(ភ្នំពេញ)៖ លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកប្រេងកាត ក្រសួងរ៉ែ និងថាមពលបានឲ្យដឹងថា កម្ពុជាកំពុងពិភាក្សាជាមួយក្រុមហ៊ុន EnerCam Resources Corp (Cambodia) របស់ប្រទេសកាណាដា សិក្សាពីលទ្ធភាពវិនិយោគបូមប្រេងនៅប្លុក A បន្ទាប់ពី Kris Energy ក្ស័យធន ហើយរាជរដ្ឋាភិបាលបញ្ចប់កិច្ចព្រមព្រៀងរួចមកនោះ។

ថ្លែងក្នុងកិច្ចសម្ភាសន៍ឱកាសអញ្ជើញចូលរួមក្នុងសន្និសីទប្រេង និងឧស្ម័ន នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ លោក ជៀប សួរ បានបញ្ជាក់យ៉ាងដូច្នេះថា «ឥឡូវនេះយើងកំពុងពិភាក្សាការងារ [បូមប្រេងប្លុក A] ជាមួយក្រុមហ៊ុនមកពីប្រទេសកាណាដា។ ក្រុមហ៊ុននេះត្រូវការពេលវេលាសិក្សាទិន្នន័យឡើងវិញ ដោយមិនចង់កើតឡើងនូវអ្វីដែលច្រំដែល ដូចជាការយកព័ត៌មានមិនច្បាស់លាស់ នាំឲ្យការវិនិយោគខុសផែនការ ដូច្នេះការសិក្សាត្រូវការពេលវេលាថែមបន្តិច ប៉ុន្តែឥឡូវជិតដល់ដំណាក់កាល យកលទ្ធផលនៃការសិក្សាមកពិភាក្សាគ្នាហើយ»

ជាមួយគ្នានេះ លោកអគ្គនាយកបានឲ្យដឹងទៀតថា បន្ទាប់ពីប្រេងសាំងបានឡើងថ្លៃនោះ មានសន្ទុះនៃការចាប់អារម្មណ៍លើការវិនិយោគ ស្រាវជ្រាវ អំពីប្រេង និងឧស្ម័ននៅកម្ពុជា ពីសំណាក់ក្រុមហ៊ុនអន្តរជាតិជាច្រើន ដូចជាក្រុមហ៊ុនមកពីប្រទេសកាណាដា ប្រទេសចិន និងអូស្រ្ដាលី ថៃ ជាដើម បានទំនាក់ទំនង សិក្សាស្វែងយល់ពីទិន្ន័យ ដើម្បីសិក្សាពីការវិនិយោគលើវិស័យនេះ។

លោកបានបន្ដថា កម្ពុជាស្វាគមន៍ជានិច្ចរាល់ការសិក្សាពិភាក្សា ទោះបីជាពេលនេះមិនទាន់មានកិច្ចព្រមព្រៀងក្ដី ប៉ុន្ដែឃើញថា មានបណ្ដាក្រុមហ៊ុនជាច្រើនចាប់អារម្មណ៍មកវិនិយោគនៅកម្ពុជា ដោយបានសិក្សាលើការវិនិយោគប្លុកដែនគោក និងប្លុកក្នុងសមុទ្រផងដែរ៕