(ភ្នំពេញ)៖ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ​ «ច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម» ដើម្បីបញ្រ្ជាបចំណេះដឹងទៅដល់ស្ថាប័នសាធារណៈទាំងអស់ ជាពិសេសគឺស្ថាប័នអ្នកអនុវត្តច្បាប់ ​ដែលរួមមានអភិបាលនៃគណៈអភិបាលខេត្ត សមត្ថកិច្ចពាក់ព័ន្ធ ព្រះរាជអាជ្ញា និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្តជាដើម ​ឱ្យពួកគាត់កាន់តែជ្រួតជ្រាប អំពីច្បាប់គ្រប់គ្រងល្បែងពាណិជ្ជកម្មនៅកម្ពុជា ដើម្បីជំរុញការពារល្បែងស្របច្បាប់ និងបង្រ្កាបក្រុមល្បែងខុសច្បាប់ នៅកម្ពុជាឱ្យអស់​ ​ដែលនឹងធ្វើឱ្យការប្រមូលចំណូលពីវិស័យនេះ នាពេលខាងមុខឱ្យកាន់តែមានប្រសិទ្ធិភាព។

លោក រស់ ភីរុណ អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយ​ «ច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម» នៅថ្ងៃទី៤ ខែតុលានេះថា នេះជាលើកទី១ ដែលគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានរៀបចំសិក្ខាផ្សព្វច្បាប់ ស្តីពីគ្រប់គ្រងល្បែងពាណិជ្ជកម្ម ដល់អ្នកពាក់ព័ន្ធទាំងអស់ បន្ទាប់ពីច្បាប់នេះបានដាក់​ឱ្យអនុវត្ត កាលពីខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីជំរុញការអនុវត្តច្បាប់នេះ កាន់តែមានប្រសិទ្ធភាព។ នាពេលខាងមុន គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា នឹងបន្តជំរុញការផ្សព្វផ្សាយដល់ប្រតិបត្តិករ ដែលជាអ្នកវិនិយោគស្វែងយល់ឱ្យបានច្បាស់ ពីច្បាប់នេះផងដែរ។

លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការអញ្ជើញអ្នកចូលរួមនៅថ្ងៃនេះ គឺសុទ្ធតែអ្នកធ្វើផ្ទាល់ បញ្ជាផ្ទាល់ ដូច្នេះហើយនឹងជំរុញការអនុវត្តច្បាប់របស់យើងប្រកបដោយប្រសិទ្ធភាព។ គោលបំណងនៃច្បាប់ គឺដើម្បីធ្វើយ៉ាងណា បង្កើនកំណើនសេដ្ឋកិច្ចលើកកម្ពស់វិស័យទេសចរណ៍ បង្កើតចំណូលថវិកាជាតិ ក៏ដូចជាបង្កើតការងារជូនប្រជាពលរដ្ឋ ក៏ដូចជាការរក្សាសន្តិសុខនឹងសណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អប្រសើរ ហើយនៅក្នុងសិក្ខាសាលារបស់យើងនៅព្រឹកនេះ គឺធ្វើការយ៉ាងណាដើម្បីផ្តល់នូវចំណេះដឹងដល់អ្នកអនុវត្តច្បាប់ទាំងអស់នោះ ឱ្យលោកបានយល់ពីច្បាប់របស់យើង ហើយជួយបង្រ្កាបអ្នកធ្វើខុសច្បាប់»

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវច្បាប់នេះ នឹងរឹតបន្តឹងការគ្រប់គ្រងវិស័យល្បែងពាណិជ្ជកម្មឱ្យកាន់តែរឹងមាំ ដែលនឹងផ្តល់ផលប្រយោជន៍ជាអតិបរមា ដល់សេដ្ឋកិច្ចជាតិ និងប្រជាជនកម្ពុជា តាមរយៈការបង្កើតនូវយន្តការស្ថាប័នសមស្រប សំដៅពង្រឹងនូវសុវត្ថិភាព សន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់សង្គម បង្កើតការងារ លើកកម្ពស់វិស័យទេសចរណ៍ និងការអភិវឌ្ឍ ជាពិសេសនៅតាមតំបន់ព្រំដែន និងតំបន់ជាប់មាត់សមុទ្រ។

អគ្គបណ្ឌិតសភាចារ្យបន្តទៀតថា«​ ដើម្បីឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន នៃការរីករាលដាលល្បែងស៊ីសងខុសច្បាប់ និងលើកកម្ពស់វិស័យល្បែងពាណិជ្ជកម្មស្របច្បាប់ រាជរដ្ឋាភិបាលបានបង្កើតក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ តាមរយៈសេចក្តីសម្រេចលេខ ៦២ សសរ ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ដែលដឹកនាំដោយរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងមានសមាសភាពចូលរួមពីគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាផងដែរ។ ក្រុមការងារនេះ មានតួនាទី និងភារកិច្ចជាចម្បងក្នុងការរៀបចំផែនការ វិធាន គោលការណ៍ណែនាំ ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អនុវត្តបង្រ្កាបនូវរាល់ការលេងល្បែងស៊ីសងខុសច្បាប់ និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីធ្វើការស្រាវជ្រាវ និងចាត់វិធានការបង្រ្កាបនូវទីតាំងលេងល្បែងស៊ីសងខុសច្បាប់»។

លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា រំពឹងថា ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវច្បាប់នេះ នឹងរឹតបន្តឹងការគ្រប់គ្រងវិស័យកាស៊ីណូ និងល្បែងពាណិជ្ជកម្មផ្សេងៗឱ្យកាន់តែរឹងមាំ ដែលនឹងផ្តល់ផលប្រយោជន៍ជាអតិបរមា ដល់សេដ្ឋកិច្ចជាតិ និងប្រជាជនកម្ពុជា តាមរយៈការបង្កើតនូវយន្តការស្ថាប័នសមស្រប សំដៅពង្រឹងនូវសុវត្តិភាពសន្តិសុខ របៀបរៀបរយ និងសណ្តាប់ធ្នាប់សង្គមព្រមទាំងចូលរួមធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយដៃគូពាក់ព័ន្ធ។

លោកបន្ថែមថា «ជាថ្មីម្តងទៀត ខ្ញុំសូមលើកកម្ពស់ស្មារតីដល់អាជ្ញាធរសាធារណៈពាក់ព័ន្ធ ក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន និងស្នើសុំឱ្យមានការចូលរួមសហការអនុវត្តច្បាប់ ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មនេះ ឱ្យបានសកម្ម និងមានប្រសិទ្ធភាពខ្ពស់បំផុត»