(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តម្រោងវិនិយោគរបស់សិង្ហបុរីនៅកម្ពុជាមានចំនួន ១២៧គម្រោង ក្នុងទំហំទឹកប្រាក់១.៥៣ប៊ីលានដុល្លារអាមេរិក គិតត្រឹមខែមិថុនា ឆ្នាំ២០២២នេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន CDC នៅថ្ងៃទី២៦ ខែកក្កដានេះ។

នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ CDC និងសហព័ន្ធធុរកិច្ចសិង្ហបុរី (SBF) ការគាំទ្រពីស្ថានទូតសិង្ហបុរីប្រចាំនៅកម្ពុជា និងស្ថានទូតកម្ពុជាប្រចាំនៅសិង្ហបុរី បានរៀបចំសិក្ខាសាលាស្វែងយល់ពីកម្ពុជា៖ «ការយល់ដឹងពីកាលានុវត្តភាពធុរកិច្ចនៅកម្ពុជា»

ក្នុងសេចក្តីប្រកាសព័ត៌មាន សិក្ខាសាលាស្វែងយល់ពីកម្ពុជា៖ «ការយល់ដឹងពីកាលានុវត្តភាពធុរកិច្ចនៅកម្ពុជា» CDC បានលើកឡើងថា «គិតត្រឹមខែមិថុនា ឆ្នាំ២០២២ គម្រោងវិនិយោគរបស់សិង្ហបុរីដែលបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងកំពុងមានប្រតិបត្តិការមានចំនួន១២៧គម្រោង ក្នុងវិស័យទេសចរណ៍ កម្មន្តសាល ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងទៀត ក្នុងទឹកប្រាក់សរុបប្រមាណ១,៥៣ ប៊ីលានដុល្លារអាមេរិក»

សិក្ខាសាលានេះរៀបចំឡើងក្រោមការចូលរួមពី

លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការ CDC បានថ្លែងអំណរគុណដល់វិនិយោគិន និងធុរជនសិង្ហបុរីដែលបានជ្រើសយកកម្ពុជា ក្នុងការបណ្តាក់ទុននាពេលកន្លងមក។

លោកបានថ្លែងថា «បរិស្ថានវិនិយោគនៅកម្ពុជា មានភាពអំណោយផលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់រង់ចាំទទួលការវិនិយោគរបស់សិង្ហបុរី ដើម្បីច្បាមយកនូវកាលានុវត្តភាពដ៏លើសលុប ក្នុងវិស័យកសិចំណីអាហារ, សេវាកម្ម និងកម្មន្តសាល។ ការវិនិយោគសិង្ហបុរីនៅកម្ពុជា ពិតជាមានសារៈសំខាន់ សូមអំពាវនាវឱ្យមានការវិនិយោគកាន់តែច្រើនថែមទៀត ពីវិនិយោគិនសក្តានុពលសិង្ហបុរី ដែលនឹងរួមចំណែកដល់ការស្តារឡើងវិញ និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាបានយ៉ាងឆាប់រហ័ស»។

លោករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ពីសារៈសំខាន់ នៃច្បាប់ស្តីពីវិនិយោគនៃកម្ពុជា ដែលបានអនុម័តកាលពីខែតុលា ឆ្នាំ២០២១ កន្លងទៅ ដែលផ្តល់ការលើកទឹកចិត្ត ដល់វិនិយោគិនដែលអនុវត្តអភិក្រមប្រតិបត្តិធុរកិ ច្ចប្រកបដោយការទទួលខុសត្រូវ និងបរិយាប័ន្នក្នុងការវិនិយោគ និងធុរកិច្ចប្រចាំថ្ងៃរបស់ខ្លួន។

លោក សុខ ខឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសិង្ហបុរី បានលើកឡើងពីយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច ឆ្នាំ២០២១-២០២៣ ដែលបានដាក់ចេញនៅដើមឆ្នាំ២០២១ មានគោលបំណងជំរុញពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងលើកកម្ពស់កម្ពុជាក្នុងឆាកតំបន់ និងអន្តរជាតិ។

លោកបានបញ្ជាក់ថា «មន្ត្រីការទូតកម្ពុជាបាននិងបំពេញការងារ និងពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការជំរុញ និងអនុវត្តយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចនេះ ធ្វើយ៉ាងណាទាក់ទាញការវិនិយោគ និងភ្ញៀវទេសចរមកកម្ពុជាឱ្យកាន់តែច្រើនថែមទៀត»

លោកស្រី តែវ ឡាយឆេង ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជា បានថ្លែងឲ្យដឹងថា សិង្ហបុរីស្ថិតក្នុងចំណោមវិនិយោគិនបរទេសធំជាងគេទាំង៥របស់កម្ពុជា ដោយការវិនិយោគគ្របដណ្តប់លើវិស័យនានារួមមាន អចលនទ្រព្យ, ថាមពល, ពាណិជ្ជកម្មនិងចែកចាយ, ម្ហូបអាហារ/អ្នកប្រើប្រាស់, ការអប់រំ និងហិរញ្ញវត្ថុ។ ប្រទេសទាំងពីរមានការតភ្ជាប់ជើងហោះហើរចំនួន ៣៥ជើង ក្នុងមួយសប្តាហ៍។

ឯកអគ្គរដ្ឋទូតរូបនេះបានបន្ថែមថា កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេស មានកំណើនសេដ្ឋកិច្ចលឿនជាងគេនៅអាស៊ី កម្ពុជាបានងើបចេញពីជំងឺកូវីដ១៩ បន្ទាប់ពីបានសម្រេចដោយជោគជ័យនូវយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ហើយត្រូវបានរំពឹងថា នឹងមានកំណើនសេដ្ឋកិច្ចដែលមានកម្រិតខ្ពស់ដូចមុន។

សូមជម្រាបថា សហព័ន្ធធុរកិច្ចសិង្ហបុរី ជាសភាធុរកិច្ចកំពូល, និងជាស្ថាប័នឈានមុខគេក្នុងការ គាំទ្រផលប្រយោជន៍ សហគមន៍ធុរកិច្ចនៅសិង្ហបុរី លើផ្នែកពាណិជ្ជកម្ម វិនិយោគ និងទំនាក់ទំនងឧស្សាហកម្ម។ ក្នុងកម្រិតជាតិ SBF ធ្វើសកម្មភាពជាស្ពានតភ្ជាប់រវាងរដ្ឋាភិបាល និងធុរកិច្ចនៅសិង្ហបុរី ដើម្បីបង្កើតបរិស្ថានធុរកិច្ចប្រកបដោយភាពអំណោយផល។

ក្នុងកម្រិតអន្តរជាតិ SBF តំណាងសហគមន៍ធុរកិច្ចក្នុងវេទិកាទ្វេភាគី, តំបន់ និងពហុភាគី ក្នុងគោលបំណងពង្រីកបណ្តាញពាណិជ្ជកម្ម និងធុរកិច្ច៕