(ភ្នំពេញ)៖ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ បានជូនដំណឹង ស្តីពីការពង្រីកបន្ថែមរបស់ក្រុមហ៊ុន ស៊ុមី (ខេមបូឌា) វ៉ាយរីង ស៊ីស្ទឹម ឬជាភាសាអង់គ្លេស Sumi (Cambodia) Wiring Systems នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ។

ក្រុមហ៊ុន ស៊ុមី (ខេមបូឌា) វ៉ាយរីង ស៊ីស្ទឹម គឺជាសមាជិកមួយនៃក្រុមហ៊ុនគ្រុប Sumitomo Wiring Systems ពីប្រទេសជប៉ុន។ ក្រុមហ៊ុននេះបានចាប់ផ្តើមដំណើរការផលិតនូវបណ្តាញខ្សែភ្លើងជាគ្រឿងបង្គុំរថយន្តដំបូងរបស់ខ្លួនក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ កាលពីខែមេសា ឆ្នាំ២០១២ ហើយមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងផ្តល់ការងារ និងចំណេះជំនាញដល់ប្រជាជនកម្ពុជាចំនួន៤៧១៧រូប។ នាដើមខែកក្កដា ឆ្នាំ២០២២ កន្លងមកនេះ ក្រុមហ៊ុនបានចាប់ផ្តើមដំណើរការផលិត ជាផ្លូវការរបស់ខ្លួន ក្នុងរោងចក្រជួលថ្មីមួយដែលបានសាងសង់តម្រូវតាមការចាំបាច់របស់ក្រុមហ៊ុនផ្ទាល់ (Built-To-Suit ឬ BTS)។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក មានសេចក្តីត្រេកអរ និងសាទរជាខ្លាំងចំពោះការពង្រីកបន្ថែមនេះ។

អ្នកឧកញ៉ា គិត ម៉េង បានថ្លែងថា «ករណីជោគជ័យ របស់ក្រុមហ៊ុន ស៊ុមី បានបន្ថែមថាមពលដល់យើងខ្ញុំ និងបណ្តាលអោយយើងខ្ញុំរឹតតែមានការតាំងចិត្តខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការអភិវឌ្ឍ កែលម្អរសេវាកម្ម និងការគាំទ្ររបស់យើងចំពោះអតិថិជន»។

រោងចក្រជួល BTS ខាងលើនេះ គឺជាគម្រោងទី៣ ដែលក្រុមហ៊ុនសាងសង់សម្រាប់ក្រុមហ៊ុន ស៊ុមី។ នេះមានកិត្តិយសដែលបានរួមចំណែកក្នុងដំណើរការពង្រីកបន្ថែមរបស់ក្រុមហ៊ុននេះ។ ក្រុមហ៊ុននឹងបន្តខិតខំអស់ពីសមត្ថភាពក្នុងការជួយគាំទ្រដល់អតិថិជនទាំងអស់គ្រប់វិធីសាស្ត្រដែលអាចធ្វើទៅបាន៕