(ភ្នំពេញ)៖ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងថា រាល់មុខទំនិញ និងឧបករណ៍ជួញដូរបានដែលនាំចូល ពីក្រៅប្រទេសមកលក់នៅកម្ពុជា មិនគួរត្រូវបានចុះបញ្ជីជាកម្មសិទ្ធិបញ្ញា ឬម៉ាក់ពាណិជ្ជកម្មផ្តាច់មុខឡើយ គួរតែធ្វើការប្រកួតប្រជែងដោយស្មើភាពគ្នា ដើម្បីផ្តល់ប្រយោជន៍ដល់អ្នកប្រើប្រាស់ តាមរយៈការប្រកួតប្រជែងថ្លៃ។

តែយ៉ាងនេះក្តី អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលើកឡើងថា ការចុះបញ្ជីម៉ាក ឬកម្មសិទ្ធិបញ្ញាដល់អ្នកនាំចូលទំនិញផ្តាច់មុខនេះ គឺដើម្បីការពារការនាំចូលទំនិញក្លែងក្លាយ គ្មានគុណភាព និងការក្លែងបន្លំម៉ាក។ ម្យ៉ាងទៀត ការផ្តល់សិទ្ធិលក់ផ្តាច់មុខដល់បុគ្គល ឬក្រុមហ៊ុនណាមួយ គឺជាការព្រមព្រៀងរវាងម្ចាស់ផលិតផលនៅក្រៅប្រទេស និងអ្នកទទួលសិទ្ធិចែកចាយផ្តាច់មុខ។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឧកញ៉ា លឹម ហេង យល់ថា ការចុះបញ្ជីជាកម្មសិទ្ធិបញ្ញា ឬម៉ាក់ពាណិជ្ជកម្មផ្តាច់មុខ ដល់ផលិតផល ដែលនាំចូលមកពីក្រៅប្រទេស គឺផ្ទុយនឹងច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ប្រកួតប្រជែងដោយស្មើភាព និងគោលនយោបាយទីផ្សារសេរីនៅកម្ពុជា ហើយក៏អាចប៉ះពាល់ដល់ការធ្វើទំនើបកម្មសេដ្ឋកិច្ចជាតិផងដែរ។ ប៉ុន្តែសម្រាប់ផលិតផលដែលបង្កើត ផលិត ឬដំឡើងក្នុងស្រុក ត្រូវបានការពារដោយច្បាប់ និងលើកទឹកចិត្តតាមរយៈច្បាប់វិនិយោគថ្មី។

លោកបានពន្យល់យ៉ាងដូចច្នេះថា «ការនាំចូលយើងមិនគួរឱ្យមានប្រេនផ្តាច់មុខទេ ព្រោះវាប៉ះពាល់ដល់អ្នកប្រើប្រាស់ និងច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ប្រកួតប្រជែងដោយស្មើភាព ប៉ុន្តែប្រសិនបើប្រេនផលិតក្នុងស្រុកយើង យើងគួរឱ្យគាត់ផ្តាច់មុខ ឬកម្មសិទ្ធិបញ្ញារបស់គាត់។ ករណីដូចការដំឡើងរថយន្តហ្វដអ៉ីចឹង គាត់ដំឡើងមែន តែដំឡើងមានស៊េរីរបស់គាត់ មិនគ្រប់ស៊េរីទាំងអស់ទេ ប៉ុន្តែក្រៅពីស៊េរីដែលគាត់ផលិត តែជាផលិតផលហ្វតដូចគ្នា ដូចជាត្រាក់ទ័រ ឡានដឹកទំនិញ ឡានតូចក៏ដោយ ក៏គេអាចនាំចូលប្រើប្រាស់បានដែរ។ ព្រោះរាល់ថ្ងៃនេះ មានអ្នកកេងចំណេញឱ្យតែម៉ាកអីណាមួយល្អគេទៅចុះបញ្ជីយកភ្លាម អ្នកណានាំចូលក៏អត់បានដែរ បើចង់នាំចូលត្រូវតែបង់ឲ្យគេ ទោះបីជាផលិតផល ឬទំនិញនោះផលិតពីក្រុមហ៊ុនមេតែមួយ ប៉ុន្តែផលិតនៅប្រទេសផ្សេងគ្នា ក៏មិនអាចនាំចូលបានដែរ។ ឧទាហរណ៍ដូចជាគ្រឿងយន្តកសិកម្ម បើយើងនាំចូលមិនបាន បានអីមកអភិវឌ្ឍន៍។ […] ប្រទេសមួយចំនួននៅអាស៊ាន គេមិនឱ្យមានផ្តាច់មុខទេ»

លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់បណ្តាញ Fresh News ថា នៅក្នុងច្បាប់ នៅពេលមានបុគ្គលណាម្នាក់ ឬក្រុមហ៊ុនណាមួយ ដែលបានទទួលសិទ្ធិចែកចាយពីម្ចាស់ម៉ាក (ផលិតផលមកពីក្រៅប្រទេស) ហើយមកស្នើសុំដំកល់កិច្ចសន្យាការលក់ផ្តាច់មុខ នៅក្រសួងពាណិជ្ជកម្ម ក្រសួងចាំបាច់ត្រូវតែចេញលិខិតទទួលស្គាល់ និងតម្កល់ទុកលិខិតនេះក្នុងរយៈពេលណាមួយ ដែលជាសិទ្ធិឯកជនរបស់ម្ចាស់ម៉ាក និងអ្នកទទួលចែកចាយ ។ ដូច្នេះនៅពេលដែលមានបុគ្គលណាមួយរំលោភសិទ្ធិម្ចាស់ទទួលសិទ្ធិចែកចាយ ម្ចាស់ម៉ាកអាចមានសិទ្ធិប្តឹងបាន។ ព្រោះម្ចាស់ម៉ាកមួយចំនួន មិនចង់ឱ្យមានការចែកចាយម៉ាកគេ ដោយអនាធិបតេយ្យ និងដើម្បីរក្សាកេរ្តិ៍ឈ្មោះ និងគុណភាពទំនិញរបស់គេ។

លោកបន្តថា ករណីនេះក៏ចូលរួមចំណែកកាត់បន្ថយទំនិញក្លែងក្លាយ ឬទំនិញបន្លំម៉ាកសញ្ញា ដែលនាំចូលមក ខណៈបញ្ហានេះក៏កំពុងកើតមាននៅក្នុងទីផ្សារកម្ពុជា ដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិអ្នកប្រើប្រាស់ និងប៉ះពាល់ដល់សិទ្ធិម្ចាស់ម៉ាក ។

លោកពន្យល់បន្តថា កម្មសិទ្ធិបញ្ញា គឺជាសិទ្ធិឯកជន នៅពេលដែលម្ចាស់ម៉ាកមកស្មើសុំការពារក្រសួងត្រូវតែការពារ ហើយចំពោះអ្នកទទួលសិទ្ធិនាំចូលផ្តាច់មុខ ដែលដាក់ឯកសារតម្កល់ទំនិញនាំចូលសិទ្ធិផ្តាច់មុខ ក្រសួងត្រូវតែទទួលស្គាល់សិទ្ធិចែកចាយ ក្នុងរយៈពេលកំណត់ណាមួយ ព្រោះម្ចាស់ម៉ាកគេជាអ្នកឱ្យសិទ្ធិទៅបុគ្គលនោះ។

អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «បញ្ហានេះ ក្រសួងមិនមានការហាមឃាត់ទេ ហើយក្រសួងក៏មិនតម្រូវឱ្យបុគ្គល ដែលទទួលសិទ្ធិផ្តាច់មុខនោះ ចាំបាច់ត្រូវតែយកលិខិតតម្កល់ ឬមកចុះក្នុងបញ្ជីម៉ាករបស់ក្រសួងពាណិជ្ជកម្ម គឺអត់ទេ គឺបុគ្គលទាំងអស់នោះ លោកមកស្នើសុំតម្កល់កិច្ចសន្យាការលក់ផ្តាច់មុខ និងចុះម៉ាកនៅក្រសួងពាណិជ្ជកម្ម។ សូមបញ្ជាក់ថា កម្មសិទ្ធិបញ្ញាជាសិទ្ធិឯកជន អ្វីដែលក្រសួងខិតខំធ្វើ គឺទប់ទល់ការពារមិនឱ្យមានការនាំមកទំនិញក្លែងក្លាយ ឬទំនិញខូចគុណភាព។ ប្រសិនបើទំនិញម៉ាកល្បី ត្រូវបាននាំចូលមកដោយអនាធិបតេយ្យ ឬគ្មានការគ្រប់គ្រងច្បាស់លាស់ ពីម្ចាស់ម៉ាកខ្លួនឯង វាពិតណាស់សង្គមយើងនឹងពោរពេញដោយទំនិញក្លែងក្លាយ ឬពោរពេញដោយទំនិញគ្មានគុណភាព ដែលមិនឆ្លើយនឹងតម្រូវការអតិថិជន ឬប៉ះពាល់ដល់សិទ្ធិអ្នកប្រើប្រាស់»

លោកបន្ថែមថា ប៉ុន្តែក្នុងករណីអ្នកនាំចូលម៉ាកទំនិញណាមួយមកលក់នៅកម្ពុជា ហើយមិនបានយកលិខិតស្នើសុំលក់ផ្តាច់មុខ ទៅតម្កល់នៅក្រសួងពាណិជ្ជកម្ម ដើម្បីស្នើសុំឱ្យអាជ្ញាធរមានសមត្ថកិច្ច ដូចជាគណៈកម្មការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ ឬ ក ប ប ការពារនោះទេ នៅពេលមានអ្នកផ្សេងនាំចូលម៉ាកដូចគ្នា ហើយនៅពេលមានការតវ៉ា ឬប្តឹងទៅដល់អ្នកនាំចូលផ្សេងទៀត ក្រសួងនឹងពិបាកក្នុងការចាត់វិធានការ ចំពោះអ្នកនាំចូលក្រោយដូចគ្នា។

លោកបន្តថា បើទោះបីជា មានការនាំចូលទំនិញមកលក់ផ្តាច់មុខក៏ មិនអាចប៉ះពាល់ការឃុបឃិតថ្លៃ ឬការកំណត់តម្លៃនោះទេ ព្រោះ ម្ចាស់ម៉ាកនឹងខិតខំសម្រិតសម្រាំងគុណភាពរបស់ខ្លួន និងដាក់តម្លៃឱ្យសមរម្យនឹងថ្លៃដើមផលិត និងធ្វើយ៉ាងណាឱ្យថ្លៃលក់ធ្លាក់ចុះ ដើម្បីលក់ឱ្យទទួលបានបរិមាណច្រើន។

«ខ្ញុំក៏ទទួលស្គាល់ថា វាមានភាពប្រទាញប្រទង់គ្នា រវាងអ្នកដែលចង់ទទួលបានការប្រកួតប្រជែងដោយសេរី និងម្ចាស់ម៉ាក ដែលចង់ការពារម៉ាករបស់គេដែរ» លោក ប៉ែន សុវិជាតិ លើកឡើងបន្ថែម។

បើតាមអ្នកនាំពាក្យរូបនេះ ការចុះបញ្ជីម៉ាកនឹងផុតកំណត់ រយៈពេល១០ឆ្នាំ ដែលម្ចាស់ម៉ាកត្រូវមកចុះបញ្ជីរំលឹកឡើងវិញម្តងទៀត ប្រសិនបើមិនមកចុះបញ្ជីទេ អ្នកផ្សេងនឹងមានសិទ្ធិប្រើប្រាស់ម៉ាកទំនិញនេះ៕