(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ការចុះអង្កេតដល់ទីតាំងសហគ្រាសទាំងអស់ ដែលកំពុងធ្វើអាជីវកម្ម នៅរាជធានីភ្នំពេញ គឺដើម្បីជំរុញការចុះបញ្ជីពន្ធដារ និងការបង់ពន្ធឱ្យស្មើភាពគ្នា ខណៈអគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា កន្លែងអាជីវកម្មថ្មីៗមួយចំនួន កំពុងប្រកបរបរអាជីវកម្មដោយមិនទាន់បានចុះបញ្ជីពន្ធដារនោះទេ។

លោក គង់ វិបុល បញ្ជាក់បែបនេះ ស្របពេលដែលក្រុមការងារនៃអគ្គនាយកដ្ឋានពន្ធដារ ត្រៀមចុះអង្កេតដល់ទីតាំងសហគ្រាសទាំងអស់ ដែលកំពុងប្រកបអាជីវកម្ម នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ។

លោក គង់ វិបុល បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ការចុះអង្កេតនេះ គឺដើម្បីជំរុញចរន្តនៃការបង់ពន្ធឱ្យស្មើភាពគ្នា រវាងអ្នកប្រកបអាជីវកម្មទាំងអស់ និងបង្កើនការប្រមូលពន្ធឱ្យអស់ពីសក្តានុពល ដើម្បីប្រមូលចំណូលថវិកាជាតិ។

លោកបញ្ជាក់ថា កាលពីឆ្នាំ២០១៦, ២០១៧ និង២០១៨ អគ្គនាយកដ្ឋានពន្ធដារក៏ធ្លាប់ បានចុះអង្កេតម្តងរួចមកហើយ ដោយពិនិត្យឃើញថា កន្លែងប្រកបអាជីវកម្មជាច្រើនមិនទាន់បានមកចុះបញ្ជីពន្ធដារត្រឹមត្រូវនៅឡើយ ហើយថ្មីៗនេះ ទីតាំងអាជីវកម្មមួយចំនួន ដែលបានបើកថ្មី ជាពិសេសរបស់ជនជាតិចិន មិនទាន់បានចុះបញ្ជីពន្ធដាររួចរាល់ស្របតាមច្បាប់នៅឡើយទេ។

លោកបានគូសបញ្ជាក់បន្តថា «ឥឡូវនេះដើម្បីពង្រឹងបន្ថែមទៀត មានអ្នកចុះបញ្ជីថ្មីខ្លះដែរ និងក៏មានអ្នកបើកអាជីវកម្មថ្មីដែលមិនទាន់បានចុះបញ្ជីបានត្រឹមត្រូវ ឧទាហរណ៍ករណីជនជាតិចិន ដែលមកបើក ហាង ម៉ាត ឬកន្លែងលក់ចាប់ហួយមួយចំនួន នៅតាមបណ្ដាខណ្ឌនានា ដែលអគ្គនាយកដ្ឋានពន្ធដារពិនិត្យឃើញថាមិនទាន់បានចុះបញ្ជីពន្ធដារនៅឡើយទេ។ គាត់បើកអាជីវកម្មហើយមិនទាន់បង់ពន្ធ ទើបយើងចុះទៅពង្រឹងបន្ថែម តាមរយៈការផ្ដល់សេវាចុះបញ្ជីពន្ធដារជូនពួកគាត់ដល់ទីតាំង។ នេះក៏ជាផែនការយុទ្ធសាស្រ្តមួយរបស់អគ្គនាយកដ្ឋាន ដែលយើងធ្វើឡើងក្នុងគោលដៅកៀងគរអ្នកជាប់ពន្ធ ឱ្យចូលមកក្នុងប្រព័ន្ធផ្លូវការរបស់រដ្ឋបាលសារពើពន្ធ»

យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ គោលបំណងនៃការចុះអង្កេតនេះ ក្រៅពីពង្រឹងការប្រកួតប្រជែងដោយស្មើភាព និងពង្រឹងអនុលោមភាពសារពើពន្ធដោយស្ម័គ្រចិត្ត ក៏ដើម្បីផ្តល់សេវាចុះបញ្ជីពន្ធដារ ឱ្យកាន់តែងាយស្រួលជូនអ្នកជាប់ពន្ធដល់ទីតាំងសហគ្រាសជាក់ស្តែង និងប្រមូលព័ត៌មានអំពីសហគ្រាសរួមមាន អត្តសញ្ញាណម្ចាស់សហគ្រាស សកម្មភាពអាជីវកម្ម និងព័ត៌មានផ្សេងៗ សម្រាប់គាំទ្រនិងចូលរួមចំណែកដល់ការកែលម្អបរិយាកាសធុរកិច្ចនៅកម្ពុជាឱ្យកាន់តែល្អប្រសើរឡើង។ ប្រសិនបើពិនិត្យឃើញថា កន្លែងប្រកបអាជីវកម្មណាមួយ មិនទាន់បានចុះបញ្ជីពន្ធ មន្រ្តីនៃអគ្គនាយកដ្ឋានពន្ធដារ នឹងចុះផ្ដល់សេវាចុះបញ្ជីជូនពួកគេនៅកន្លែងទីតាំងផ្ទាល់តែម្តង។

អគ្គនាយកដ្ឋានពន្ធដារបញ្ជាក់ថា ក្នុងករណីសហគ្រាស ដែលបានចុះបញ្ជីពន្ធដាររួចរាល់ គួរត្រៀមឯកសារថតចម្លងមួយចំនួនដូចជា ប័ណ្ណពន្ធប៉ាតង់ (ឆ្នាំចុងក្រោយ) ឬវិញ្ញាបនបត្រចុះបញ្ជីពន្ធដារ ឬប័ណ្ណសម្គាល់ការចុះបញ្ជីពន្ធដារ ឬបង្កាន់ដៃបញ្ជាក់ការបង់ប្រាក់ពន្ធ ឬលិខិតបញ្ជាក់សាខាសហគ្រាស (ករណីជាសាខាសហគ្រាស)។

ក្នុងករណីសហគ្រាសដែលមិនទាន់ចុះបញ្ជីពន្ធដារ គួរត្រៀមឯកសារថតចម្លងមួយចំនួនដូចជាអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ឬលិខិតឆ្លងដែនរបស់ម្ចាស់សហគ្រាស ឬអ្នកតំណាង និងលិខិតបញ្ជាក់ការចុះបញ្ជី ឬលិខិតអនុញ្ញាតបើកអាជីវកម្ម ពីមន្ទីរ ឬក្រសួង ឬស្ថាប័នពាក់ព័ន្ធ (ប្រសិនបើមាន)៕