(កំពង់ស្ពឺ)៖ ផ្សារសហគមន៍កសិកម្មកសិករព្រៃវិហារ ដែលជាទីកន្លែងប្រមូលផ្តុំកសិផលរបស់កសិករ ត្រូវបានដាក់ដំណើរជាផ្លូវការ ដើម្បីបំពេញតម្រូវការចាំបាច់របស់កសិករ ដែលតម្រូវការទីតាំងសម្រាប់ដាក់លក់ផលិតផលកសិកម្ម។

លោក ម៉ិញ សាវឿន ប្រធានសហគមន៍កសិករព្រៃវិហារ បានឱ្យដឹងថា ផ្សារសហគមន៍កសិកម្មកសិករព្រៃវិហារ ស្ថិតក្នុងនៅភូមិចំការដូង ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលត្រូវបានដាក់សម្ពោធ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ជាផ្សារមួយក្នុងចំណោមផ្សារទាំង៦កន្លែង ដែលបានគាំទ្រ ដោយគម្រោងកម្មវិធី ភីភីអ៊ិនភី (PPNP) ដើម្បីបំពេញតម្រូវការចាំបាច់របស់កសិករ ក្រុមផលិតក្នុងសហគមន៍ ដែលត្រូវការទីកន្លែងប្រមូលផ្តុំកសិផល ដើម្បីដឹកជញ្ជូនទៅកាន់ទីផ្សារក្នុងសហគមន៍ ឃុំស្រុក និងទីផ្សារនៅភ្នំពេញ ព្រមទាំងដើម្បីពង្រឹង និងពង្រីកអាជីវកម្មរបស់សហគមន៍ ក្នុងការប្រមូលទិញកសិផល របស់សមាជិក លក់ធាតុចូលកសិកម្ម និងផ្តល់សេវាកម្មនានា ដល់សមាជិកក្នុងសហគមន៍ទាំងមូល និងបង្កើតជាសហគ្រាសខា្នតតូចមធ្យម ដែលជាការបង្កើនប្រាក់ចំណូល ដល់គ្រួសារកសិករ និងក្រុមផលិតក្នុងសហគមន៍។

លោក ញ៉ែម សារ៉េត នាយកប្រចាំប្រទេសអង្គការហេហ្វឺអន្តរជាតិកម្ពុជា មានប្រសាសន៍ថា នៅពេលដែលសហគមន៍កសិកម្ម មានលទ្ធភាពកសាង និងក្លាយជាម្ចាស់ផ្សារសហគមន៍កសិកម្ម នោះពួកគាត់នឹងអាចគ្រប់គ្រងប្រព័ន្ធទីផ្សារកំរិតសហគមន៍ ឱ្យក្លាយទៅជាកម្លាំង ជំរុញសម្រាប់ការប្រមូលផ្តុំ ប្រកបដោយភាពច្នៃប្រឌិត និងការចែកចាយផលិតផលកសិកម្ម ពីកសិដ្ឋានលក្ខណៈគ្រួសារ ទៅកាន់ទីផ្សារទូលំទូលាយ។

លោកបានបញ្ជាក់ថា ផ្សារនេះនឹងចូលរួមដោះស្រាយបញ្ហាប្រឈមរបស់កសិករ ក្រុមផលិត និងសហគមន៍កសិកម្មបាន ក្នុងការប្រមូលទិញ និងការដឹកជញ្ជូនផលិតផលកសិកម្ម ដូចជាកូនមាន់ស្រែ មាន់យកសាច់ បន្លែ ។ល។ ពីសមាជិករបស់ខ្លួន ទៅកាន់ទីផ្សារ ឬអ្នកបញ្ជាទិញនៅក្នុងសហគមន៍ ។

លោកបន្តថា ការកសាងផ្សារសហគមន៍កសិកម្មនេះ វាគឺជាតម្រូវការចាំបាច់របស់កសិករ ក្រុមផលិត និងសហគមន៍កសិកម្ម ដែលពួកគេត្រូវការ ជាទីកន្លែងប្រមូលផ្តុំកសិផល ដើម្បីជាមណ្ឌលសេដ្ឋកិច្ច ក្នុងសហគមន៍ និងកន្លែងដឹកជញ្ជូន កសិផលរបស់សហគមន៍ទៅកាន់ទីផ្សារនានា ក្នុងកម្រិត ឃុំ ស្រុក និងទីផ្សារនៅភ្នំពេញ។ ជាពិសេស សហគមន៍កសិកម្មត្រូវការ កសាងផ្សារសហគមន៍កសិកម្ម ឱ្យប្រែក្លាយទៅជាទីកន្លែងធុរកិច្ចដើម្បីពង្រឹង និងពង្រីកអាជីវកម្មរបស់សហគមន៍កសិកម្ម សម្រាប់ប្រមូលទិញកសិផលរបស់សមាជិកខ្លួន លក់ធាតុចូលកសិកម្ម (ចំណីសត្វ ឬឧបករណ៍កសិកម្ម) និងផ្តល់សេវាកម្មនានាដល់សមាជិក ក្នុងសហគមន៍ទាំងមូល ក៏ដូចជា ការបង្កើតសហគ្រាសផលិតមាន់ស្រែខ្មែរ និង បន្លែសុវត្ថិភាពកម្រិតខា្នតតូចមធ្យម។ ដោយផ្អែកលើយន្តការនេះ សហគមន៍កសិកម្ម នឹងអាចមានលទ្ធភាពបង្កើនប្រាក់ចំណូល ហើយប្រាក់ចំណូលទាំងនេះ នឹងក្លាយជាទុនវិនិយោគដល់ក្រុមផលិត និង ក្រុមជួយខ្លួនឯង ដែលជាសមាជិកសហគមន៍កសិកម្មដើម្បីយកទៅប្រើប្រាស់ជាទុនសម្រាប់បង្កើនផលិតកម្ម។

លោកបន្ថែមថា «ពិតណាស់ តួនាទីផ្សារសហគមន៍កសិកម្ម គឺជាមណ្ឌលប្រមូលផ្ដុំ និងមានតួនាទីផ្សេងៗជាច្រើនទៀត ដូចជា ជាវេទិកាអាជីវកម្ម រវាងអ្នកផលិត អ្នកទិញ អ្នកប្រមូល និងសហគមន៍កសិកម្មសម្រាប់ការធ្វើធុរកិច្ច ក្នុងការប្រមូល ទិញ-លក់ និងការចែកចាយនៅនឹងកន្លែង និងទីផ្សារសំខាន់ៗ»

បើតាមនាយកប្រចាំប្រទេសអង្គការហេហ្វឺអន្តរជាតិកម្ពុជា ផ្សារសហគមន៍កសិកម្មកសិករព្រៃវិហារ នឹងអាចរកប្រាក់ចំណូលជូន ដល់សហគមន៍យ៉ាងហោចណាស់ចន្លោះចំនួន ៦០០ដុល្លា រហូតដល់ ៨០០ដុល្លា ក្នុងខែនីមួយៗ គិតត្រឹមពីរឆ្នាំដំបូង។

គួរបញ្ជាក់ផងដែរថា ផ្សារសហគមន៍កសិកម្មកសិករព្រៃវិហារ បានដាក់តូបសម្រាប់ជួលលក់ផលិតកសិកម្មចំនួន១៩តូប ជូនដល់កសិករ និងក្រុមផលិតដែលជាសមាជិកសហគមន៍កសិកម្ម៕