(ណៃពិដោរ)៖ ធនាគារកណ្តាលរបស់ប្រទេសមីយ៉ាន់ម៉ានៅដើមសប្តាហ៍នេះបានទម្លាក់អត្រាប្តូររូបិយប័ណ្ណក្យាតរបស់ខ្លួនពី ១ ៨៥០ក្យាត ដល់ ២ ១០០ក្យាតក្នុងមួយដុល្លារ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

សេដ្ឋកិច្ចរបស់ប្រទេសមីយ៉ាន់ម៉ាបានដួលរលំចាប់តាំងពីយោធាបានដណ្តើមអំណាចកាលពីឆ្នាំមុន ដោយបានបញ្ឈប់ការធ្វើកំណែទម្រង់ដែលបានធ្វើឡើងរយៈពេលមួយទសវត្សរ៍មកនេះ ដែលបានបង្កឱ្យសម្ពាធលើតម្លៃប្រាក់ក្យាតធៀបនឹងប្រាក់ដុល្លារ និងជំរុញឱ្យតម្លៃប្រេងឥន្ធនៈ និងអាហារឡើងថ្លៃ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា អត្រាប្តូរប្រាក់នៅទីផ្សារងងឹតសម្រាប់ប្រាក់ក្យាត នៅតែមានអត្រាខ្ពស់ជាងអត្រាផ្លូវការថ្មីនេះរបស់ធនាគារកណ្តាលមីយ៉ាន់ម៉ាពី ២០ទៅ ៣០ភាគរយ បើយោងតាមតួលេខពីក្រុមជួញដូរអនឡាញដែលជួញដូររូបិយប័ណ្ណនេះក្រៅផ្លូវការ។

ធនាគារកណ្តាលមីយ៉ាន់ម៉ាដែលមន្ត្រីជាន់ខ្ពស់របស់ធនាគារនេះត្រូវបានជំនួសដោយមន្ត្រីយោធាកាន់តែច្រើនឡើងនោះ នៅឆ្នាំនេះបានប្រកាស វិធានការជាបន្តបន្ទាប់ដើម្បីគ្រប់គ្រងលំហូររូបិយប័ណ្ណ។

ក្រុមហ៊ុនក្នុងស្រុក និងធនាគារនានាត្រូវបានបញ្ជាឱ្យផ្អាក និងរៀបចំការវិភាគឡើងវិញសម្រាប់ការសងប្រាក់កម្ចីបរទេស ដាក់ប្រាក់បញ្ញើ ឬរូបិយប័ណ្ណបរទេសទាំងអស់របស់ពួកគេនៅធនាគារក្នុងស្រុកក្នុងរយៈពេលមួយថ្ងៃនៃថ្ងៃធ្វើការ ហើយក្រសួងនានា និងរដ្ឋបាលថ្នាក់ក្រោមត្រូវបានបញ្ជាមិនឱ្យប្រើរូបិយប័ណ្ណបរទេសសម្រាប់ប្រតិបត្តិការក្នុងស្រុក។

កាលពីចុងសប្តាហ៍មុន ធនាគារកណ្តាលមីយ៉ាន់ម៉ាបានបន្ធូរបន្ថយលក្ខខណ្ឌតម្រូវនេះ ដោយនិយាយថា ៦៥ ភាគរយនៃរូបិយប័ណ្ណបរទេស ដែលទទួលបានក្នុងស្រុកត្រូវតែដាក់នៅក្នុងធនាគារដែលមានអាជ្ញាប័ណ្ណ ដែលកាលពីមុនតម្រូវឱ្យ ១០០ភាគរយតែម្តង។

ធនាគារកណ្តាលមីយ៉ាន់ម៉ាបានកែសម្រួលតម្លៃប្រាក់ក្យាតក្នុងខែមេសាពី ១ ៧៧៨ក្យាត ដល់ ១ ៨៥០ក្យាតក្នុងមួយដុល្លារ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕