(ប៉េកាំង)៖ កាសែត Financial Times បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ថា ប្រទេសចិននឹងជួយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនានាតាមរយៈការផ្តល់ប្រាក់កម្ចីចំនួន ១ទ្រីលានយន់ (១៤៨,២ប៊ីលានដុល្លារ) សម្រាប់ការអភិវឌ្ឍន៍អចលនទ្រព្យដែលជាប់គាំង ខណៈដែលប្រទេសនេះព្យាយាមធ្វើឱ្យវិស័យដែលជាប់បំណុលច្រើននេះរស់ឡើងវិញ។

ជាសសរស្តម្ភសំខាន់មួយនៃសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក វិស័យអចលនទ្រព្យរបស់ប្រទេសចិនបាននិងកំពុងជួបប្រទះពីវិបត្តិមួយទៅវិបត្តិមួយទៀត ហើយបានក្លាយជាកត្តាអូសទាញទម្លាក់ដ៏សំខាន់មួយទៅលើកំណើនក្នុងរយៈពេលមួយឆ្នាំកន្លងមក។

កាសែត Financial Times បានរាយការណ៍ថា ធនាគារប្រជាជនចិន (PBOC) ដែលជាធនាគារកណ្តាលរបស់ប្រទេសចិន ក្នុងដំណាក់កាលដំបូងនឹងបញ្ចេញប្រាក់កម្ចីដែលមានការប្រាក់ទាបប្រហែល ២០០ប៊ីលានយន់ទៅឱ្យធនាគារពាណិជ្ជរបស់រដ្ឋ។ អត្រាការប្រាក់មានប្រហែល ១,៧៥ភាគរយក្នុងមួយឆ្នាំ។

សេចក្តីរាយការណ៍ដដែលនេះបានបន្ថែមថា ផែនការដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សារដ្ឋដែលជាគណៈរដ្ឋមន្ត្រីរបស់ប្រទេសចិននាពេលថ្មីៗនេះ នឹងអនុញ្ញាតឱ្យធនាគារនានាប្រើប្រាស់ប្រាក់កម្ចីរបស់ធនាគារកណ្តាលចិន រួមជាមួយនឹងមូលនិធិផ្ទាល់ខ្លួនរបស់ធនាគារទាំងនោះ ដើម្បីផ្តល់ហិរញ្ញប្បទានដល់គម្រោងអចលនទ្រព្យដែលជាប់គាំង។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍នៅសប្តាហ៍នេះដោយដកស្រង់សម្តីមន្ត្រីធនាគាររដ្ឋដែលបានដឹងពីបញ្ហានេះថា ប្រទេសចិនគ្រោងនឹងចាប់ផ្តើមមូលនិធិអចលនទ្រព្យមួយដើម្បីជួយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឱ្យដោះស្រាយវិបត្តិបំណុលដែលមានគោលបំណងប្រមូលមូលនិធិរហូតដល់ទៅ ៣០០ប៊ីលានយន់ (៤៤,៥ប៊ីលានដុល្លារអាមេរិក)៕