(ភ្នំពេញ)៖ លោក រស់ ភីរុណ អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានថ្លែងថា ការបើកយុទ្ធនាការបង្រ្កាបល្បែងខុសច្បាប់នៅកម្ពុជា និងការរឹតបន្តឹងច្បាប់ ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម គឺជាការលុបបំបាត់ត្រីតូច ដើម្បីស្ទូចយកត្រីធំ ពោលគឺចាប់ពេលនេះទៅកាស៊ីណូតូចតាច ដែលមានដើមទុនតិច ឬកាស៊ីណូដែលមិនបំពេញបាននូវលក្ខខណ្ឌច្បាប់ អាចមិនត្រូវបានផ្តល់អាជ្ញាបណ្ណបន្តសុពលភាព​ ​លុះត្រាតែ​កាស៊ីណូដែលមានទុនវិនិយោគធំតាមច្បាប់តម្រូវ ទើបអាចវិនិយោគលើវិស័យល្បែងនៅកម្ពុជាបាន។

លោក រស់ ភីរុណ ថ្លែងប្រាប់អ្នកសារព័ត៌មានបែបនេះ ធ្វើឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ​ «ច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម» នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២នេះ នៅសណ្ឋាគារសូហ្វីតែលភូគីត្រា។

លោកបញ្ជាក់ថា ការបង្រ្កាបល្បែងខុសច្បាប់ ដែលធ្វើឡើងដូចភ្លៀងរលឹម​ តាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាពេលនេះនឹងជះឥទ្ធិពលជា​វិជ្ជមាន ដល់អ្នកវិនិយោគលើវិស័យល្បែងស្របច្បាប់ ហើយកាស៊ីណូតូចៗ ដែលមិនអាចបំពេញតាមលក្ខខណ្ឌច្បាប់ នឹងមិនអាចបន្តបើកដំណើរការបាននោះទេ។ ករណីនេះ រាជរដ្ឋាភិបាលរំពឹងថា វិស័យល្បែងពាណិជ្ជកម្មនៅកម្ពុជា នឹងកាន់តែរីកចម្រើន​ តាមរយៈការទាក់ទាញវិនិយោគធំៗ ​ដែលនឹងធ្វើឱ្យការប្រមូលចំណូលកើនឡើងវិញនាពេលខាងមុខ​ ​ខណៈពេលជាង២ឆ្នាំមកនេះ ចំណូលពីវិស័យកាស៊ីណូ បានធ្លាក់ចុះ​យ៉ាងខ្លាំង។

លោកពន្យល់ថា «​នៅក្នុងការអនុវត្តច្បាប់ ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មនាពេលនេះ គោលបំណង គឺយើងចង់បានអ្នកដែលវិនិយោគធំៗ ហេតុនេះ​ហើយបានជាច្បាប់នេះ តម្រូវឱ្យមានដើមទុនអប្បបរមា សម្រាប់កាស៉ីណូដែលមានស្រាប់ គឺយើងមានរយៈពេលអនុគ្រោះដល់អ្នកវិនិយោគ តែ​សម្រាប់អ្នកបើកថ្មី គឺមិនមានការអនុគ្រោះនោះទេ ទាល់តែមានដើមទុន​ច្រើន គឺសំដៅថា អ្នករកស៊ីនៅក្នុងវិស័យនេះ ទាល់តែមានលុយច្រើន ដើម្បីជួយដល់ការងារប្រជាពលរដ្ឋ ហើយនៅក្នុងការអនុវត្តច្បាប់របស់យើងនេះ អ្នកដែលតូចៗនឹងត្រូវជំរុះ។​ កាលពីមុនៗ អ្នកតូចៗអាចធ្វើ​បាន ដែលធ្វើឱ្យឃើញមានចំនួនច្រើន តែមកដល់ពេលនេះ គឺជាពេលដែលយើងត្រូវចម្រាញ់យកគុណភាព ដូច្នេះហើយអ្នកតូចៗ គឺត្រូវជម្រុះច្រើនតែម្តង ហើយត្រូវជម្រុះច្រើនបន្តទៅ រហូតដល់ទុកអ្នកធំដែលតម្រូវដោយច្បាប់»

លោកបន្ថែមថា ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ក្នុងពេលរីករាលដាលនៃជំងឺកូវីដ១៩ បានធ្វើឱ្យកាស៊ីណូ ​ស្ទើរទាំងស្រុងនៅកម្ពុជា បានបិទទ្វារបណ្តោះអាសន្ន ​ទើបតែចាប់ផ្តើមបើកឡើងវិញជាបណ្តើរ តែយ៉ាងណាកាស៊ីណូតូចមួយចំនួន នឹងមិនអាចបើកឡើងវិញបានទេ ដោយសារតែមិនបានបំពេញនូវលក្ខខណ្ឌច្បាប់។

បើតាមអគ្គលេខាធិការ​រូបនេះ នាពេលបច្ចុប្បន្ននេះ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានបន្តសុពលភាពអាជ្ញាបណ្ណ ទៅតាមលក្ខខណ្ឌតម្រូវនៃច្បាប់ ជូនក្រុមហ៊ុនដែលបានដាក់ពាក្យស្នើសុំអាជ្ញាបណ្ណកាស៊ីណូ បានចំនួន ៨៦ក្រុមហ៊ុន, ល្បែងផ្សងសំណាងចំនួន ១៦ក្រុមហ៊ុន និងបានកំពុងបន្តវាយតម្លៃបន្តសុពលភាពអាជ្ញាបណ្ណ ទៅដល់កាស៊ីណូមួយចំនួនទៀត ជាបន្តបន្ទាប់។

យោងតាមអនុក្រឹត្យអនុក្រឹត្យ ស្តីពីការកំណត់ដើមទុនអប្បមា សម្រាប់ប្រតិបត្តិការល្បែងការស៊ីណូ បានកំណត់ថា ដើមទុនអប្បបរមា សម្រាប់ប្រតិបត្តិការល្បែងកាស៊ីណូ ដែលស្ថិតក្នុងមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ ត្រូវមានចាប់ពី ៨០០ប៊ីលានរៀល ឬប្រមាណជិត ២០០លានដុល្លារឡើង និងកាស៊ីណូដែលមិនស្ថិតក្នុងមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ ត្រូវមានដើមចាប់ពី ៤០០ប៊ីលានរៀល ឬប្រមាណជិត១០០លានដុល្លារ។

នៅឆមាសទី១ ឆ្នាំ២០២២ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រមូលចំណូលពីវិស័យ ល្បែងពាណិជ្ជកម្មនៅកម្ពុជា បានប្រមាណជិត៤០លានដុល្លារ​ ក្នុងនោះចំណូលពីកម្រៃផ្សេងៗបានចំនួន ១៤២ ២០២.១១លានរៀល ឬប្រមាណជាង៣៤លានដុល្លារ, ចំណូលកាតព្វកិច្ចពីល្បែងកាស៊ីណូ​ បានចំនួនជាង ១២ ៦៤១. ៣៨លានរៀល ឬប្រមាណ ៣.១ ដុល្លារ និងចំណូលកាតព្វកិច្ចពីល្បែងផ្សងសំណាង ( ឆ្នោត-ឡូតូ) មានចំនួន ១ ៩៣៣.០៧លានរៀល ប្រមាណជាង៤៦ម៉ឺនដុល្លារ៕