(រីយ៉ាដ)៖ ការដើរថយក្រោយនៃសេដ្ឋកិច្ចសកលអាចជៀសវាងបាន ប្រសិនបើគោលនយោបាយសារពើពន្ធរបស់រដ្ឋាភិបាលនានាមានភាពស៊ីចង្វាក់គ្នាជាមួយនឹងការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ ប៉ុន្តែទំនងជាមានប្រទេសដែលធ្លាក់ចូលទៅក្នុងការដើរថយក្រោយនៃសេដ្ឋកិច្ចនៅឆ្នាំក្រោយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

លោកស្រី Kristalina Georgieva អគ្គនាយកមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានថ្លែងកាលពីថ្ងៃចន្ទថា នៅក្នុងបរិបទនៃការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ គោលនយោបាយសារពើពន្ធមិនអាចនៅស្ងៀមបានទេ ដោយសារតែវិបត្តិឡើងថ្លៃចំណាយលើការរស់នៅកំពុងវាយលុកផ្នែកខ្លះនៃសង្គមយ៉ាងខ្លាំង។

លោកស្រី Georgieva បានប្រាប់រ៉យទ័រក្នុងបទសម្ភាសមួយក្នុងអំឡុងពេលទស្សនកិច្ចនៅប្រទេសអារ៉ាប៊ីសាអូឌីតថា៖ «យើងត្រូវការធនាគារកណ្តាលឱ្យចាត់វិធានការភ្លាមៗ។ ហេតុអ្វី? គឺដោយសារអតិផរណាកើនឡើងខ្លាំង វាអាក្រក់សម្រាប់កំណើនសេដ្ឋកិច្ច ហើយវាអាក្រក់ខ្លាំងសម្រាប់ប្រជាជនក្រីក្រ។ អតិផរណាគឺជាពន្ធដែលដកហូតលើប្រជាជនក្រីក្រ»

លោកស្រីបានបន្ថែមថា គោលនយោបាយសារពើពន្ធដែលគាំទ្រដល់មនុស្សគ្រប់គ្នាដោយមិនរើសអើងតាមរយៈការទប់ស្កាត់កំណើនតម្លៃថាមពល និងការផ្តល់ប្រាក់ឧបត្ថម្ភនានា កំពុងដំណើរការប្រឆាំងនឹងគោលបំណងរបស់គោលនយោបាយរូបិយវត្ថុ។

បន្ទាប់ពីចូលរួមក្នុងសន្និសីទស្តីពីសន្តិសុខស្បៀងនៅរដ្ឋធានីរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត លោកស្រី Georgieva មានប្រសាសន៍ថា៖ «ដូច្នេះ អ្នកមានគោលនយោបាយរូបិយវត្ថុដែលកំពុងជាន់លើហ្វ្រាំង និងគោលនយោបាយសារពើពន្ធដែលកំពុងជាន់លើឈ្នាន់បង្កើនល្បឿន (ឈ្នាន់ហ្គែរ)»

រដ្ឋាភិបាលនានាជុំវិញពិភពលោកបានចាត់វិធានការជួយដល់ប្រជាជនរបស់ខ្លួនក្នុងគ្រាដែលមានអតិផរណាខ្ពស់ និងកង្វះស្បៀងអាហារតាមរយៈការដំឡើងអត្រាការប្រាក់ដែលអនុវត្តតាមការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលសហរដ្ឋអាមេរិក ដែលបានបង្កឱ្យមានរលកអាក្រក់រសាត់នៅទូទាំងទីផ្សារហិរញ្ញវត្ថុ និងសេដ្ឋកិច្ច។

កាលពីព្រឹកថ្ងៃចន្ទដើមសប្តាហ៍នេះ ទីភ្នាក់ងារមួយអង្គការសហប្រជាជាតិបានព្រមានពីផលវិបាកធ្ងន់ធ្ងរនៃការដើរថយក្រោយនៃសេដ្ឋកិច្ចសកលដែលជំរុញដោយគោលនយោបាយរូបិយវត្ថុនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ ទីភ្នាក់ងារនេះបានអំពាវនាវឱ្យមានយុទ្ធសាស្រ្តថ្មីមួយ រួមទាំងពន្ធសាជីវកម្មដែលទទួលបានផលចំណេញពីឱកាសខុសធម្មតា (windfall tax) ការខិតខំប្រឹងប្រែងផ្នែកផ្គត់ផ្គង់ និងបទប្បញ្ញត្តិស្តីពីការជួញដូរទំនិញបែបកេងចំណេញ។

លោកស្រី Georgieva បានអំពាវនាវឱ្យធនាគារកណ្តាលអាមេរិកមានការប្រុងប្រយ័ត្នបំផុតនៅក្នុងគោលនយោបាយរបស់ខ្លួន ហើយត្រូវប្រយ័ត្នពីផលប៉ះពាល់ដែលរីករាលដាលមកលើប្រទេសផ្សេងទៀតនៅក្នុងពិភពលោក។ លោកស្រីបន្ថែមថា វាគឺជាការទទួលខុសត្រូវ «យ៉ាងខ្ពស់» របស់ធនាគារកណ្តាលអាមេរិក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕