(កំពត)៖ លោក ប៊ុន បារាំង ជាពាណិជ្ជករនៅខេត្តកំពត បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ថា ដោយមានការយកចិត្តទុកដាក់ ពីក្រសួងពាក់ព័ន្ធ ក៏ដូចរាជរដ្ឋាភិបាលកម្ពុជាផងដែរ បានផ្ដល់ទំនុកចិត្តឱ្យរូបលោក នាំផលិតផលអំបិលពីក្រៅប្រទេស ដើម្បីមកផ្គត់ផ្គង់ លើតម្រូវការទីផ្សារនៅក្នុងស្រុក និងបំពេញការខ្វះខាតអំបិល សម្រាប់ការបរិភោគរបស់ពលរដ្ឋក្នុងឆ្នាំ២០២២នេះ ខណៈខេត្តកំពត-កែប ការផលិតអំបិលមិនបានទទួលផលសោះ នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារមកពីកត្តាភ្លៀងធ្លាក់ ស្ទើរគ្រប់រដូវកាល។

ជាពិសេសក្នុងឆ្នាំនេះតែម្តង ដែលការផលិតអំបិលរងផលប៉ះពាល់ ដោយសារពលរដ្ឋអ្នកផលិតអំបិល មិនបានទទួលផលក្នុងការផលិតទាល់តែសោះ។

លោក ប៊ុន បារាំង បានបន្តឱ្យដឹងទៀតថា រូបលោកបានសុំគោលការណ៍ពីរាជរដ្ឋាភិបាល ចាប់ផ្ដើមនាំអំបិលចូលមកក្នុងស្រុក ជាលើកដំបូង សម្រាប់ប្រទេសកម្ពុជា គឺពីប្រទេសឥណ្ឌា។

លោក ប៊ុន បារាំង បន្តបញ្ជាក់ថា អំបិលដែលនាំចូលពីប្រទេសឥណ្ឌានេះ បានដឹកមកដល់ចំណតនៅកំពង់ផែទឹកសាប នៃស្រុកលើកដែក ខេត្តកណ្ដាល បច្ចុប្បន្នកម្លាំងកម្មករបាននិងកំពុងលើកទម្លាក់ចុះ ដើម្បីឆ្ពោះទៅចែកចាយនៅតាមទីផ្សារនានានៃប្រទេសកម្ពុជា ដែលជំហាននាំចូលដំបូងនេះមានប្រមាណ៦ម៉ឺនតោន។

លោក ប៊ុន បារាំង បានឲ្យដឹងទៀតថា ការនាំអំបិលចូលពីប្រទេសឥណ្ឌា គឺនឹងធ្វើឡើងជាបន្តបន្ទាប់ទៀត ដើម្បីឆ្លើយតបទៅតាមតម្រូវការអំបិលក្នុងប្រទេសកម្ពុជា សម្រាប់បរិភោគក្នុងមួយឆ្នាំៗ មានប្រមាណ១០ម៉ឺនតោន។

លោកបានបន្តថា បច្ចុប្បន្ននេះការផលិតអំបិលក្នុងប្រទេស មិនមានផលអំបិលលក់ទេ ដោយសារអាកាសធាតុភ្លៀងធ្លាក់ខ្លាំងពេក។ ចំពោះការនាំចូលអំបិលពីប្រទេសឥណ្ឌានេះ គឺមិនប៉ះពាល់ដល់សុខភាពប្រជាជនទេ ពីព្រោះផលិតផលអំបិលនៅប្រទេសឥណ្ឌា មិនមែននាំចូលមកប្រទេសកម្ពុជាប៉ុណ្ណោះទេ គឺប្រទេសមួយចំនួននៅជុំវិញពិភពលោក ដែលមានការខ្វះអំបិលប្រើប្រាស់នោះ ក៏គេនាំចូលពីប្រទេសឥណ្ឌានេះផងដែរ ព្រោះការផលិតអំបិលនៅប្រទេសឥណ្ឌា វាចេញពីធម្មជាតិ មានគុណភាពល្អណាស់ បើធៀបទៅនឹងទាំងអាកាសធាតុកំដៅ និងមហាសមុទ្រឥណ្ឌា។

លោកបានបន្ថែមថា ចំណែកប្រទេសជិតខាង ដូចជាប្រទេសវៀតណាម គឺយើងមិនអាចនាំចូលមកកម្ពុជាបានទេ ដោយសារប្រទេស វៀតណាមខ្វះខាតអំបិល ដូចកម្ពុជាដែរ។ ចំពោះតម្លៃនៃការនាំចូលអំបិល ពីប្រទេសឥណ្ឌា មកចែកចាយក្នុងទីផ្សារប្រទេសកម្ពុជា នាពេលនេះ គឺតម្លៃធម្មតា មិនឲ្យខ្ពស់ជាងតម្លៃអំបិលផលិតក្នុងស្រុកយើងទេ ទោះបីតម្លៃប្រេងឥន្ធនៈឡើងថ្លៃ ការដឹកជញ្ជូន កម្លាំងពលកម្ម ពីកម្មករ លើកដាក់ គិតពីពន្ធផ្សេងៗ យ៉ាងណាក៏ដោយចុះ។

លោក ប៊ុន បារាំង បានលើកឡើងទៀតថា ការនាំចូលអំបិល គឺធ្វើទៅតាមការខ្វះអំបិលក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ គឺមិនឱ្យលើស និងមិនឱ្យខ្វះ គឺតម្រូវការគ្រប់គ្រាន់ សម្រាប់ប្រើប្រាស់ក្នុងប្រទេសកម្ពុជា ហើយខណៈដែលអំបិលប្រទេសកម្ពុជាការផលិតអំបិល មិនបានទទួលផលគ្រប់គ្រាន់ ដោយសារកត្តាមេឃភ្លៀងធ្លាក់ខ្លាំងស្ទើរគ្រប់រដូវ ជាពិសេសខេត្តផលិតអំបិល ដូចជាខេត្ត កំពត-កែបនេះឯង។

សូមបញ្ជាក់ថា គិតមកដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣នេះ ដោយសារអាកាសធាតុក្នុងឆ្នាំនេះមានភ្លៀងធ្លាក់ខ្លាំង ធ្វើឱ្យផ្ទៃដីស្រែ អំបិល ជិត៥ពាន់ហិកតា នៅខេត្តកំពត និងខេត្តកែប ផលិតអំបិលអត់បានទាល់តែសោះ៕