(បាងកក)៖ មន្ត្រីជាន់ខ្ពស់របស់ធនាគារកណ្តាលថៃបានឱ្យដឹងថា សេដ្ឋកិច្ចថៃនឹងបន្តងើបឡើងវិញនៅឆមាសទីពីរឆ្នាំនេះ ដែលគាំទ្រដោយសូចនាករផ្សេងៗដូចជា ការប្រើប្រាស់ឯកជន និងការមកដល់របស់ភ្ញៀវទេសចរបរទេសជាដើម។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់សំដីរបស់លោកស្រី Chayawadee Chai-Anant នាយកជាន់ខ្ពស់នៃធនាគារកណ្តាលថៃថា វិស័យទេសចរណ៍គឺជាកត្តាសំខាន់ដែលជំរុញឱ្យមានការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសថៃនៅក្នុងឆមាសទីពីរឆ្នាំនេះ។

ដោយសារការកើនឡើងចំនួនអ្នកធ្វើដំណើរបរទេសក្នុងខែមិថុនាមានចំនួន ៧៦៥ ៥០០ នាក់ ពោលគឺកើនឡើងពី ៥២០ ០០០នាក់កាលពីខែឧសភា ចំនួនភ្ញៀវទេសចរសម្រាប់រយៈពេលពេញមួយឆ្នាំអាចខ្ពស់ជាងការព្យាករនាពេលបច្ចុប្បន្នរបស់ធនាគារកណ្តាលដែលថាមានចំនួន ៦លាននាក់។

លោកស្រី Chayawadee បានបន្ថែមថា ធនាគារកណ្តាលថៃកំពុងរក្សាការព្យាករពីអត្រាកំណើនផលិតផលក្នុងស្រុកសរុបសម្រាប់ឆ្នាំ២០២២ របស់ខ្លួននៅដដែលពោលគឺ ៣,៣% ខណៈដែលការស្ទុះងើបសេដ្ឋកិច្ចរបស់ប្រទេសថៃបាននិងកំពុងកើនសន្ទុះ ដោយសូចនាករជាច្រើនបានប្រសើរឡើងទាំងនៅក្នុងខែមិថុនា និងត្រីមាសទីពីរ។

ទោះជាយ៉ាងណា លោកស្រីបន្ថែមថា ធនាគារកណ្តាលថៃក៏នឹងកំពុងតាមដានយ៉ាងដិតដល់ផងដែរទៅលើស្ថានភាពសេដ្ឋកិច្ចសកល និងក្នុងស្រុក ក្នុងគ្រាដែលមានភាពមិនប្រាកដប្រជាមួយចំនួន។

ការិយាល័យគោលនយោបាយសារពើពន្ធ (FPO) របស់ក្រសួងហិរញ្ញវត្ថុថៃបានឱ្យដឹងកាលពីថ្ងៃអង្គារថា ខ្លួនបានរក្សាការព្យាកកំណើនសេដ្ឋកិច្ចនៅឆ្នាំនេះក្នុងអត្រាជាមធ្យម ៣,៥% ដដែលដែលត្រូវបានគាំទ្រដោយការស្ទុះងើបឡើងវិញទាំងក្នុងវិស័យទេសចរណ៍ និងការប្រើប្រាស់ក្នុងស្រុក។

FPO ក៏បានកែប្រែដំឡើងការព្យាកររបស់ខ្លួនបន្ថែមផងដែរអំពីចំនួនភ្ញៀវទេសចរបរទេសដែលធ្វើដំណើរទៅទស្សនាប្រទេសថៃក្នុងឆ្នាំនេះដល់ ៨លាននាក់ធៀបនឹងការព្យាករកាលពីខែមេសាដែលថាមានចំនួនតែ ៦,៥លាននាក់។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕