(ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានដាក់ផែនការបង្កើនការនាំចេញអង្ករពីកម្ពុជា ទៅកាន់សហរដ្ឋអាមេរិកនៅឆ្នាំក្រោយ ដោយសារសំឡឹងឃើញថា ទីផ្សារនេះមានសក្តានុពល និងឱកាសសម្រាប់ការនាំចេញអង្ករកម្ពុជា ខណៈ៧ខែ ឆ្នាំ២០២២នេះការនាំចេញអង្ករទៅអាមេរិក បាន២២៨តោនប៉ុណ្ណោះ។

ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ដែលទើបតែបានទៅបំពេញទស្សនកិច្ចអាជីវកម្ម នៅសហរដ្ឋអាមេរិក ដើម្បីសិក្សាពីឱកាស និងលទ្ធភាពដែលបានពង្រឹងការធ្វើពាណិជ្ជកម្មស្រូវអង្ករ។

ឧកញ៉ា សុង សារ៉ន បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ក្នុងដំណើរទស្សនកិច្ចអាជីវកម្មនេះ លោកបានជួបជាមួយសមាជិកក្រុមប្រឹក្សាភិបាលក្រុង សហគមន៍ សហគ្រិន អ្នកចែកចាយអាហារ និងវិនិយោគទុនផ្សេងៗ ដែលរៀបចំដោយអគ្គកុងស៊ុលកម្ពុជានៅឡុងប៊ិច និងកាលីហ្វញ៉ា។

លោកអះអាងថា ក្នុងជំនួបនេះហាក់ទទួលបានជោគជ័យច្រើន ក្នុងការកៀរគរ និងការពង្រឹងពាណិជ្ជកម្មរវាងក្រុមហ៊ុនរបស់អាមេរិក និងក្រុមហ៊ុនខ្មែរ ដែលធ្វើឱ្យឱកាសនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកកាន់តែល្អប្រសើរ។

លោកបានឱ្យដឹងថា ដោយសារទីផ្សារសហរដ្ឋអាមេរិក មានតម្រូវការស្តង់ដារខ្ពស់ ហេតុនេះចំពោះអង្ករដែលមានគុណភាពធម្មតា នឹងមិនអាចនាំចេញទៅបាននោះទេ ដូច្នេះហើយសហព័ន្ធនឹងផ្តោតទៅលើការនាំចេញប្រភេទអង្ករល្អប្រណិត និងអង្ករសេរីរាង្គ។

តាមរយៈការចុះសិក្សាទីផ្សារនៅសហរដ្ឋអាមេរិក ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា សង្កេតឃើញថា អង្ករប្រទេសជិតខាងកម្ពុជា ថៃ និងវៀតណាម ដែលបានជ្រៀតចូលទីផ្សារនេះ តាំងពីយូរមកហើយហាក់ជោគជ័យខ្លាំង ។ ដោយឡែកកម្ពុជា នៅជួបបញ្ហាប្រឈមមួយចំនួន ជាពិសេស គឺបញ្ហាដឹកជញ្ជូន និងការឡើងថ្លៃនៃតម្លៃដឹកជញ្ជូន ស្របពេលដែលកម្ពុជា មិនទាន់មានលទ្ធភាពឱ្យនាវាប្រភេទធុនធំៗ ចូលចតបាននៅឡើយទេ និងមិនទាន់ឃ្លាំងសម្រាប់ស្តុកអង្ករ។

លោកមានប្រសាន៍យ៉ាងដូច្នេះថា «នេះជាឱកាសដែលយើងអាចពង្រីកទីផ្សារយើងបាន។ កន្លងមកយើងមានបញ្ហាខ្លាំងទាក់ទងការដឹកជញ្ជូន ហើយកម្ពុជាជាប្រទេសដែលមានទំហំនាំចេញទៅគាត់ (អាមេរិក) តិចតួច ដែលធ្វើឱ្យមានការលំបាកដឹកជញ្ជូនអង្ករ ទៅកាន់ប្រទេសគាត់។ យើងកំពុងតែរកវិធីដោះស្រាយ ខណៈយើងកំពុងទទួលបាននូវការគាំទ្រ និងលទ្ធភាពនៃការនាំចេញទៅបាន នៅឆ្នាំ២០២៣នេះ»

ទិន្នន័យនាំចេញអង្កររបស់សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញអង្ករទៅទីផ្សារសហរដ្ឋអាមេរិកចំនួន២២៨តោន ថយចុះ៨៦តោន បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១។
តាមរយៈពេលទិន្នន័យពីសហព័ន្ធស្រូវអង្ករបង្ហាញ ការនាំចេញអង្កររបស់កម្ពុជា ទៅកាន់សហរដ្ឋអាមេរិក មាននិន្នាការចាប់ផ្តើមកើនឡើង គួរឱ្យកត់សម្គាល់នៅរយៈពេល២មុន មុនពេលរីករាលដាលជំងឺកូវីដ១៩ ពោលគឺរយៈពេល៧ខែដូចគ្នា កាលពីឆ្នាំ២០១៩ កម្ពុជានាំចេញបានជាង ១០២៥តោន និងឆ្នាំ២០២០នាំចេញបា ន១៤៦៣តោន ប៉ុន្តែដោយសារតែបញ្ហាកូវីដ១៩ បានធ្វើឱ្យនាំចេញនេះថយចុះមកវិញ។

ជុំវិញបញ្ហានេះ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានថ្លែងថា ទីផ្សារសហរដ្ឋអាមេរិក គឺជាទីផ្សារដែលមានសក្តានុពល ដូចទីផ្សារសហគមន៍អឺរ៉ុបដែរ។

លោកបន្តថា សម្រាប់ប្រភេទអង្ករល្អប្រណិតរបស់កម្ពុជា ដែលបាននាំចេញកន្លងមកទៅហាក់ មានភាពទាក់ទាញ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក ជាពិសេសសម្រាប់ប្រជាពលរដ្ឋអាមេរិកដើមកំណើតអាស៊ី ហេតុនេះកម្ពុជានឹងមានលទ្ធភាពពង្រីកទីផ្សារនាំចេញ និងអាចប្រកួតប្រជែងជាមួយអង្ករជិតខាងបាន។

លោកបានគូសបញ្ជាក់ថា «ដំបូងយើងត្រូវទទួលស្គាល់ថា ទីផ្សាររបស់យើងផ្តោតតែទៅលើទំនិញកាត់ដេរសម្លៀកបំពាក់ ស្បែកជើង កាបូបធ្វើដំណើរដែលជាឯកទេសនីយកម្មការនាំចេញ យើងដែលបានផលិត និងនាំចូលទៅគឺមានការទទួលស្គាល់ច្រើន ហើយការចាប់ដៃគូររបស់យើង ចំពោះទំនិញប៉ុន្មានមុខដែលខ្ញុំលើកឡើងខាងលើនោះ គឺយើងមានដៃគូរស្រេចទៅហើយ។ ប៉ុន្តែចំពោះទំនិញកសិកម្ម គឺយើងនាំចេញទៅដែរ ប៉ុន្តែទទួលទិញដោយទីផ្សារអ្នកនាំចូល ក្នុងកម្រិតមួយមិនទាន់មានស្ថេរភាពនៅឡើយ ទើបតែពេលថ្មីៗនេះឃើញថា យើងអាចរកដៃគូរដែលមានស្ថេរភាពជាងមុន និងពង្រីកការនាំចេញផលិតផលកសិកម្ម ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក»

យោងតាមរបាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញថា នៅឆមាសទី១ ឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករគ្រប់ប្រភេទទៅកាន់ទីផ្សារអន្តរជាតិជាង ៣២ម៉ឺនតោន កើនឡើង១៦.៦៧% ដោយទទួលបានទឹកប្រាក់ប្រមាណ ២០០លានដុល្លារ។ ក្នុងនោះ នាំទៅចិនជាង ១៦ម៉ឺនតោន កើនឡើង ១៧%, អឺរ៉ុបជាង១០ម៉ឺនតោន កើនឡើង៤៧%, តំបន់អាស៊ាន ជិត៣ម៉ឺនតោន កើនឡើង ៧% និងនាំចេញទៅកាន់គោលដៅផ្សេងៗ ចំនួន ២ម៉ឺនតោន៕