(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានដាក់ចេញនូវវិធានការបណ្ដោះអាសន្នលើការនាំចូលមីកញ្ចប់ និងការ៉េម ដែលផលិតនៅប្រទេសថៃ វៀតណាម និងបារាំង ក្រោយសង្ស័យថា មានផ្ទុកសារធាតុអេទីឡែនអុកស៊ីត (Ethylene Oxide) ដែលអាចបង្កហានិភ័យផ្នែកសុខភាពដល់អ្នកប្រើប្រាស់។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២។

អគ្គនាយកដ្ឋានគយ បានបញ្ជាក់ថា អាជ្ញាធរសុវត្ថិភាពម្ហូបអាហាររបស់ប្រទេសនៅសហគមន៍អឺរ៉ុបមួយចំនួន បានរកឃើញលើផលិតផលមីកញ្ចប់ និងការ៉េមមួយចំនួន មានផ្ទុកសំណល់
សារធាតុអេទីឡែនអុកស៊ីត (Ethylene Oxide) ដែលសហភាពអឺរ៉ុប អាមេរិក និងអង្គការសុខភាពពិភពលោកចាត់ទុកថា ជាសារធាតុបង្កហានិភ័យជាជំងឺមហារីកចំពោះអ្នកប្រើប្រាស់។

ក្នុងន័យនេះ ដើម្បីចូលរួមការពារសុខភាពសាធារណៈសុវត្ថិភាពម្ហូបអាហារ និងការពារសុខុមាលភាពអ្នកប្រើប្រាស់ អគ្គនាយកដ្ឋានគយសូមធ្វើការណែនាំបណ្តោះអាសន្នមួយចំនួនដូចខាងក្រោម៖

* ទី១៖ ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ តទៅ រាល់ការនាំចូលទំនិញជាមីកញ្ចប់ម៉ាក «Lucky Me!» ផលិតនៅប្រទេសថៃ, មីកញ្ចប់ម៉ាក «Háo Háo» ផលិតនៅប្រទេសវៀតណាម និងការ៉េមម៉ាក «Häagen-Dazs» (Vanilla) ផលិតនៅប្រទេសបារាំង ដូចមានបរិយាយលម្អិតក្នុងបញ្ជីភ្ជាប់មកជាមួយលិខិតនេះ ត្រូវមានអមមកជាមួយនូវវិញ្ញាបនបត្របញ្ជាក់ការវិភាគសារធាតុ Ethylene Oxide ពីស្ថាប័នមានសមត្ថកិច្ចតតពិនិត្យសុវត្ថិភាពម្ហូបអាហារនៃប្រទេសនាំចេញ។

ដោយឡែក ចំពោះទំនិញដែលមកដល់ដែនគយមុនថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ អ្នកនាំចូលត្រូវដកសំណាកទំនិញធ្វើការវិភាគសារធាតុ Ethylene Oxide នៅ អគ្គនាយកដ្ឋាន
ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម មុនពេលអនុញ្ញាតឱ្យបញ្ចេញទំនិញពីគយ។

* ទី២៖ នាយកដ្ឋានសវនកម្មគយត្រូវធ្វើការតាមដាននិងវាយតម្លៃហានិភ័យលើផលិតផលទាំងនេះជាប្រចាំដើម្បីលើកវិធានការអនុវត្តឱ្យបានទាន់ពេលនិងមានប្រសិទ្ធភាព។

* ទី៣៖ មន្រ្តីគយ និងរដ្ឋាករមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ផ្ទៀងផ្ទាត់ព័ត៌មាន និងទិន្នន័យដែលប្រកាសក្នុងឯកសារ ជាមួយនឹងទំនិញជាក់ស្ដែងដើម្បីជៀសវាងការបន្លំនាំចូលដោយគេចវេសពីវិធានការខាងលើជាយថាហេតុ។

* ទី៤៖ ត្រូវធ្វើការផ្សព្វផ្សាយដល់ធុរជនពាក់ព័ន្ធ ឱ្យបានទូលំទូលាយនៅតាមភូមិសាស្ត្រ នៃអង្គភាពរៀងៗខ្លួនអំពីវិធានការនេះ៕