(តូក្យូ)៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុនលោក Shunichi Suzuki បានឱ្យដឹងនៅថ្ងៃចន្ទថា ប្រទេសជប៉ុនបានត្រៀមខ្លួនរួចជាស្រេចដើម្បីចាត់វិធានការ «ចុងក្រោយ» នៅក្នុងទីផ្សារប្តូរប្រាក់បរទេស ប្រសិនបើប្រាក់យ៉េននៅតែប្រែប្រួលតម្លៃខ្លាំង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ដោយសំដៅលើការធ្លាក់ចុះយ៉ាងខ្លាំងនាពេលថ្មីៗនេះរបស់ប្រាក់យ៉េន លោក Suzuki បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រីជប៉ុនថា៖ «វាមានសារៈសំខាន់សម្រាប់រូបិយប័ណ្ណដើម្បីប្រែប្រួលតម្លៃប្រកបដោយស្ថិរភាព ដោយសារការប្រែប្រួលតម្លៃខ្លាំងទៅតែម្ខាងជាអ្វីដែលមិនចង់បាន»

លោកមានប្រសាសន៍ថា៖ «យើងបានធ្វើអន្តរាគមន៍កាលពីពេលកន្លងមក ហើយយើងបាននិយាយថា យើងនឹងចាត់វិធានការចុងក្រោយតាមការចាំបាច់។ គ្មានការសង្ស័យនោះទេថា វិធានការនេះគឺដើម្បីប្រឆាំងនឹងសកម្មភាពកេងចំណេញនានា»។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ជប៉ុនបានចំណាយប្រាក់រហូតដល់ ២,៨ពាន់ពាន់លានយ៉េន (១៩,៣៤ពាន់លានដុល្លារ) ដើម្បីធ្វើអន្តរាគមន៍ក្នុងទីផ្សារប្តូរប្រាក់រទេសកាលពីខែមុនដើម្បីជំរុញតម្លៃប្រាក់យ៉េន នៅពេលដែលរូបិយប័ណ្ណនេះបានធ្លាក់ចុះថ្លៃដល់កម្រិតទាបបំផុតក្នុងរយៈពេល ២៤ឆ្នាំដល់ជិត ១៤៦យ៉េនក្នុងមួយដុល្លារ។ នៅពេលចុងក្រោយបំផុតនេះ ប្រាក់យ៉េនត្រូវបានជួញដូរក្នុងតម្លៃ ១៤៤,៧៥យ៉េនក្នុងមួយដុល្លារ។

នៅពេលសួរអំពីទំហំធំនៃការធ្វើអន្តរាគមន៍ លោក Suzuki បាននិយាយថា ចំនួនទឹកប្រាក់នេះត្រូវបានសម្រេចដោយពិចារណាទៅលើកត្តាដ៏ទូលំទូលាយ៕