(ភ្នំពេញ)៖ អ្នកជំនាញក្នុងវិស័យធនាគារកម្ពុជា បានសម្លឹងឃើញថា ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ក្នុងវិស័យធនាគារនៅកម្ពុជា (Fintech) មានកំណើនខ្ពស់ បើធៀបជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាន ដោយសារតែអត្រាប្រជាជនកម្ពុជា មានវ័យក្មេងៗច្រើន ហើយពួកគេចូលចិត្តប្រើប្រាស់បច្ចេកវិទ្យាជំនាន់ក្រោយ។

ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានក្នុងសន្និសីទ ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ លោក Raymond Sia Say Guan ប្រធានសមាគមធនាគារនៅកម្ពុជា (ABC) បានថ្លែងថា ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងវិស័យហិរញ្ញវត្ថុ (Fintech) នៅកម្ពុជាមានកម្រិតខ្ពស់ បើធៀបជាមួយប្រទេសក្នុងតំបន់អាស៊ាន ដោយសារតែកម្ពុជា មានធនធានមនុស្សវ័យក្មេងច្រើន ហើយពួកគេចូលចិត្តការប្រើ ប្រាស់បច្ចេកវិទ្យាជំនាន់ចុងក្រោយ ដែលនេះជាលក្ខណៈពិសេសមួយរបស់កម្ពុជា។

លោកបន្ថែមទៀតថា ចំណុចមួយទៀត ក្នុងវិបត្តិនៃការរីករាយដាលនៃជំងឺកូវីដ១៩ រយៈពេលជាង២ឆ្នាំកន្លងមក បានជំរុញឲ្យវិស័យឌីជីថលនៅកម្ពុជានិយាយជារួម និងនិយាយដោយឡែក ការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យហិរញ្ញវត្ថុ (Fintech) មានការរីកចម្រើនយ៉ាងលឿន លើសពីការរំពឹកទុក។ ប្រជាជនបានធ្វើការទូទាត់ថ្លៃទំនិញសេវាកម្ម តាមរយៈប្រព័ន្ធធនាគារក្នុងទូរស័ព្ទរបស់ពួកគាត់។

លោក Raymond បានបញ្ជាក់ថា «ខ្ញុំមិនមានតួលេខចំណាត់ថ្នាក់ថា កម្ពុជាស្ថិតនៅក្នុងកម្រិតណាទេ លើការប្រើប្រាស់ Fintech ក្នុងតំបន់អាស៊ាន។ ខ្ញុំគ្រាន់តែអាចនិយាយបានថា ការប្រើប្រាស់ Fintech នៅកម្ពុជាមានកម្រិតខ្ពស់។ តាមរយៈបទពិសោធន៍របស់ខ្ញុំធ្វើការក្នុងតំបន់អាស៊ាន មុនមកកម្ពុជា ខ្ញុំឃើញថាការប្រើប្រាស់បច្ចេកវិទ្យាមានកម្រិតខ្ពស់ ហើយយើងអាចមើលឃើញថា ការប្រើប្រាស់បច្ចេកវិទ្យាក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក៏មានការកើនឡើងផងដែរ ហើយបទពិសោធន៍នៃវិបត្តិកូវីដ១៩ ក៏ជួយជំរុញឲ្យ Fintech នៅតែបន្តកើនឡើង»

បើតាមលោក Raymond សេវាអ៉ិនធើណិត ក៏ដើរតួនាទីយ៉ាងសំខាន់ ជំរុញឲ្យការប្រើប្រាស់ប្រព័ន្ធឌីជីថល មានភាពងាយស្រួល លឿន រហ័ស។ នៅកម្ពុជា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ លើបញ្ហាសេវាអ៉ិនធើណិននេះយ៉ាងខ្លាំង ដោយជំរុញឲ្យមានការវិនិយោគបន្ថែម ទាំងការដំឡើងបង្គោលអង់តែន ការអូសខ្សែកាប្លិ៍ក្រោមបាតសមុទ្រ ជាដើមធ្វើយ៉ាងណាផ្តល់នូវសេវាអ៉ិនធើណិត ប្រកបដោយស្ថិរភាព និងកាន់តែមានវិសាលភាពទៅដល់ទីជនបទ។ ដូច្នេះលោកជឿជាក់ថា ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា កាន់តែរីកចម្រើនថែមទៀតនាពេលខាងមុខ។

លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា បានថ្លែងថា ពាក់ព័ន្ធជាមួយការទូទាត់តាមប្រព័ន្ធឌីជីថល ធនាគារជាតិនៃកម្ពុជា បានបង្កើតផែនទីបង្ហាញផ្លូវ Fintech ឆ្នាំ២០២០-២០២៥ ដែលផ្តោតលើសរសរស្តម្ភចំនួន៣ ដើម្បីជំរុញឲ្យវិស័យនេះ មានការរីកចម្រើនលឿនថែមទៀត។

លោកបន្តថា នាពេលថ្មីៗកន្លងទៅនេះ យើងបានប្រកាសដោយអនុវត្តន៍ពេញលេញ នូវប្រព័ន្ធបាគង, KHQR ហើយក៏បានសហការជាមួយប្រទេសជាច្រើនក្នុងតំបន់ ជំរុញឲ្យមានការទូទាត់តាមប្រព័ន្ធបចេ្ចកវិទ្យា កាន់តែងាយស្រួល។ យើងក៏ចាប់ផ្តើមត្រួតពិនិត្យ លើអ្នកផ្តល់សេវាទូទាត់ផងដែរ ដើម្បីធានាថាអតិថិជន បានទទួលការការពារ ហើយមានការគ្រប់គ្រងហានិភ័យត្រឹមត្រូវ ជាពិសេសក្នុងអំឡុងពេលបច្ចេកវិទ្យាទូទាត់នេះ បន្តមានការវិវត្តន៍។

នៅឆមាសទី១ ឆ្នាំ២០២២ ប្រតិបត្តិការទូទាត់អេឡិចត្រូនិក បន្តកើនឡើងជាលំដាប់ ដូចជា ការផ្ទេរមូលនិធិជាប្រាក់រៀល តាមប្រព័ន្ធរីថែលផេ បានកើនឡើងជិត២ដង ហើយការទូទាត់តាមប្រព័ន្ធបាគង បានកើនឡើងដល់១៨.៥ ទ្រីលានរៀល ឬប្រមាណ៤.៥ ប៊ីលានដុល្លារអាមេរិក ដែលមានប្រតិបត្តិការសរុបចំនួន ៨.១ លានប្រតិបត្តិការ។

សូមជម្រាបថា នៅក្នុងសន្និសីទ ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលរៀបចំរយៈពេល២ថ្ងៃ គឺថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០២២ ដែលរៀបចំឡើងនៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ មានការចូលរួមពីវាគ្មិនសំខាន់ជាច្រើន ទាំងក្នុងស្រុក និងតំបន់អាស៊ាន រួមទាំងពីប្រទេសបារាំង និងអាហ្វ្រិកផងដែរ ដោយមានការចូលរួមដោយផ្ទាល់ផង និងតាមរយៈ Online ផងដែរ។ ក្នុងសន្និសីទក៏មានវេទិកា ពិភាក្សាអំពីការអភិវឌ្ឍន៍វិស័យ Fintech ដោយមានគោលបំណង ដើម្បីអភិវឌ្ឍន៍វិស័យវិស័យហិរញ្ញវ ត្ថុប្រកបដោយចីរភាព លើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ៕