(គូឡាឡាំពួរ)៖ ផ្សារហ៊ុនរបស់ប្រទេសម៉ាឡេស៊ីបានឱ្យដឹងនៅថ្ងៃចន្ទសប្តាហ៍នេះថា ខ្លួននឹងចាប់ផ្តើមដំណើរការទីផ្សារកាបូនដោយស្ម័គ្រចិត្ត (VCM) នៅចុងឆ្នាំនេះ ដោយមានគោលបំណងបង្កើនតម្លាភាព និងអនុញ្ញាតឱ្យក្រុមហ៊ុននានាអាចទិញឥណទានកាបូនដើម្បីប៉ះប៉ូវការបំភាយឧស្ម័នរបស់ពួកគេបាន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Muhamad Umar Swift នាយកប្រតិបត្តិផ្សារហ៊ុនម៉ាឡេស៊ី Bursa Malaysia នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ផ្សារជួញដូរថ្មីនេះនឹងលើកទឹកចិត្តឱ្យមានការវិនិយោគលើគម្រោងប៉ះប៉ូវកាបូនគុណភាពខ្ពស់ ដែលអាចរាប់បញ្ចូលទាំងគម្រោងនានា ដូចជាការដាំដើមឈើ ឬការប្តូរទៅប្រើឥន្ធនៈដែលមិនសូវបំពុលបរិស្ថានជាដើម។

ក្រុមអ្នករិះគន់និយាយថា ការប៉ះប៉ូវកាបូននេះអាចអនុញ្ញាតឱ្យក្រុមហ៊ុន ឬប្រទេសនានារក្សាការបំពុលបរិស្ថានដដែល តាមរយៈការបង់ប្រាក់ឱ្យអ្នកផ្សេងទៀតវិធានការសកម្មភាពដែលមិនប៉ះពាល់ដល់អាកាសធាតុជំនួសពួកគេ។

ផ្សារហ៊ុន Bursa Malaysia នឹងអនុម័តស្តង់ដារកាបូនដែលបានផ្ទៀងផ្ទាត់ ឬហៅថា Verra ដើម្បីធានាបាននូវភាពត្រឹមត្រូវនៃឥណទានកាបូន។

លោក Muhamad Umar Swift មានប្រសាសន៍ថា៖ «យើងជឿជាក់ថា ទីផ្សារកាបូនដោយស្ម័គ្រចិត្ត អាចដើរតួជាគន្លឹះដ៏សំខាន់ក្នុងការសម្រេចបានគោលបំណងបញ្ចេញឧស្ម័នផ្ទះកញ្ចក់សូន្យរបស់ប្រទេសម៉ាឡេស៊ី ក៏ដូចជាគាំទ្រដល់ការប្តេជ្ញាចិត្តចំពោះអាកាសធាតុស្ម័គ្រចិត្ត និងដំណើរការកាត់បន្ថយកាបូនរបស់វិស័យឯកជន»

នាពេលបច្ចុប្បន្ន ឥណទានកាបូនត្រូវបានជួញដូរនៅក្នុងទីផ្សារតូចមួយប៉ុន្តែកំពុងរីកលូតលាស់ ហើយផ្សារហ៊ុន Bursa Malaysia កំពុងចូលរួមជាមួយផ្សារហ៊ុនលំដាប់ពិភពលោកផ្សេងទៀតដូចជាផ្សារហ៊ុន CME, ICE និង EEX ដែលបានចាប់ផ្តើមដាក់ដំណើរការទីផ្សារកាបូនស្ម័គ្រចិត្តផងដែរនៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ នេះយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕