ខណៈដែលមិនអាចទាយទុកជាមុនបាននៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន»

អង្គការ WTO បានព្រមានថា ប្រសិនបើស្ថានការណ៍កាន់តែយ៉ាប់យ៉ឺន កំណើនពាណិជ្ជកម្មនៅឆ្នាំក្រោយអាចទាបរហូតដល់ -២,៨ភាគរយ ប៉ុន្តែអង្គការនេះបានសង្កត់ធ្ងន់ថា ប្រសិនបើអ្វីៗផ្លាស់ប្តូរក្នុងទិសដៅវិជ្ជមាន វាអាចកើនឡើងដល់ ៤,៦ភាគរយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP៕