(វ៉ាស៊ីនតោន)៖ ធនាគារពិភពលោក (WB) មិនមានគម្រោងផ្តល់ហិរញ្ញប្បទានថ្មីណាមួយទៅឱ្យប្រទេសស្រីលង្កា ដែលកំពុងប្រយុទ្ធនឹងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងជាច្រើនទសវត្សរ៍នេះនោះទេ រហូតទាល់តែប្រទេសនេះមានក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចគ្រប់គ្រាន់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយធនាគារពិភពលោកថា ប្រទេសស្រីលង្កាចាំបាច់ត្រូវអនុម័តកំណែទម្រង់រចនាសម្ព័ន្ធផ្សេងៗដែលផ្តោតលើការរក្សាស្ថិរភាពសេដ្ឋកិច្ច និងដោះស្រាយបញ្ហាឫសគល់នៃវិបត្តិរបស់ខ្លួន ដែលបានបង្កឱ្យអស់ប្រាក់បម្រុងបរទេស និងនាំឱ្យមានការខ្វះខាតស្បៀងអាហារ ប្រេងឥន្ធនៈ និងថ្នាំពេទ្យ។

ធនាគារពិភពលោកបានឱ្យដឹងថា៖ «ធនាគារពិភពលោកមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពសេដ្ឋកិច្ចធ្ងន់ធ្ងរ និងឥទ្ធិពលរបស់វាទៅលើប្រជាជនស្រីលង្កា»។

ធនាគារពិភពលោកកំពុងរៀបចំគោលដៅឡើងវិញសម្រាប់ប្រើប្រាស់ធនធានក្រោមកម្ចីដែលមានស្រាប់ ដើម្បីជួយកាត់បន្ថយការខ្វះខាតទំនិញសំខាន់ៗ ដូចជា ថ្នាំពេទ្យ ឧស្ម័ន ជី អាហារសម្រាប់កុមារ និងសាច់ប្រាក់សម្រាប់គ្រួសារងាយរងគ្រោះ។

ធនាគារនេះបានឱ្យដឹងថា ខ្លួនកំពុងធ្វើការយ៉ាងជិតស្និទ្ធដើម្បីបង្កើតការត្រួតពិនិត្យ និងការគ្រប់គ្រងដោយទុកចិត្តដើម្បីធានាបាននូវការបែងចែកដោយស្មើភាព។

អតីតប្រធានាធិបតីស្រីលង្កាលោក Gotabaya Rajapaksa បានឱ្យដឹងកាលពីខែមិថុនាថា ធនាគារពិភពលោកនឹងរៀបចំឡើងវិញនូវគម្រោងដែលមានស្រាប់ចំនួន១៧ ហើយជំនួយបន្ថែមទៀតនឹងកើតឡើងបន្ទាប់ពីការចរចាជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិអំពីកម្ចីហិរញ្ញប្បទាន។

ប្រទេសស្រីលង្កាបានស្ថិតក្នុងភាពអាសន្នចាប់តាំងពីថ្ងៃទី១៣ ខែកក្កដាមក បន្ទាប់ពីការតវ៉ាដ៏ខ្លាំងបានបង្ខំឱ្យលោក Rajapaksa ភៀសខ្លួនចេញពីប្រទេស ដោយដំបូងទៅកាន់ប្រទេសម៉ាល់ឌីវ និងបន្ទាប់មកប្រទេសសិង្ហបុរី។ តំណែងរបស់លោកត្រូវបានជំនួសដោយលោកប្រធានាធិបតី Ranil Wickremesinghe ដែលជានាយករដ្ឋមន្ត្រី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕