(ភ្នំពេញ)៖ ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគសរុបចំនួន១៥០គម្រោង ក្រោមទុនវិនិយោគ​ ៣៥០០លានដុល្លារ ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២២។ នេះបើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

គម្រោងវិនិយោគទាំង១៥០គម្រោងនេះ ភាគច្រើនរួមមាន៖ គម្រោងបង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ស្បែកជើង កាបូប សម្ភារធ្វើដំណើរ, គម្រោងបង្កើតរោងចក្រកែច្នៃវេចខ្ចប់ផ្លែឈើ, គម្រោងផលិតសំបក កង់យានយន្ត, រោងចក្រផលិតសម្ភារៈបរិក្ខារប្រើប្រាស់ខ្សែភ្លើង និងផលិតផលផ្លាស្ទិក, គម្រោងបង្កើតរោងចក្រដំឡើងរថយន្ដ និងគម្រោងលើវិស័យដទៃៗជាច្រើនទៀត។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោក សុខ ចិន្ដាសោភា រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី អគ្គលេខាធិការ CDC បានបញ្ជាក់ថា គម្រោងវិនិយោគនៅរយៈពេល៩ខែ ឆ្នាំ២០២២នេះ មានការកើនឡើងចំនួន១៦គម្រោង ខណៈទុនវិនិយោគមានការកើនឡើងប្រមាណ១០១លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២១។

ក្នុងរយៈពេល៩ខែ ឆ្នាំ២០២២នេះ ការវិនិយោគក្នុងស្រុក បានឈរនៅលំដាប់លេខវៀងទី១ ដោយ​បានចូលរួមចំណែកប្រមាណ៥១% នៃទុនវិនិយោគសរុប ខណៈការវិនិយោគមកពីប្រទេសចិន បានឈរនៅលំដាប់លេខរៀងទី២។

លោក សុខ ចិន្ដាសោភា បានបញ្ជាក់ទៀតថា តួលេខវិនិយោគនៅរយៈពេល៩ខែ ឆ្នាំ២០២២នេះ មានការកើនឡើងទាំងចំនួនគម្រោងវិនិយោគ និងទុនវិនិយោគ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលការនេះពុំមែនជាការចៃដន្យនោះទេ តែកើតចេញពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទទួលជ័យជម្នះ ក្នុងសមរភូមិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈប្រើប្រាស់វ៉ាក់សាំងជាអាវុធយុទ្ធសាស្ត្រគន្លឹះ កត្តានេះបានផ្ដល់លទ្ធភាពឱ្យកម្ពុជា អាចបើកដំណើរការសង្គមសេដ្ឋកិច្ច លើគ្រប់វិស័យឡើងវិញ ចាប់តាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១មក។

លោករដ្ឋមន្ត្រីបន្តថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងបន្តខិតខំជំរុញ និងទាក់ទាញការវិនិយោគ តាមរយៈបន្តពង្រឹងយន្តការថែទាំវិនិយោគ និងការបន្តចូលរួមអនុវត្តនូវវិធានការកែទម្រង់នានា របស់រាជរដ្ឋាភិបាល ពិសេសវិធានការទាំងឡាយ ដែលសម្រួលដល់ការវិនិយោគសម្រាប់វិនិយោគិនក្នុង និងក្រៅប្រទេស៕