(ហាណូយ)៖ អនុរដ្ឋមន្ត្រីឧស្សាហកម្មវៀតណាមបានឱ្យដឹងនៅថ្ងៃពុធថា ប្រទេសវៀតណាមនឹងត្រូវការការវិនិយោគពី ៨ប៊ីលានដុល្លារទៅ ១៤ប៊ីលានដុល្លារក្នុងមួយឆ្នាំរហូតដល់ឆ្នាំ២០៣០ ដើម្បីអភិវឌ្ឍរោងចក្រថាមពលថ្មី និងពង្រីកបណ្តាញអគ្គិសនីរបស់ខ្លួន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីអនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមលោក Dang Hoang An ដែលបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងចំណោមទឹកប្រាក់ទាំងនេះ ៧៥ភាគរយនឹងត្រូវចំណាយលើរោងចក្រថាមពលថ្មី ដោយផ្តល់អាទិភាពដល់ប្រភពកកើតឡើងវិញ និង ២៥ភាគរយនឹងត្រូវចំណាយលើការពង្រីកបណ្តាញអគ្គិសនី។

លោករដ្ឋមន្ត្រីថ្លែងថា ប្រទេសវៀតណាមនឹងស្វែងរកការប្រមូលមូលនិធិពីវិនិយោគិនឯកជនសម្រាប់គម្រោងថាមពលថ្មីនេះ តែលោកមិនបានផ្តល់ព័ត៌មានលម្អិតឡើយ។

វៀតណាម ដែលជាមជ្ឈមណ្ឌលផលិតកម្មក្នុងតំបន់ ត្រូវការបង្កើនសមត្ថភាពផលិតថាមពលរបស់ខ្លួនប្រហែល ១០ភាគរយក្នុងមួយឆ្នាំ ដើម្បីគាំទ្រដល់សេដ្ឋកិច្ចដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនិងចំនួនប្រជាជនរបស់ខ្លួន។

លោក An បានបន្តថា ប្រទេសវៀតណាមដែលបានសន្យាកាលពីឆ្នាំមុនថានឹងក្លាយជាប្រទេសអព្យាក្រិតកាបូននៅត្រឹមឆ្នាំ២០៥០ នឹងបង្កើនសមត្ថភាពផលិតថាមពលខ្យល់នៅក្នុងសមុទ្រប្រទេស ខ្លួន ៧ជីហ្គាវ៉ាត់ (GW) នៅឆ្នាំ២០៣០ និងដល់ ៦៥ GW នៅឆ្នាំ២០៤៥ ខណៈពេលដែលកាត់បន្ថយសមាមាត្រនៃធ្យូងថ្មនៅក្នុងល្បាយថាមពលរបស់ខ្លួន។

លោក An បានមានប្រសាសន៍ថា៖ «វៀតណាមនឹងមិនបន្ថែមរោងចក្រថាមពលដើរដោយធ្យូងថ្មថ្មីទៅក្នុងផែនការអភិវឌ្ឍថាមពលមេរបស់ខ្លួនទេ ហើយនឹងត្រឹមតែបន្តដំណើរការគម្រោងធ្យូងថ្មដែលកំពុងសាងសង់រហូតដល់ឆ្នាំ២០៣០ប៉ុណ្ណោះ»