(កូឡាឡាំពួរ)៖ រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិកបានដំឡើងចំណាត់ថ្នាក់សុវត្ថិភាពផ្លូវអាកាសរបស់ប្រទេសម៉ាឡេស៊ីពីចំណាក់ថ្នាក់ប្រភេទទី២ (Category ២) ទៅប្រភេទទី១ (Category 1) ដែលអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីពង្រីកជើងហោះហើរទៅកាន់សហរដ្ឋអាមេរិក បន្ទាប់ពីបានផ្អាកអស់រយៈពេលបីឆ្នាំ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AP របស់អាមេរិក ។

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនម៉ាឡេស៊ីលោក Wee Ka Siong បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃសៅរ៍សប្តាហ៍មុនថា ការដំឡើងចំណាត់ថ្នាក់​របស់ម៉ាឡេ​ស៊ី​នេះនឹងជំរុញកំណើនទេសចរណ៍ និងសេដ្ឋកិច្ចនៅក្នុងប្រទេសម៉ាឡេស៊ី ដែលបានបើកទ្បើងពីការបិទខ្ទប់ដើម្បីទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ កាលពីខែមេសា។

លោក Wee ដែលកំពុងស្ថិតនៅទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា ដើម្បីចូលរួមក្នុងសន្និបាតរបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) បាននិយាយថា៖ «ជាមួយនឹងការវិលត្រឡប់ទៅកាន់ប្រភេទទី១ វិញក្រុមហ៊ុនអាកាសចរណ៍របស់យើងឥឡូវនេះអាចភ្ជាប់ជើងហោះហើរថ្មីទៅកាន់សហរដ្ឋអាមេរិក និងមានកិច្ចព្រមព្រៀង​ចែករំលែកជើងហោះហើរជាមួយក្រុមហ៊ុនអាកាសចរណ៍អាមេរិក។ ឥឡូវនេះ មិនមានឧបសគ្គទៀតទេ។ នេះជាដំណឹងល្អបន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩»

លោក Riad Asmat នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ផ្តល់សេវាហោះហើរតម្លៃទាប AirAsia Malaysia បាននិយាយថា វាគឺជាការចាប់ផ្តើមដ៏ល្អ។ លោកបាន​បន្ថែមថា ក្រុមហ៊ុន AirAsia ដែលបច្ចុប្បន្នគឺជាក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីតែមួយគត់ដែលហោះហើរទៅកាន់​សហរដ្ឋអាមេរិកពីទីក្រុង​គូឡាឡាំពួទៅ​កាន់ទីក្រុង​ហូនូលូលូ នឹងស្វែងរកឱកាសពង្រីកជើងហោះហើរនៅសហរដ្ឋអាមេរិក។

រដ្ឋបាល FAA អាមេរិកបានទម្លាក់ចំណាត់ថ្នាក់សុវត្ថិភាពផ្លូវអាកាសរបស់ប្រទេសម៉ាឡេស៊ីក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ មកនៅចំណាត់ថ្នាក់ប្រភេទទី២ ដោយសារការ​មិនអនុលោមតាមស្តង់ដារសុវត្ថិភាព។ FAA បានកំណត់ចំណុចខ្វះខាតនៅក្នុងផ្នែកនានា រួមទាំងជំនាញបច្ចេកទេសការរក្សាកំណត់ត្រា និងនីតិវិធីត្រួតពិនិត្យ។

នៅក្រោមប្រព័ន្ធរបស់រដ្ឋបាល FAA ប្រទេសស្ថិតក្នុងបញ្ជីជាប្រភេទទី១ មានន័យថាបានបំពេញតាមស្តង់ដារអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ ចំណែកឯក្នុង​ប្រភេទទី២ មិនបំពេញតាមស្តង់ដារ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP៕