(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ការផ្តល់សិទ្ធិឱ្យចែកចាយ នូវមុខទំនិញផ្តាច់មុខនៅកម្ពុជា ចំពោះទំនិញនាំចូល គឺអនុវត្តតាមលិខិតបទដ្ឋានគតិយុទ្ធ ដូចជាសារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាល ស្តីពីការទទួលស្គាល់សិទ្ធិផ្តាច់មុខ ក្នុងការប្រើប្រាស់ម៉ាក និងប្រកាសរបស់ក្រសួងពាណិជ្ជកម្ម ស្តីពីនីតិវិធីបញ្ជាក់ និងការកត់ត្រាលិខិតប្រគល់សិទ្ធិផ្តាច់មុខ ក្នុងការប្រើប្រាស់ម៉ាក ដើម្បីបង្កើនប្រសិទ្ធភាព អនុវត្តច្បាប់កម្មសិទ្ធិបញ្ញា លុបបំបាត់ការប្រកួតប្រជែងមិនស្មោះត្រង់ ផ្តល់ការការពារ និងផលប្រយោជន៍ របស់ម្ចាស់សិទ្ធិ និងសាធារណៈ ដោយទប់ស្កាត់ ការនាំចូល និងចែកចាយទំនិញក្លែងក្លាយ ការលក់បង្ខូចថ្លៃ បំពេញតាមស្តង់ដារជាតិ អន្តរជាតិ ដើម្បីលើកកម្ពស់ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។

ការលើកឡើងរបស់អ្នកនាំពាក្យរូបនេះ ធ្វើឡើងបន្ទាប់ពីមានការលើកឡើងថា កម្ពុជាមិនគួរចុះបញ្ជីជាកម្មសិទ្ធិបញ្ញា ឬម៉ាក់ពាណិជ្ជកម្មផ្តាច់មុខ ដល់ក្រុមហ៊ុនណាមួយ បានដែលនាំចូលទំនិញគ្រប់ប្រភេទពីក្រៅប្រទេសមកលក់នៅកម្ពុជា ដើម្បីធ្វើការប្រកួតប្រជែងដោយស្មើភាពគ្នា និងផ្តល់ប្រយោជន៍ដល់អ្នកប្រើប្រាស់ តាមរយៈការប្រកួតប្រជែងថ្លៃ។

លោក ប៉ែន សុវិជាតិ បានបញ្ជាក់ថា ការចុះបញ្ជីពាណិជ្ជកម្ម ឬការទទួលការកត់ត្រា និងតម្កល់លិខិតប្រគល់សិទ្ធិផ្តាច់មុខ ធ្វើឡើងសម្រាប់តែទំនិញ សុទ្ធ និង ថ្មី តែប៉ុណ្ណោះ។ ជាមួយគ្នានេះ សិទ្ធិផ្តាច់មុខនេះមិនគ្រប់ដណ្តប់ លើអ្នកដែលទិញមកប្រើប្រាស់ផ្ទាល់ខ្លួន ឬទំនិញដែលប្រើប្រាស់ ក្នុងគោលដៅមិនធ្វើពាណិជ្ជកម្ម ឬប្រើជាប្រយោជន៍សង្គម បានន័យថា បើទោះបីជាមុខទំនិញត្រូវបានចុះបញ្ជីនាំចូល ក៏ផ្តាច់មុខក៏ដោយ ប៉ុន្តែប្រសិនបើបុគ្គលណាម្នាក់ទិញ ឬនាំចូលទំនិញនោះពីក្រៅប្រទេស ក្នុងគោលដៅប្រើប្រាស់ផ្ទាល់ខ្លួន ឬសម្រាប់ធ្វើជាសកម្មភាពសប្បុរសធម៌ ជំនួយអង្គការក្រៅរដ្ឋាភិបាល ការពិសោធន៍លក្ខណៈបច្ចេកទេសជាដើម គឺអាចធ្វើទៅបាន។ បន្ថែមពីនេះ មុខទំនិញមួយចំនួន ក៏មិនបានក្រសួងផ្តល់ឱ្យបុគ្គល ឬក្រុមណាមួយនាំដោយផ្តាច់មុខឡើយ។

សូមបញ្ជាក់ថា នៅឆមាសទី១ ឆ្នាំ២០២២នេះ ក្រសួងពាណិជ្ជកម្ម បានទទួលការកត់ត្រា និងតម្កល់លិខិតប្រគល់សិទ្ធិផ្តាច់មុខ មានចំនួន៣៤ ដល់អ្នកនាំចូលទំនិញផ្តាច់មុខ ពីក្រៅប្រទេសមកចរចាលក់នៅកម្ពុជា ដែលធ្វើឱ្យចំនួននេះកើនឡើងដល់៤១៤ បើគិតក្នុងរយៈពេល៥ឆ្នាំមកនេះ។

ដើម្បីជ្រាបកាន់តែច្បាស់ពីមូលហេតុ ដែលក្រសួងពាណិជ្ជកម្មផ្តល់សិទ្ធិផ្តាច់មុខ ដល់អ្នកនាំចូលទំនិញពីក្រៅប្រទេស មកលក់នៅកម្ពុជា សូមស្តាប់ការបកស្រាយ លម្អិតរបស់អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោកប៉ែន សុវិជាតិ ដូចតទៅ៖