(សិង្ហបុរី)៖ ប្រេងឆៅប្រភេទ Brent នៅថ្ងៃចន្ទដើមសប្តាហ៍នេះត្រូវបានជួញដូរក្នុងតម្លៃជាង ៨៧ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ឡើងថ្លៃជាង ៣ភាគរយនៅក្នុងការជួញដូរនៅទីផ្សារអាស៊ី ខណៈពេលដែលអង្គការ OPEC + ពិចារណាកាត់បន្ថយទិន្នផលប្រេង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅក្នុងកិច្ចសន្យាជួញដូរប្រេងអនាគតសម្រាប់ប្រេងប្រភេទ Brent របស់អង់គ្លេសបានឡើងថ្លៃ ២,៥១ ដុល្លារអាមេរិក ឬ ៣ភាគរយ ដល់ ៨៧,៦៥ ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីបានធ្លាក់ចុះ ០,៦ ភាគរយកាលពីថ្ងៃសុក្រ។ ប្រេងឆៅប្រភេទ West Texas Intermediate របស់អាមេរិកក៏បានកើនឡើង ៣ភាគរយ ឬ ២,៣៩ ដុល្លារអាមេរិកផងដែរដល់ ៨១,៨៨ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីធ្លាក់ថ្លៃ២,១ភាគរយនៅថ្ងៃសុក្រ។

តម្លៃប្រេងបានធ្លាក់ចុះរយៈពេល ៤ខែជាប់គ្នាគិតចាប់តាំងពីខែមិថុនា ដោយសារការបិទខ្ទប់ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ នៅប្រទេសចិនដែជាអ្នកប្រើប្រាស់ថាមពល​ច្រើនជាង​គេនៅក្នុងពិភពលោក ធ្វើឱ្យប៉ះពាល់ដល់តម្រូវការប្រេង ខណៈពេលដែលការកើនឡើងអត្រាការប្រាក់ និងការឡើងថ្លៃប្រាក់ដុល្លារអាមេរិកបាន​ដាក់បន្ទុក​លើ​ទីផ្សារហិរញ្ញវត្ថុពិភពលោក។

ប្រភពពីអង្គការប្រទេសនាំចេញប្រេង OPEC និងសម្ព័ន្ធមិត្តរបស់ខ្លួនដែលហៅកាត់ថា OPEC+ បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ដើម្បីគាំទ្រតម្លៃ អង្គការ OPEC+ កំពុងពិចារណាកាត់បន្ថយទិន្នផលច្រើនជាង ១លានបារ៉ែលក្នុងមួយថ្ងៃ មុនពេលកិច្ចប្រជុំរបស់ខ្លួននៅថ្ងៃពុធសប្តាហ៍នេះ។

ប្រសិនបើមានការឯកភាពគ្នាមែនោះ ការកាត់បន្ថយទិន្នផលប្រេងនេះនឹងក្លាយជាការកាត់បន្ថយប្រចាំខែជាលើកទីពីរ​របស់ក្រុមប្រទេសផលិតប្រេងនេះបន្ទាប់​ពីកាត់បន្ថយទិន្នផល ១សែនបារ៉ែលក្នុងមួយថ្ងៃកាលពីខែមុន៕